សេតវិមាន ឲ្យដឹងថា លោក John Kelly ដែលជានាយខុទ្ទកាល័យសេតវិមានថ្មីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមាន «អំណាចពេញលេញ» ក្នុងការធ្វើឲ្យមានភាពរឹងមាំ រចនាសម្ព័ន្ធ និងវិន័យថ្មីនៅក្នុងរដ្ឋបាល។ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា បុគ្គលិកទាំងអស់របស់សេតវិមាន នឹងរាយការណ៍ជូនលោក Kelly រួមទាំងកូនស្រីរបស់លោកប្រធានាធិបតី ត្រាំ គឺអ្នកស្រី Ivanka និងស្វាមីរបស់អ្នកស្រី គឺលោក Jared Kushner។ លោក Kelly ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិក្រោមរដ្ឋបាលលោក ត្រាំ និងជាអគ្គមេបញ្ជាការកងទ័ពជើងទឹកផ្កាយ៤ដែលចូលនិវត្តន៍រូបនេះ ត្រូវ បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទកន្លងទៅនេះ។ ការតែងតាំងលោក Kelly កើតឡើង ស្របពេលដែលលោក Anthony Scaramucci ប្រធានសារគមនាគមន៍ប្រចាំសេតវិមានបានលាលែងពីតំណែង បន្ទាប់ពីលោកបានចូលបម្រើតួនាទីនេះបានរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ។
ការលាលែងតំណែងរបស់លោក Scaramucci កើតឡើងភ្លាមៗបន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ដោយប្រើប្រាស់ភាសាអសុរសក្នុងទស្សនាវដ្តី The New Yorker ដែលលោកបានធ្វើការវាយប្រហារជាពាក្យសម្តីលើមនុស្សជាច្រើន រួមមានអតីតនាយខុទ្ទកាល័យសេតវិមានក្រោមរដ្ឋបាលលោក ត្រាំ គឺលោក Reince Priebus។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទកន្លងទៅនេះ អ្នកនាំពាក្យសេតវិមាន បានទទួលស្គាល់ថា លោកប្រធានាធិបតី ត្រាំ យល់ថា ភាសាដែលលោក Scaramucci បាននិយាយនៅក្នុងបទសម្ភាសន៍នោះ មានលក្ខណៈ «មិនសមរម្យ»។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមាន បានថ្លែងថា៖
«លោកប្រធានាធិបតីពិតជាយល់ថា ការលើកឡើងរបស់លោក Anthony មានលក្ខណៈមិនសមរម្យសម្រាប់រូបលោកដែលមានតួនាទីជានាយខុទ្ទកាល័យ ហើយលោកប្រធានាធិបតីមិនចង់ឲ្យលោកអគ្គមេបញ្ជាការ Kelly ទទួលបន្ទុកលើរឿងនេះ នៅពេលដែលលោកចូលបន្តតំណែងថ្មីនេះទេ»។
ក្រោយមកទៀត លោក Scaramucci បានចេញផ្សាយលិខិតសុំអភ័យទោសសម្រាប់ការលើកឡើងរបស់លោក ក៏ប៉ុន្តែ មន្ត្រីសេតវិមានបានឲ្យដឹងថា លោក Scaramucci នឹងមិនមានតួនាទីផ្សេងទៀតនៅក្នុងរដ្ឋបាលថ្មីនេះទេ។
កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក ត្រាំ បានស្វាគមន៍លោក Kelly នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖
«យើងទាំងអស់គ្នាបានស្គាល់រូបលោកហើយ។ យើងគោរពលោក ហើយសូមសរសើរកិច្ចការដែលលោកបានធ្វើ»។
លោក Kelly បានឡើងកាន់តំណែងជំនួសលោក Priebus ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយពេលដែលលោកបានបម្រើការងារអស់រយៈពេល៦ខែ។ លោក Priebus គឺជានាយខុទ្ទកាល័យដែលបានបម្រើការងារក្នុងរយៈពេលខ្លីបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក នេះបើយោងលោក David Cohen សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ។
លោកសាស្ត្រាចារ្យ Cohen បានថ្លែងតាមរយៈ Skype ថា៖
«នៅពេលដែលលោក ដូណាល់ ត្រាំ បានចូលកាន់តំណែង លោកពិតជាបានធ្វើឲ្យមានប្រព័ន្ធនាយខុទ្ធកាល័យដ៏ទន់ខ្សោយមួយ។ នៅក្នុងអាជីពរកស៊ីរបស់លោក លោកស៊ាំនឹងការផ្តល់បុព្វសិទ្ធដល់មនុស្សជាច្រើន ហើយលោកអាចនិយាយជាមួយមនុស្សជាច្រើន។ លោក ត្រាំ មានបំណងចង់ដឹកនាំ ហើយលោកចង់ដឹកនាំសេតវិមានតាមរបៀបនេះ»។
ក៏ប៉ុន្តែ ការផ្តល់បុព្វសិទ្ធិដល់មនុស្សជាច្រើនបែបនេះ រួមទាំងលោក Scaramucci បានបង្កជាភាពច្របូកច្របល់នៅក្នុងរដ្ឋបាលរបស់លោក នេះបើតាមលោកសាស្ត្រាចារ្យ Cohen។ លោក Kelly បានចរចាសុំអំណាចដ៏មានឥទ្ធិពលជាងលោក Priebus អតីតនាយខុទ្ទកាល័យទៅទៀត។ លោក Cohen លើកឡើងថា តាមក្បួនច្បាប់ នាយខុទ្ទការល័យគឺជាបុគ្គលដែលមានឥទ្ធិពលទីពីរបង្អស់នៅក្នុងសេតវិមាន។
លោក Cohen បានថ្លែងថា៖
«នាយខុទ្ទកាល័យគឺជាបុគ្គលដែលគ្រប់គ្រងសេតវិមានទាំងស្រុង ដើម្បីធានាថា កិច្ចការគ្រប់យ៉ាងត្រូវបានសម្រេចតាមការគ្រោងទុក។ ពួកគេជាអ្នកជ្រើសតាំង និងបណ្តេញបុគ្គលិកចេញពីតំណែង។ ពួកគេរៀបចំក្រុមការងារ។ ពួកគេពិនិត្យមើលដំណើរការបញ្ជូនឯកសារ និងការចូលពិភាក្សារបស់បុគ្គលផ្សេងៗជាមួយលោកប្រធានាធិបតីនៅក្នុងការិយាល័យប្រធានាធិបតី។ ពួកគេគ្រប់គ្រងពេលវេលារបស់ប្រធានាធិបតី ដូច្នេះពួកគេមានតួនាទីដ៏សំខាន់នៅក្នុងដំណើរប្រតិបត្តិការរបស់សេតវិមានក្នុងយុគសម័យថ្មីនេះ»។
លោក ត្រាំ បានសន្យាថា លោក Kelly នឹងមានអំណាចពេញលេញក្នុងការគ្រប់គ្រងបុគ្គលិកនៅសេតវិមាន ក៏ប៉ុន្តែលោកបានបដិសេធថា រដ្ឋបាលរបស់លោកមិនមានភាពច្របូកច្របល់នោះទេ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត