ការចរចានយោបាយកម្រិតខ្ពស់បានចាប់ផ្តើមកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលអាចកំណត់ថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្លាក់ចូលក្នុងការបិទរដ្ឋាភិបាលមួយផ្នែកទៀតកើតមាននៅពាក់កណ្តាលខែកុម្ភៈដែរឬទេ។
ក្រុមរបស់សមាជិកព្រឹទ្ធសភានិងសភាតំណាងរាស្រ្តរបស់គណបក្សទាំង២ នឹងព្យាយាមធ្វើការសម្របសម្រួលអំពីថវិកាសន្តិសុខព្រំដែន ជាបញ្ហាដ៏សំខាន់មួយនៃការបិទរដ្ឋាភិបាលរយៈពេល៣៥ថ្ងៃ ដែលបានបញ្ចប់កាលពីសប្តាហ៍មុន ដែលជារយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។
ក្រុមអ្នកចរចាមានពេលវេលារហូតដល់ថ្ងៃទី១៥ ខែកុម្ភៈដើម្បីស្វែងរកដំណោះស្រាយ បើពុំដូច្នេះទេ នឹងប្រឈមការបិទរដ្ឋាភិបាលម្តងទៀត។
រដ្ឋាភិបាលបានបើកឡើងវិញបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង បានព្រមព្រៀងធ្វើការឆ្ពោះទៅកាន់ការសម្របសម្រួលលើបញ្ហាសន្តិសុខព្រំដែន។ ក៏ប៉ុន្តែ នៅពេលដែលគណៈ កម្មាធិការសន្និសីទសភាបានចាប់ផ្តើមធ្វើការងាររបស់ខ្លួនកាលពីថ្ងៃពុធ ប្រធានាធិបតីត្រាំ បានផ្ញើរសារតាមប្រព័ន្ធ Twitter ដោយបានធ្វើការព្រមានគណៈកម្មាធិការនោះថា ពួកគេ នឹងខ្ជះខ្ជាយពេលវេលារបស់ខ្លួន ប្រសិនបើ មិនមានការពិភាក្សាពី «របង ឬជញ្ជាំងនោះទេ»។
ក្នុងសេចក្តីប្រកាសនៃការបញ្ចប់ការបិទរដ្ឋាភិបាលកាលពីថ្ងៃសប្តាហ៍មុន ប្រធានាធិបតីត្រាំ បានព្រមានពីឧបសគ្គកាន់តែច្រើនឡើងនៅពេលខាងមុខ ប្រសិនបើ លោកមិនបានទទួលថវិកាសម្រាប់របងនៅតាមព្រំដែនទេនោះ៕