ប្រភពក្រុមឧទ្ទាមស៊ីរី និងក្រុមសកម្មជននិយាយថាលោក Zahran Alloush មេដឹកនាំនៃក្រុមបះបោរមួយក្នុងបណ្តាក្រុមបះបោរមានកម្លាំងបំផុតនៅក្នុងតំបន់ជាយក្រុងដាម៉ាស (Damascus) ដែលកាន់កាប់ដោយក្រុមឧទ្ទាមត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយតាមអាកាស។
ក្រុមប្រឆាំង និងអង្គការ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបាននិយាយថាលោក Alloush និងសមាជិកសំខាន់ខ្លះនៃអង្គការកងទ័ពឥស្លាមត្រូវបានសម្លាប់នៅក្នុងការឆ្មក់វាយប្រហារតាមអាកាសដែលបានយកទីស្នាក់ការធំនៃក្រុមនេះនៅក្នុងសង្កាត់ Ghouta នាប៉ែកខាងកើតនៃក្រុងនេះជាទីដៅនៃការវាយប្រហារ។
របាយការណ៍ដំបូងៗបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយកងយន្តហោះចម្បាំងរុស្សី។
ប្រទេសរុស្សីដែលជាសម្ព័ន្ធមិត្តមួយរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad បានសម្លាប់ក្រុមមេដឹកនាំមួយចំនួននៃក្រុមឧទ្ទាមចាប់តាំងពីរុស្សីបានចាប់ផ្តើមធ្វើយុទ្ធនាការតាមអាកាសធំមួយនៅក្នុងប្រទេសស៊ីរីកាលពីបីខែកន្លងទៅនេះ។ កងយន្តហោះចម្បាំង និងកងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់រដ្ឋាភិបាលស៊ីរីក៏បានវាយប្រហារញឹកញាប់លើតំបន់ជាយក្រុងដាម៉ាសដែលកាន់កាប់ដោយក្រុមប្រឆាំងដែរ។ រដ្ឋធានីដាម៉ាសជាសំបុកមួយរបស់លោក Assad។ អង្គការកងទ័ពឥស្លាមដែលមានយុទ្ធជនទទួលការហ្វឹកហ្វឺនរាប់ពាន់នាក់បានត្រូវចាត់ទុកថាជាក្រុមឧទ្ទាមមួយក្នុងបណ្តាក្រុមឧទ្ទាមធំបំផុត និងមានការចាត់ចែងល្អក្នុងប្រទេសស៊ីរី៕