របាយការណ៍មួយរបស់អង្គការសហប្រជាជាតិព្រមានថា ដែនដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលកាន់កាប់ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសង្គមមួយ ដែលហៀបនឹងដួលរលំ។
សេដ្ឋកិច្ចវិទូនានានៃអង្គការសហប្រជាជាតិព្រមានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅដែនដីប៉ាឡេស្ទីនថា មានសភាពកាន់តែអាក្រក់ឡើងនិងដល់ចំណុចមួយដែលត្រូវកែប្រែស្ថានការណ៍នេះ។
សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានចេញរបាយការណ៍ថា សេដ្ឋកិច្ចប៉ាឡេស្ទីនកើនឡើងតិចជាង១%កាលពីឆ្នាំមុន។ របាយការណ៍នេះក៏បញ្ជាក់ថា នៅតំបន់ West Bank សេដ្ឋកិច្ចកើនឡើង៣% ប៉ុន្តែសេដ្ឋកិច្ចនៅតំបន់ កាហ្សា បានថយចុះ៧%។
លោក Mahmoud Elkhafif គឺជាអ្នកសម្របសម្រួលនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ ទទួលបន្ទុកផ្នែកជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន។ លោកបានថ្លែងថា អត្រាគ្មានការងារធ្វើនៅតំបន់ កាហ្សា បានកើនឡើងរហូតដល់លើសពី៥០%។
លោក Elkhafif បានថ្លែងថា៖
«អត្រាគ្មានការងារធ្វើដ៏ខ្ពស់នេះធ្វើឲ្យភាពក្រីក្រកើនឡើង។ ម្នាក់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនពីរនាក់នៅដែនដីប៉ាឡេស្ទីន កំពុងត្រូវការជំនួយមនុស្សធម៌។ អត្រាភាពក្រីក្រកើនឡើងរហូតដល់២៩%។ ការពិត អត្រាភាពក្រីក្រនៅតំបន់កាហ្សាមានរហូតដល់៥៣%»។
លោក Elkhafif បានថ្លែងទៀតថា ការហាមឃាត់របស់អ៊ីស្រាអែលនៅតំបន់ កាហ្សា អស់រយៈ១២ឆ្នាំ កំពុងតែរារាំងមិនឲ្យសេដ្ឋកិច្ចនៅតំបន់នេះអភិវឌ្ឍបាន។ លោកថ្លែងថា ស្ថានភាពនេះកាន់តែអាក្រក់ឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែប្រាក់ដែលអាជ្ញាធរជាតិប៉ាឡេស្ទីនប្រើប្រាស់ដើម្បីផ្ទេរទៅតំបន់ កាហ្សា បានថយចុះយ៉ាងខ្លាំង។
លោកបានលើកឡើងបន្ថែមទៀតថា ការថយចុះការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ជំនួយក៏កំពុងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប៉ាឡេស្ទីនផងដែរ។ លោកបាននិយាយថា សេដ្ឋកិច្ចនៃតំបន់នេះកំពុងតែបន្ដធ្លាក់ចុះដោយសារតែការហាមឃាត់របស់អ៊ីស្រាអែលទៅលើការនាំចូលផលិតផលនានា ដែលអាជ្ញាធរអ៊ីស្រាអែលចាត់ទុកថាជាទំនិញបច្ចេកវិទ្យាសំខាន់សម្រាប់ប្រើប្រាស់ទាំងក្នុងមុខងារយោធានិងមិនមែនយោធា និងជាទំនិញពាក់កណ្ដាលសម្រេច។
លោក Elkhafif បានថ្លែងយ៉ាងដូច្នេះថា៖
«អ៊ីស្រាអែលអះអាងថា បញ្ជីឈ្មោះហាមឃាត់មុខទំនិញនេះអាចមានទំនិញដែលមិនប្រើប្រាស់ក្នុងផ្នែកយោធា ដូច្នេះប៉ាឡេស្ទីនមិនអាចនាំចូលបានទេ។ ទំនិញទាំងនោះរួមមានទាំងទួរណឺវីស និងឧបករណ៍ដទៃទៀត។ ដូច្នេះអ្នកអាចមើលឃើញហើយថា ហេតុអ្វីបានជាសេដ្ឋកិច្ចរបស់ប៉ាឡេស្ទីនត្រូវពឹងផ្អែកទាំងស្រុងលើសេដ្ឋកិច្ចរបស់អ៊ីស្រាអែលនោះ»។
លោក Elkhafif មានប្រសាសន៍ថា សេដ្ឋកិច្ចប៉ាឡេស្ទីនពឹងផ្អែកលើអ៊ីស្រាអែល។ លោកថា ប៉ាឡេស្ទីននាំចេញទំនិញទៅអ៊ីស្រាអែលចំនួន៨០% ហើយអ៊ីស្រាអែលនាំចូលទំនិញទៅប៉ាឡេស្ទីនចំនួន៥៨%។
របាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍបានឲ្យដឹងថា ការកាន់កាប់របស់អ៊ីស្រាអែលបានរារាំងពលរដ្ឋប៉ាឡេស្ទីនមិនឲ្យផលិតប្រេងនិងធនធានឧស្ម័នធម្មជាតិនៅតំបន់ កាហ្សា និងតំបន់ West Bank។ គេប៉ាន់ស្មានថា ការខាតបង់មានតម្លៃជាទឹកប្រាក់រហូតដល់រាប់ពាន់លានដុល្លារ។
ប្រទេសអ៊ីស្រាអែលនិងអេហ្ស៊ីបបានដាក់ការហាមឃាត់ទៅលើតំបន់ កាហ្សា កាលពីឆ្នាំ២០០៧ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hamas ដែលអំពាវនាវឲ្យមានការបំផ្លាញប្រទេស អ៊ីស្រាអែល ឡើងកាន់កាប់ដែនដីនេះ។
អាជ្ញាធរអ៊ីស្រាអែលនិយាយថា ការហាមឃាត់នេះគឺចាំបាច់ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល ពីការវាយប្រហារភេរវកម្ម ការវាយប្រហារដោយរ៉ុកកែត និងសកម្មភាពវាយប្រហារដទៃទៀត តាមរយៈការហាមឃាត់មិនឲ្យនាំចូលទៅក្នុងតំបន់កាហ្សានូវទំនិញណា ដែលអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាប្រឆាំងនឹងអ៊ីស្រាអែល៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា