បើទោះបីជាលោក Donald Trump បានធ្វើការរិះគន់ទៅលើពលរដ្ឋវៀតណាមថាបានដណ្តើមការងាររបស់ពលរដ្ឋអាមេរិកាំងក៏ដោយ ក៏លោក Trumpដែលជាបេក្ខជននាំមុខរបស់គណបក្សសាធារណរដ្ឋកំពុងជំរុញទឹកចិត្តមនុស្សខ្លះនៅក្នុងប្រទេសមួយដែលស្ថិតនៅយ៉ាងឆ្ងាយពីអាមេរិក។
អ្នកគាំទ្រលោក Trump នៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាការនឹកស្មានមិនដល់នោះ សង្ឃឹមថាវោហារសាស្ត្រប្រឆាំងនឹងចិនរបស់លោកអាចបញ្ឈប់ការពង្រីកទឹកដីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមកំពុងធ្វើការទាមទារទឹកដីត្រួតគ្នាជាមួយនឹងប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោក។
លោក Nguyen Dinh Thieu បានប្រាប់ VOA ភាសាវៀតណាមថា លោកសង្ឃឹមថា មហាសេដ្ឋីរូបនេះនឹងចាត់វិធានការយោធានិងវិធានការសេដ្ឋកិច្ចដើម្បីធ្វើឲ្យប្រទេសចិនទន់ខ្សោយ បន្ធូរបន្ថយជម្លោះដែនទឹក ហើយយកកោះដែលវៀតណាមចោទថាចិនយកពីវៀតណាមនោះមកឲ្យវៀតណាមវិញ។
ពលរដ្ឋវៀតណាមជាច្រើនចាប់អារម្មណ៍ទៅលើគោលជំហនៃគោលនយោបាយការបរទេសរបស់អាមេរិក ជុំវិញជម្លោះដែនសមុទ្រដែលសំបូរទៅដោយធនធាន នេះបើយោងតាមលោក Nguyen Manh Hung សាស្រ្តចារ្យផ្នែកកិច្ចការអន្តរជាតិនៅឯសកលវិទ្យាល័យ George Mason។
លោក Hung អ្នកជំនាញផ្នែកទំនាក់ទំនងអាមេរិក វៀតណាម បានថ្លែងថា៖«ពលរដ្ឋវៀតណាមភាគច្រើនកំពុងមិនសប្បាយចិត្តចំពោះវិធានការដ៏គំហុករបស់ចិន ដូច្នេះវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលពួកគេគាំទ្របេក្ខជនប្រធានាធិបតីអាមេរិកដែលមានជំហដ៏រឹងមាំហើយគ្មានការអត់ឱន ប្រឆាំងនឹងចិននោះ»។
ខណៈដែលពាក្យសំដីក្នុងយុទ្ធនាការដ៏ចម្រូងចម្រាសរបស់ មហាសេដ្ឋីអចលនទ្រព្យមកពីក្រុង New Yorkរូបនេះ ប្រហែលជាភាពទាក់ទាញដល់ពលរដ្ឋវៀតណាម យុទ្ធនាការនេះក៏បានរំខានដល់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។
ក្រសួងការបរទេសចិនបានហៅទស្សនៈជុំវិញទំនាក់ទំនងរវាងចិននិងអាមេរិក របស់តារាទូរទស្សន៍ថា «គួរឲ្យរំខាន» មិនយូរប៉ុន្មានបន្ទាប់ពី Trump បានប្រាប់ទូរទស្សន៍ CNN ថា ចិនមានដោយសារតែអាមេរិក ហើយចិនមានដោយសារតែប្រាក់និងការងារដែលចិនដណ្តើមពីពលរដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងហាណូយមិនបានធ្វើអត្ថាធិប្បាយជុំវិញការប្តេជ្ញារបស់លោក Trump ដែលថា លោកនឹងយកការងារពីចិននិងប្រទេសអាស៊ីផ្សេងទៀតមកវិញ រួមមានទាំងវៀតណាមផងដែរ ប៉ុន្តែកាសែត Thanh Nien ដែលគ្រប់គ្រងដោយរដ្ឋបានហៅពាក្យសម្តីរបស់លោក Trump ថាគួរឲ្យតក់ស្លុត។
នៅក្នុងប្រទេសមួយដែលពលរដ្ឋភាគច្រើនគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលពួកគេយល់ឃើញថា ជាអ្នកប្រកាន់ឆ្វេងនោះ លោក Nguyen Manh Ha បេក្ខជនសភាតំណាងរាស្ត្រឯករាជ្យមួយរូប បានថ្លែងថា ទស្សនៈជាច្រើនអំពីលោក Trump បានធ្វើឲ្យមានការទស្សន៍ទាយថានឹងមានការអនុញ្ញត្តិឲ្យមានការបញ្ចេញទស្សនៈនៅក្នុងប្រព័ន្ធនយោបាយដែលមានគណបក្សតែមួយ។
សកម្មជនសង្គមរូបនេះថ្លែងថា៖«អ្នកដែលស្អប់ចិនគឺគាំទ្រលោក Trump។ ប៉ុន្តែអ្នកខ្លះទៀតគិតថា វានឹងជាមហន្តរាយមួយប្រសិនបើលោកក្លាយជាប្រធានាធិបតីអាមេរិក ដោយសារតែសេចក្តីថ្លែងការណ៍ដ៏គួរឲ្យស្អប់ខ្ពើមរបស់លោក»។
លោក Ha សង្ឃឹមថាបេក្ខជនរបស់វៀតណាមនាពេលអនាគត មានឱកាសស្រដៀងគ្នា ដោយមានការជជែកដេញដោលជុំវិញគោលនយោបាយសង្គមនិងសេដ្ឋកិច្ចដោយបើកចំហរនិងផ្សាយបន្តផ្ទាល់ ដែលមានការចូលរួមពីសំណាក់អ្នកបោះឆ្នោតនៅក្នុងដំណើរការនៃការបោះឆ្នោត។
សាស្ត្រាចារ្យ Nguyen Ngoc Bich ដែលជាប្រធានសភាជាតិវៀតណាមនៅសហរដ្ឋអាមេរិក បានថ្លែងថា ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកនាពេលបច្ចុប្បន្នបានទាក់ទាញចំណាប់អារម្មណ៍ក្នុងផ្នែកខ្លះនៃសង្គមវៀតណាមដែលការជ្រើសតាំងក្រុមមន្ត្រីត្រូវបានរងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្ស។
សាស្ត្រាចារ្យBich ថ្លែងថា៖«អ្នកខ្លះយល់ថាលទ្ធិប្រជាធិបតេយ្យគួរតែនាំប្រទេសនេះឆ្ពោះទៅមុខដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសភូមា»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា