អ្នកបោះឆ្នោតក្នុងរដ្ឋចំនួន៥នៅសហរដ្ឋអាមេរិក កំពុងតែត្រៀមជ្រើសរើសបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតបឋម នៅពេលដែលបេក្ខជនខាងគណបក្សសាធារណរដ្ឋ គឺលោក Donald Trump និងបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton កំពុងព្យាយាមបង្កើនការនាំមុខបេក្ខជនផ្សេងទៀត។
ហ្វ្លរីដា (Florida ) គឺរដ្ឋដ៏សំខាន់មួយនៅក្នុងការបោះឆ្នោតបឋមនៅថ្ងៃអង្គារនេះ ពីព្រោះបេក្ខជនដែលឈ្នះខាងគណបក្សសាធារណរដ្ឋ នឹងទទួលបានប្រតិភូចំនួន៩៩។
ការស្ទង់មតិថ្មីចំនួនពីរ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បង្ហាញថា លោក Trump នឹងនាំមុខយ៉ាងតិច ១៧ភាគរយ លើគូប្រជែងដ៏ប្រកៀកប្រកិតបំផុតរបស់លោកនៅក្នុងរដ្ឋហ្វ្លរីដានេះ គឺលោក Marco Rubio សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋនេះតែម្ដង។ លោក Marco Rubio ក៏ចាំបាច់ត្រូវទទួលជ័យជម្នះនៅរដ្ឋនេះដែរ ដើម្បីឲ្យបេក្ខភាពរបស់លោក អាចបន្តទៅមុខទៀតបាន។
រដ្ឋមួយទៀតដែលលោក Trump ត្រូវសម្លឹងទៅរកនោះ គឺរដ្ឋOhio ដែលនៅទីនោះ លោក Trump ត្រូវប្រកួតយ៉ាងប្រកៀកប្រកិតគ្នាជាមួយអភិបាលរដ្ឋនោះ គឺលោក John Kasich ខាងគណបក្សសាធារណរដ្ឋដូចគ្នា។
លោក Mitt Romney ដែលជាបេក្ខជនទទួលការតែងតាំងជាតំណាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០១២ និងដែលបានចាញ់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចូលរួមជាមួយលោក Kasich នៅក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅរដ្ឋ Ohio ដើម្បីរារាំងលោក Trump កុំឲ្យឈ្នះហើយទទួលបានប្រតិភូចំនួន៦៦នៅក្នុងរដ្ឋនេះ។
ការស្ទង់មតិនៅក្នុងរដ្ឋ North Carolina រដ្ឋ Missouri និងរដ្ឋ Illinois លោក Trump បាននាំមុខបន្តិចលើសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Texas គឺលោក Ted Cruz ដែលស្ថិតក្នុងលេខរៀងទី២៕