យន្តហោះនិងនាវាសហរដ្ឋអាមេរិកកំពុងស្វែងរកទាហានម៉ារីនសហរដ្ឋអាមេរិក៣នាក់ដែលកំពុងបាត់ខ្លួនបន្ទាប់ពីយន្តហោះប្រើកង្ហារមួយគ្រឿងបានធ្លាក់ចូលក្នុងសមុទ្រកាលពីថ្ងៃសៅរ៍នៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រខាងកើតប្រទេសអូស្រ្តាលី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងម៉ារីនសហរដ្ឋអាមេរិក។
មនុស្ស២៣នាក់ដែលបានស្ថិតនៅលើយន្តហោះប្រភេទ MV-22 Osprey បានត្រូវគេជួយសង្គ្រោះ។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា យន្តហោះនោះបានហោះចេញពីនាវា USS Bonhomme Richard ហើយបានទាក់ទិននៅក្នុងកិច្ចប្រតិបត្តិការប្រចាំថ្ងៃនៅពេលដែលវាធ្លាក់។
មន្រ្តីម្នាក់របស់សេតវិមានបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ ដែលកំពុងឈប់សម្រាកវិសមកាលនៅក្លឹបវាយកូនគោលរបស់លោកនៅទីក្រុង Bedministerរដ្ឋ New Jersey បានត្រូវលោក John Kelly នាយខុទ្ធកាល័យរបស់លោកបានប្រាប់ត្រួសៗពីឧបទ្ទវហេតុនេះ។
យន្តហោះនោះបានស្ថិតនៅក្នុងប្រទេសអូស្រ្តាលីនៅឡើយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់យោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងអូស្រ្តាលីកាលពី២សប្តាហ៍មុននៅក្នុងច្រកសមុទ្រ Shaolwater។ សមយុទ្ធយោធាដែលធ្វើក្នុងរយៈពេល២ឆ្នាំម្តងមានទាក់ទិននឹងកងទ័ព៣ម៉ឺននាក់ហើយនិងយន្តហោះ២រយគ្រឿង។ កងទ័ពអូស្រ្តាលីស្ថិតនៅក្នុងចំណោមកងទ័ពចម្រុះដែលដឹកនាំដោយសហរដ្ឋងាមេរិកដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។
ទាហានម៉ារីនសហរដ្ឋអាមេរិកមិនបានប្រាប់ពីមូលហេតុអ្វីដែលបណ្តាលឲ្យយន្ត ហោះនោះធ្លាក់ទេ ប៉ុន្តែ បានប្រាប់ឲ្យដឹងថា គេកំពុងធ្វើការស៊ើបអង្កេតពីការធ្លាក់នោះ៕