ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់​បែក​អត្តឃាត​២​នៅ​ស៊ីរី​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​១៩​នាក់


នៅ​ក្នុង​រូប​ថត​ផ្តល់​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ស៊ីរី បង្ហាញ​ពីកង​ទាហាន​ស៊ីរី​និង​ប្រជាជន​ពិនិត្យ​កន្លែង​ផ្ទុះ​នៃ​គ្រាប់​បែក​អត្តឃាត​ពីរ​កន្លែង​ក្នុង​ទីក្រុង​ Homs នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​
នៅ​ក្នុង​រូប​ថត​ផ្តល់​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ស៊ីរី បង្ហាញ​ពីកង​ទាហាន​ស៊ីរី​និង​ប្រជាជន​ពិនិត្យ​កន្លែង​ផ្ទុះ​នៃ​គ្រាប់​បែក​អត្តឃាត​ពីរ​កន្លែង​ក្នុង​ទីក្រុង​ Homs នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

ការ​បំផ្ទុះ​គ្រាប់​បែក​ពីរ​នៅ​ក្នុង​ក្រុង​ Homs នៃ​ប្រទេស​ស៊ីរី​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៩​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​ពេល​ក្រុម​មនុស្ស​នៅ​ជិត​ខាង​បាន​មក​មើល​ការ​ខូចខាត​ដោយ​ការ​ផ្ទុះ​ទី​មួយ។

ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់​ al-Zahraa នៃ​ក្រុង Homs ដែល​ស្ថិត​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ទីក្រុង។​ គេ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ​អំពី​ចំនួនពិត​ប្រាកដ​នៃ​អ្នក​បាត់បង់​ជីវិត​ ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មានរបស់​រដ្ឋ​នៃ​ប្រទេសស៊ីរី​រាយ​ការណ៍​ថា​មនុស្ស​១៩​នាក់​បាន​ស្លាប់​ ហើយ​អង្គការ​ Syrian Observatory for Human Rights បាន​និយាយ​ថា​មាន​មនុស្ស​បាត់បង់​ជីវិត​៣២នាក់។ ​មានមនុស្សច្រើន​នាក់ទៀត​បាន​ត្រូវរបួស។

នេះ​ជា​ការ​វាយ​ប្រហារ​ធំ​លើក​ទី​ពីរ​នៅ​ក្នុង​ក្រុង Homs ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​ភាគី​ច្បាំង​គ្នា​បាន​ចូល​ជា​ធរមាន​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​ ដែល​បាន​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាលចូល​កាន់​កាប់​តំបន់​ចុង​ក្រោយ​បង្អស់​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ក្រុងនេះ។

នៅ​ពេល​ជា​មួយ​គ្នានេះ​ ការជម្លៀស​មនុស្ស​ចេញ​ពី​ក្រុង​បី​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​ធ្វើ​ នៅ​ក្រោយ​មាន​កិច្ចព្រមព្រៀង​ខាង​មនុស្សធម៌​មួយ​គាំទ្រ​ដោយ​អ.ស.ប.​ត្រូវ​បាន​សម្រេច​កាល​ពី​ខែកញ្ញា​រវាង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​រដ្ឋបាល​របស់​ប្រធានាធិបតី​ Bashar al-Assad៕​

XS
SM
MD
LG