លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ កំពុងស្តីបន្ទោសលោក Bernie Sandersខាងគណបក្សប្រជាធិបតេយ្យ និងពួកអ្នកគាំទ្ររបស់លោកចំពោះអ្វីដែលលោកនិយាយថា ការរៀបចំផែនការឆាឆៅដែលបានបង្ខំឲ្យលោកលុបចោលការជួបប្រជុំខាងនយោបាយនៅក្នុងទីក្រុង Chicago កាលពីយប់ថ្ងៃសុក្រ។
ការប៉ះទង្គិចគ្នាបានកើតមានឡើងក្នុងចំណោមពួកអ្នកគាំទ្រលោក Trumpនិងពួកអ្នកប្រឆាំងជាច្រើនមុនពេលប៉ូលិសបានចូលធ្វើអន្តរាគមន៍ ហើយបានចាប់ខ្លួនមនុស្ស០៥នាក់។ បាតុករជាច្រើនបានស្រែកថា «លោក Bernie!លោក Bernie!»ហើយបានគ្រវីរូបលោក Bernie។
ការធ្វើយុទ្ធនាការនៅក្នុងទីក្រុង Cleveland រដ្ឋ Ohioកាលពីថ្ងៃសៅរ៍ លោក Trump បានរិះគន់សមាជិកព្រឹទ្ធសភាសង្គមនិយមមកពីរដ្ឋ Vermont ថាជា «មិត្តកុម្មុយនិស្តរបស់យើង»។
លោក Trumpបានចោទសួរថា «តើមនុស្សទាំងអស់នោះមកពីណា?ពួកគេជាអ្នកគាំ ទ្រលោកBernie ។លោក Bernie! លោកត្រូវធ្វើឲ្យមនុស្សរបស់លោកមានរបៀបរៀបរយ»។
លោកSandersបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដោយបដិសេធថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បានរៀបចំបាតុកម្មនោះហើយបានស្តីបន្ទោសវោហាសាស្រ្តដ៏ខ្លាំងៗរបស់លោក Trump។
លោក Sandersបាននិយាយថា «អ្វីដែលបានធ្វើឲ្យកើតមានឡើងនូវអំពើហិង្សានៅឯការប្រជុំមហាជនរបស់លោក Trump គឺមកពីបេក្ខជននោះ បានលើកស្ទួយការស្អប់ខ្ពើម និងការបែងចែកប្រឆាំងជនជាតិឡាទីនណូ ឥស្លាម ស្រ្តី និងមនុស្សពិការ»។