នៅរយៈពេលប្រមាណមួយខែ រដ្ឋាភិបាលនៃលោកប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី និងក្រុមប្រឆាំង គ្រោងជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សឺណែវ ដើម្បីធ្វើការចរចាស្វែងរកសន្តិភាព ក៏ប៉ុន្តែមានអារម្មណ៍មួយរួចជាស្រេចទៅហើយថា កិច្ចពិភាក្សាគ្នាដែលគាំទ្រដោយស.រ.អានោះនឹងទទួលបរាជ័យ។ បើតាមក្រុមមន្ត្រីស៊ើបការសម្ងាត់ និងមន្ត្រីយោធា គោលនយោបាយស.រ.អាមិនបានគិតគូរអំពីស្ថានការណ៍ជាក់ស្តែងយ៉ាងស្មុគ្រស្មាញនៅក្នុងប្រទេសស៊ីរីឡើយ។
«ខ្ញុំមិនបានឃើញសញ្ញាណាមួយដែលបង្ហាញថា ស.រ.អាមានផែនការច្បាស់លាស់មួយ ដើម្បីធ្វើការជាមួយបណ្តារដ្ឋបរាជ័យទេ»។ នេះជាសម្តីរបស់អតីតនាយកទីភ្នាក់ងារស៊ើបការសម្ងាត់ (CIA) លោក James Woolsey ទៅកាន់ VOA។ លោកបន្ថែមទៀតថា «ខ្ញុំមិនគិតថារដ្ឋបាលអូបាម៉ាបានបង្កើតផែនការនេះទេ»។
លោក Woolsey និងអ្នកឯទៀត ចង្អុលទៅបញ្ជីមួយដែលកាន់តែវែងទៅៗ នូវបណ្តារដ្ឋដែលគេហៅថា រដ្ឋបរាជ័យនៅមជ្ឈឹមបូព៌ា និងនៅកន្លែងផ្សេងទៀត ដែលស្ថាប័នគ្រប់គ្រងអំណាចបានដួលរលំ ហើយប្រហោងអំណាច ត្រូវបំពេញដោយក្រុមផ្សេងៗ ដែលមានគោលដៅផ្សេងៗគ្នា។
«គ្មានស៊ីរី ឬ អ៊ីរ៉ាក់ទេ» នេះជាសម្តីរបស់នាយកស៊ើបការណ៍សម្ងាត់នៃរដ្ឋាភិបាលតំបន់ Kurdistan លោក Lahur Talabani ដែលបានជជែកក្នុងកិច្ចសម្ភាសន៍មួយជាមួយ VOA ថា ការលេចចេញមករបស់ពួកក្រុមភេរវកម្មរដ្ឋឥស្លាមបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសទាំងពីរនេះ។ លោកបានថ្លែងថាក្រុមរដ្ឋឥស្លាមក្នុងតំបន់នេះបានដកចោលទល់ដែនទាំងឡាយដែលមានពីមុនមកនោះ៕