ទាំងអ្នកគាំទ្រ និងអ្នករិះគន់លោកប្រធានាធិបតី ត្រាំ ឆ្ងល់ថាតើលោក Kelly អាចប្រើបទពិសោធន៍យោធារបស់លោកមកអនុវត្តន៍ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងសេតវិមាន ដែលបានរង្គោះរង្គើដោយភាពច្របូកច្របល់ក្នុងរយៈពេល ៦ខែដំបូងនៃការកាន់តំណែងប្រធានាធិបតីរបស់លោក ត្រាំ ដែរឬទេ។
បន្ទាប់ពីការច្របូកច្របល់អស់ប៉ុន្មានសប្ដាហ៍រួចមក លោកប្រធានាធិបតី ត្រាំ បានងាកទៅរកអតីតឧត្ដមសេនីយ៍ លោក John Kelly ដើម្បីកែប្រែស្ថានការណ៍នៅសេតវិមានឲ្យត្រឡប់មករកភាពប្រក្រតីវិញ។
លោកថ្លែងថា៖ «យើងនឹងខំប្រឹងធ្វើការ ហើយយើងនឹងធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត។ ទាំងអស់នេះគឺដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត។ នេះជាអ្វីដែលយើងនឹងធ្វើ»។
លោក Kelly ជំនួសតំណែង Reince Priebus ដែលបានប៉ះទង្គិចគ្នាជាមួយអតីតប្រធានផ្នែកទំនាក់ទំនងប្រចាំនៅសេតវិមាន លោក Anthony Scaramucci។
លោក Scaramucci បាននិយាយថា៖ «ខ្ញុំស្រឡាញ់លោកប្រធានាធិបតី»។
លោក Scaramucci ត្រូវបានគេបណ្ដេញចេញកាលពីចន្ទកន្លងទៅ។ ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក មានសញ្ញាមួយបង្ហាញថា លោកម៉ឺងម៉ាត់អំពីការបញ្ចប់ការមិនចុះសម្រុងគ្នានៅក្នុងសេតវិមានដែលបានកើតឡើងជាច្រើនខែមកហើយ។
អ្នកនិពន្ធលោក Chris Whipple បានសរសេរសៀវភៅមួយក្បាលអំពីតួនាទីសំខាន់ របស់នាយខុទ្ទកាល័យប្រចាំសេតវិមាន។
លោក Chris Whipple អ្នកនិពន្ធសៀវភៅ The Gatekeepers បាននិយាយថា៖ «អ្នកមិនអាចគ្រប់គ្រងការងារនៅសេតវិមាន ដូចដែលអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យលក្ខណៈគ្រួសារនៅ Manhattan ដែលមានទីប្រឹក្សាជាច្រើនរូប ចេញចូល និងគ្មានខ្សែសង្វាក់នៃបទបញ្ជា និងគ្មាននរណាមានអំណាចឲ្យអនុវត្តរបៀបវារៈរបស់អ្នកនោះទេ»។
លោក Whipple និយាយថា ជ័យជម្នះរបស់លោក Kelly ពឹងផ្អែកទៅការពង្រីកឥទ្ធិពលរបស់លោក។
លោក Whipple បញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានាធិបតីគ្រប់រូបយល់តាមរយៈបទពិសោធន៍ថា អ្នកមិនអាចធ្វើការគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ដោយមិនផ្តល់អំណាចដល់នាយខុទ្ទកាល័យ ក្នុងចំណោមបុគ្គលនានា ដែលមានសិទ្ធស្មើគ្នា នៅសេតវិមាន ដើម្បីចាត់ចែងបញ្ហាផ្សេងៗទេ។ ហើយសំខាន់ជាងនេះទៀត គឺនៅក្នុងផ្នែកអនុវត្តរបៀបវារៈរបស់អ្នក និងប្រាប់អ្នកពីអ្វីដែលអ្នកមិនចង់ឮ»។
លោកប្រធានាធិបតីបានទទូចនៅក្នុងសារតាមបណ្ដាញសង្គម Twitter មួយថា មិនមានចលាចលណាមួយនៅសេតវិមាននោះទេ។
ប៉ុន្តែអំឡុងពេលប្រាំមួយខែនៃការកាន់តំណែង លោក ត្រាំ បានប្រឈមនឹងការធ្លាក់ចុះសំឡេងគាំទ្រ ក៏ដូចជា ការស៊ើបអង្កេតពីបញ្ហាជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសរុស្ស៊ី។
លោកត្រាំក៏បានប្រឈមនឹងការជាប់គាំងរបៀបវារៈនៅសភាផងដែរ បន្ទាប់ពីការបរាជ័យនៅក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរច្បាប់ធានារ៉ាប់រងសុខភាព Obamacare នៅព្រឹទ្ធសភា។
លោកត្រាំបានបន្តពង្រឹងមូលដ្ឋានរបស់លោក ហើយបញ្ចុះបញ្ចូលឲ្យក្រុមអ្នកគាំទ្រចម្បងរក្សាជំនឿទុកចិត្តលើរូបលោក។
អ្នកគាំទ្រលោក ត្រាំ មួយរូប បាននិយាយថា៖ «យើងគ្រាន់ត្រូវតែគាំទ្រលោកប្រធានាធិបតី ត្រាំ។ លោកកំពុងប្រឹងប្រែងតាមលទ្ធភាព ដែលលោកអាចធ្វើបាន»។
អ្នកវិភាគមួយចំនួនបានលើកឡើងថា លោក Kelly ប្រហែលត្រូវរារាំងលោកប្រធានាធិបតីក្នុងផ្នែកមួយចំនួន ជាពិសេសទម្លាប់នៅក្នុងការបង្ហោះសារត្អូញត្អែរនៅលើគេហទំព័រ Twitter។
អ្នកវិភាគលោក Kyle Kondik និយាយថា សំឡេងគាំទ្រលោកត្រាំបានកើនឡើង នៅអំឡុងពេលមានសភាពស្ងប់ស្ងាត់។
«ប្រសិនបើលោកស្ងប់ស្ងាត់ខ្លះ ខ្ញុំគិតថា សាធារណជនអាចអត់ឱនឲ្យលោកខ្លះ ប៉ុន្តែការណ៍នេះមិនបានកើតឡើងច្រើនទេអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី»។
លោក Kelly នឹងចូលរួមជាមួយនឹងលោកត្រាំនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ស្របពេលដែលប្រធានាធិបតីអាមេរិកទី ៤៥រូបនេះ ស្វះស្វែងពង្រឹងមូលដ្ឋានគ្រឹះនយោបាយរបស់ខ្លួន បន្ទាប់ពីជួបប្រទះការលំបាកជាច្រើនក្នុងការកាន់តំណែងប្រាំមួយខែមកនេះ៕