រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានព្រមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាលពីថ្ងៃសុក្រថា ការស៊ើបអង្កេតរបស់តុលាការនេះប្រឆាំងនឹងប្រទេសអ៊ីស្រាអែលនឹងមានផលវិបាក។
ការព្រមានរបស់លោក Pompeo នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋអាជ្ញាតុលាការ ICC នេះ បានសម្រេចចាត់ទុកប៉ាឡេស្ទីនថាជារដ្ឋមួយ ដែលមានសមត្ថភាពដាក់ពាក្យបណ្ដឹង ដែលអាចឈានដល់ការស៊ើបអង្កេតអំពីការចោទប្រកាន់ករណីឧក្រិដ្ឋកម្មសង្គ្រាម ដែលប៉ាឡេស្ទីនបានអះអាងថា អ៊ីស្រាអែលបានប្រព្រឹត្តនៅក្នុងតំបន់ West Bank និងតំបន់ Gaza Strip។
លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិក «ជឿថា ប៉ាឡេស្ទីនមិនមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការក្លាយជារដ្ឋអធិបតេយ្យនោះទេ»។
លោក Pompeo បានបន្ថែមថា៖ «សហរដ្ឋអាមេរិកបញ្ជាក់សារជាថ្មីអំពីការជំទាស់ជាយូរមកហើយរបស់ខ្លួនចំពោះការស៊ើបអង្កេតខុសច្បាប់ណាមួយរបស់តុលាការ ICC។ ប្រសិនបើតុលាការ ICC នៅតែបន្តធ្វើដូច្នេះ នោះនឹងមានផលវិបាកជាមិនខាន»។
កាលពីថ្ងៃពុធ ក្រុមសមាជិករដ្ឋសភា និងព្រឹទ្ធភាមកពីគណបក្សទាំងពីរបានផ្ញើលិខិតផ្សេងគ្នាទៅកាន់លោក Pompeo ដោយជំរុញឲ្យលោកការពារប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការស៊ើបអង្កេតរបស់តុលាការ ICC។ សមាជិកសភាទាំងនេះអះអាងថា ការអះអាងរបស់តុលាការ ICC ស្មើនឹងការធ្វើឲ្យគោលបំណងរបស់តុលាការនេះទៅជាបញ្ហានយោបាយ។
ប្រធានរដ្ឋអាជ្ញាតុលាការ ICC អ្នកស្រី Fatou Bensouda បាននិយាយកាលពីចុងឆ្នាំមុនថា ការស៊ើបអង្កេតជាច្រើនឆ្នាំរបស់អ្នកស្រីលើកិច្ចការប៉ាឡេស្ទីន បានផ្ដល់នូវ «មូលដ្ឋានសមហេតុសមផលនៅក្នុងការជឿជាក់ថា ឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះគឺប្រព្រឹត្តឡើងដោយអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីនមួយចំនួនដូចជាក្រុម Hamas ជាដើម»៕