ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ម្តងទៀតគំរាមកំហែងបញ្ឈប់សេវាកម្មរបស់ខ្លួនទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ឬ International Space Stationហៅកាត់ថា ISS។ ប្រធានអវកាសរុស្ស៊ីរូបនេះនិយាយថា រុស្ស៊ីនឹងឈប់ផ្តល់ម៉ាស៊ីនរ៉ុក្កែតឱ្យស.រ.អ. ហើយប្រហែលបន្ថយកិច្ចសហការនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ជាការសងសឹកដល់ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារអវកាសស.រ.អ. NASA និយាយថាកិច្ចប្រតិបត្តិការនៅក្នុងស្ថានីយ៍នេះមានភាពធម្មតា។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែមីនា លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយដោយពិចារណាអំពីស្ថានការណ៍ថា «យើងមិនអាចផ្តល់ម៉ាស៊ីនរ៉ុក្កែតល្អបំផុតក្នុងពិភពលោករបស់យើងឱ្យស.រ.អ.ទេ។ ឱ្យពួកគេហោះតាមអ្វីទៀតទៅ ប្រើអំបោសទិព្វពួកគេទៅ ខ្ញុំមិនដឹងទេ»។
លោក Rogozin បាននិយាយថារុស្ស៊ីបានផ្តល់ម៉ាស៊ីនធុន RD-180 ចំនួន១២២គ្រឿងឱ្យស.រ.អ.ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលក្នុងនោះម៉ាស៊ីន៩៨គ្រឿងត្រូវបានប្រើដើម្បីសម្រាប់បង្ហោះយានអវកាស Atlas។ សារព័ត៌មាន Washington Post រាយការណ៍ថាម៉ាស៊ីនទាំងនេះ ក៏ត្រូវបានប្រើដែរដោយសម្ព័ន្ធភាព United Launch Alliance ដែលជាការរកស៊ីរួមគ្នារវាងក្រុមហ៊ុន Lockheed Martin និង Boeing សម្រាប់បង្ហោះបេសកកម្មសន្តិសុខជាតិឲ្យក្រសួងការពារជាតិស.រ.អ.។
រុស្ស៊ីបាននិយាយថា ខ្លួននឹងឈប់ផ្តល់ម៉ាស៊ីន RD-181 ប្រើក្នុងរ៉ុក្កែត Antares របស់ក្រុមហ៊ុន Northrop Grumman ដែលដឹកឥវ៉ាន់និងការផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។
លោក Rogozin សរសេរសារ Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនាថា ពួកអ្នកអវកាសរុស្ស៊ីក៏នឹងមិនសហការជាមួយប្រទេសអាល្លឺម៉ង់ក្នុងការពិសោធន៍រួមគ្នាលើផ្នែករបស់រុស្សីនៃស្ថានីយ៍អវកាសអន្តរជាតិទេ។ ទីភ្នាក់ងារ Roscosmos នឹងធ្វើការពិសោធន៍ទាំងអស់ដោយខ្លួនឯង។ លោកបានថ្លែងទៀតថា«កម្មវិធីអវកាសរុស្ស៊ីនឹងសម្របសម្រួលតាមហេតុការណ៍នៃការដាក់ទណ្ឌកម្មទាំងនេះ ហើយអាទិភាពគឺការបង្កើតផ្កាយរណបសម្រាប់ការពារប្រទេស»។
កាលពីដើមសប្តាហ៍ទីមួយនៃខែមីនា នៅក្នុងបទសម្ភាសន៍មួយទៀតជាមួយទូរទស្សន៍រដ្ឋ លោក Rogozin បានកត់សម្គាល់ថា រុស្ស៊ីទទួលខុសត្រូវដល់ការហោះហើរនៃស្ថានីយ៍អវកាសនេះ និងដល់ការផ្តល់ប្រេងឥន្ធនៈសម្រាប់ស្ថានីយ៍នេះដែរ។ លោកបានពោលថា ទីភ្នាក់ងារ Roscosmos «នឹងតាមមើលដិតដល់សកម្មភាពរបស់ពួកដៃគូអាមេរិកាំងរបស់យើងហើយ ប្រសិនបើពួកគេបន្តមានអរិភាពតទៅទៀត យើងនឹងដាក់កំហិតនៃការលែងមានស្ថានីយ៍អវកាសអវកាសតទៅទៀត»។
រុស្ស៊ីបានប្រកាសកាលពេលមុននេះថា ខ្លួនផ្អាកកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបក្នុងការបង្ហោះទៅអវកាសពីកន្លែងបង្ហោះ Kourou ក្នុងតំបន់ Guiana របស់បារាំង ជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេស។
កិច្ចសហការក្នុងអវកាសបានចៀសវាងមិនទាក់ទិននឹងនយោបាយយូរយាមកហើយ ហើយនៅពេលត្រូវបានសាកសួរកាលពីថ្ងៃអង្គារ ទី១ ខែមីនា នៅក្នុងការប្រជុំមួយនៃក្រុមប្រឹក្សាផ្តល់យោបល់របស់ NASA លោក Bill Nelson ប្រធានអង្គការ NASA បានមានប្រសាសន៍ថា «ទោះជាមានឧបសគ្គនៅលើដីច្រើនក្រាស់ក្រែលក៏ដោយ ក៏ NASA បន្តទំនាក់ទំនងធ្វើការងារជាមួយពួកដៃគូអន្តរជាតិទាំងអស់របស់យើង ដើម្បីធ្វើឱ្យប្រាកដអំពីសុវត្ថិភាពពួកគេនិងកិច្ចប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃស្ថានីយ៍អវកាសអន្តរជាតិផងដែរ»។
ព័ត៌មានខ្លះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។