រដ្ឋសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃអង្គារនេះ លើសេចក្ដីសម្រេចស្នើឲ្យលោកអនុប្រធានាធិបតី Mike Pence និងសមាជិកគណ:រដ្ឋមន្ត្រីរបស់លោក Trump ប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេ ដើម្បីដកលោក Trump ចេញពីតំណែង។
និតិវិធីដែលត្រូវបានគេរំពឹងថានឹងត្រូវបានគេអនុម័តនេះ ទុករយ:ពេល ២៤ ម៉ោងឲ្យលោកអនុប្រធានាធិបតី Pence ដើម្បីឆ្លើយតប។
ទាំងលោក Pence និងសមាជិកគណ:រដ្ឋមន្ត្រីទំាងអស់របស់លោក Trump គ្មាននរណាម្នាក់បង្ហាញពីការគាំទ្រសកម្មភាពទាក់ទងនឹងការប្រើប្រាស់វិសោធនកម្មទី២៥ នៃរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យអនុប្រធានាធិបតី និងសមាជិកគណ:រដ្ឋមន្ត្រីភាគច្រើនប្រកាសថា ប្រធានាធិបតី «អសមត្ថភាពក្នុងការប្រើប្រាស់អំណាច និងបំពេញកាតព្វកិច្ចបានតទៅទៀត»។
លោក Trump និងលោក Pence បានជួបគ្នាកាលពីល្ងាចថ្ងៃច័ន្ទនៅឯសេតវិមាន ជាលើកដំបូងចាប់តាំងពីកុបករគាំទ្រលោក Trump សម្រុកចូលវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។
រដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមនីតិវិធីការដកតំណែងលោកប្រធានាធិបតី Donald Trump នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយដែលលោកបំពេញតួនាទីជាប្រធានាធិបតីនេះ ដោយចោទរូបលោកពីបទ «ញុះញង់ឱ្យមានការប៉ះបោរ» នៅក្នុងព្រឹត្តការណ៍ដែលក្រុមអ្នកតវ៉ាគាំទ្ររូបលោកបានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ដើម្បីទាមទារឲ្យមានការប្រែក្រឡាស់បរាជ័យការបោះឆ្នោតរបស់លោក Trump ដើម្បីក្លាយខ្លួនជាប្រធានាធិបតីអាណត្តិទី២ទៀត។
បើទោះបីជាអាណត្តិប្រធានាធិបតីបួនឆ្នាំរបស់លោក Trump នឹងផុតកំណត់ត្រឹមពេលថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ក៏ដោយ ក៏សេចក្ដីសម្រេចស្នើដកតំណែងលោកកម្រាស់បួនទំព័របានបញ្ជាក់ថា លោក Trump បាន «បង្ហាញឲ្យឃើញថា លោកនៅតែជាការគំរាមកំហែងដល់សន្តិសុខជាតិ លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ បើសិនជាអនុញ្ញាតឲ្យនៅបន្តកាន់តំណែង ហើយអាកប្បកិរិយារបស់លោកមិនសក្តិសមនឹងគោលការណ៍ស្វ័យគ្រប់គ្រង និងនីតិរដ្ឋ»៕