ប្រភពឃ្លាំមើល និងសន្តិសុខនិយាយថា ផែនការសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសពួកសង្រ្គាមសាសនារាប់ពាន់នាក់នៅក្រោមការឡោមព័ទ្ធនៅតំបន់ជិតរដ្ឋធានីនៃប្រទេសស៊ីរី បានត្រូវពន្យាពេល បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមឧទ្ទាម ដែលប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសុក្រ ដែលមេដឹកនាំរូបនោះនឹងត្រូវធ្វើការធានាសុវត្ថិភាពដល់ពួកជនសកម្មប្រយុទ្ធ។
ការជម្លៀសពួកជ្រុលនិយមរដ្ឋឥស្លាម និងក្រុមគ្រួសាររបស់ពួកគេ ៤.០០០នាក់ចេញពីតំបន់ទីក្រុងដាម៉ាសភាគខាងត្បូង ត្រូវបានគេរំពឹងធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍។ ក៏ប៉ុន្តែ អង្គការសិទ្ធិមនុស្ស Syrian Observatory ដែលមានទីតាំងក្នុងប្រទេសអង់គ្លេស បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនោះ បានត្រូវជាប់គាំងប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំក្រុមឧទ្ទាម លោក Zahran Alloush បានត្រូវសម្លាប់កាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារតាមអាកាសនៅជិតរដ្ឋធានីដាម៉ាស។
ពួកអ្នកឃ្លាំមើលនិយាយថា លោក Alloush បានប្រុងប្រៀបធានាឲ្យមានច្រកសុវត្ថិភាពចេញពីរដ្ឋធានីដាម៉ាសទៅកាន់ទីក្រុង Raqqa ដែលជាទីតាំងដ៏រឹងមាំរបស់ក្រុមរដ្ឋឥស្លាម ដែលជាផ្នែកមួយនៃផែនការរបស់អង្គការសហប្រជាជាតិក្នុងគោលបំណងបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល៥ឆ្នាំ ដែលបានបំផ្លាញប្រទេសស៊ីរី។
សេចក្តីលម្អិតនៃការស្លាប់របស់លោក Alloush ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយកាលពីថ្ងៃសៅរ៍ ថ្វីបើមានសេចក្តីរាយការណ៍ថា កងកម្លាំងយោធារបស់រដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad បានសម្លាប់លោកនៅក្នុងការវាយប្រហារតាមអាកាសក៏ដោយ។
កិច្ចព្រមព្រៀងជម្លៀសមនុស្ស គឺជាលើកទីមួយរវាងរដ្ឋាភិបាលលោក Assad និងក្រុមរដ្ឋឥស្លាម ហើយគេមិនទាន់ច្បាស់នៅឡើយតើការជម្លៀសមនុស្សនោះនឹងធ្វើឡើងនៅពេលណាទៀតទេ។
មនុស្សជាង ២៥០.០០០នាក់ បានស្លាប់នៅក្នុងជម្លោះនោះ ដែលបានបង្ខំមនុស្សជាង៤លាននាក់ឲ្យរត់គេចចេញពីប្រទេសចាប់តាំងពីសង្គ្រាមនោះបានចាប់ផ្តើមនៅឆ្នាំ២០១១ មក៕