លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានប្រាប់មន្រ្តីទីភ្នាក់ងាររៀបចំចាត់ចែងគ្រាអាសន្នរបស់សហព័ន្ធឬ (FEMA) ថា រដ្ឋបាលរបស់លោកនឹងឆ្លើយតបដោយផ្តល់ថវិកាដ៏ឆាប់រហ័សនៅក្នុងពេលគ្រាអាសន្ននៅរដូវព្យុះ Hurricane នោះ។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការធំរបស់ទីភ្នាក់ងាររៀបចំចាត់ចែងគ្រាអាសន្នរបស់សហព័ន្ធឬ FEMA នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីថ្លែងថាតើទីភ្នាក់ងារនោះបានប្រុងប្រៀបសម្រាប់រដូវព្យុះ Hurricane នេះថា «យើងត្រូវចាត់វិធានការឲ្យបានឆាប់រហ័ស»។ រដូវព្យុះនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដោយព្យុះធ្វើសកម្មភាពខ្លាំងបំផុតពីចុងខែសីហារហូតដល់ខែកញ្ញា។ រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិបានប្រាប់ឲ្យដឹងថា មហាសមុទ្រអាត់តាឡង់ទិកអាចឃើញរដូវព្យុះ Hurricane ច្រើនលើសពីធម្មតានៅឆ្នាំនេះ។រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិបានព្យាករណ៍ថា នឹងមានខ្យល់ព្យុះ Hurricane ពី២ទៅ៣សំខាន់ៗក្នុងរដូវនេះដោយមានល្បឿនខ្យល់យ៉ាងហោចណាស់១៧៨គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។
មានខ្យល់ព្យុះតំបន់ត្រូពិកចំនួន៥នៅរដូនេះក្នុងមហាសមុទ្រអាត្លង់ទិករួចហើយ រួមមានព្យុះតំបន់ត្រូពិក Emily ដែលបានធ្វើឲ្យមានទឹកភ្លៀងនៅផ្នែកនានានៅក្នុងរដ្ឋ Florida នៅដើមសប្តាហ៍នេះ។ ព្យុះផ្សេងៗទៀតមិនបានមិនប៉ះពាល់តំបន់ដីគោកទេ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកMike Penceនាយខុទ្ទកាល័យសេតវិមានលោក John Kelly និងមន្រ្តីរដ្ឋបាលជាច្រើនទៀតបានចូលរួមនៅក្នុងការថ្លែងសុន្ទរកថារបស់លោកប្រធានាធិបតីនៅឯទីភ្នាក់ងាររៀបចំចាត់ចែងគ្រាអាសន្នរបស់សហព័ន្ធឬ FEMA ដែលជាទីភ្នាក់ងារទទួលខុសត្រូវសម្របសម្រួលធ្វើការឆ្លើយតបគ្រោះមហន្តរាយដូចជាព្យុះ Hurricane៕