មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធថា តួកគីបានចេញលិខិតឆ្លងដែនដល់សមាជិកក្រុម Hamas ដែលមន្ត្រីការទូតរូបនោះបានហៅទង្វើនេះថា «ជាជំហរអមិត្តមួយ» ហើយដែលរដ្ឋាភិបាលអ៊ីស្រាអែលនឹងលើកយកបញ្ហានេះមកពិភាក្សាជាមួយមន្ត្រីរបស់ប្រទេសតួកគី។
ភារធារីស្ថានទូតអ៊ីស្រាអែលប្រចាំតួកគី លោក Roey Gilad បានលើកឡើងថា រដ្ឋាភិបាលអ៊ីស្រាអែលធ្លាប់បានប្រាប់ប្រទេសតួកគីក្នុងពេលកន្លងមកថា ក្រុម Hamas ជាអ្នកធ្វើសកម្មភាពភេរវកម្មមួយចំនួនក្នុងទីក្រុងអ៊ីស្តង់ប៊ូល ប៉ុន្តែប្រទេសតួកគីមិនបានចាត់វិធានការណាមួយនោះទេ។
ទោះបីជាអ៊ីស្រាអែលនិងតួកគីមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយគ្នាយ៉ាងណាក្តី ក៏ប្រទេសទាំងពីរបានប្រទាំងប្រទើសគ្នាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ ដោយបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសនីមួយៗក្នុងឆ្នាំ២០១៨។
ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានថ្កោទោសប្រទេសអ៊ីស្រាអែលជាញឹកញាប់ចំពោះការកាន់កាប់តំបន់ West Bank និងការប្រព្រឹត្តរបស់ខ្លួនទៅលើជនជាតិប៉ាឡេស្ទីន។
មន្ត្រីការទូតអ៊ីស្រាអែលលោក Gilad និយាយថា អ៊ីស្រាអែលមានភស្តុតាង ដែលថាប្រទេសតួកគី បានចេញលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណដល់សមាជិកនៃក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza។ ក្រុម Hamas ត្រូវបានអាមេរិក អ៊ីស្រាអែល និងសហភាពអឺរ៉ុបចាត់ទុកជាក្រុមភេរវកម្ម៕