កាលពីថ្ងៃទី៩ធ្នូ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្តេជ្ញាថា នឹងបន្តការប្រយុទ្ធដើម្បីបង្អាក់ជ័យជំនះលោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតទូទាំងប្រទេសកាលពីខែមុន នៅក្នុងករណីថ្មីមួយក្នុងតុលាការកំពូលនៅក្រោយតុលាការជាន់ខ្ពស់នេះ បានច្រានចោលការប៉ុនប៉ងមួយដើម្បីប្រែក្រឡះជ័យជំនះសំខាន់របស់លោក Biden នៅក្នុងរដ្ឋ មានការប្រជែងខ្លាំងក្នុងប៉ែកខាងកើតប្រទេស គឺរដ្ឋ Pennsylvania។
នៅក្នុងបទបញ្ជាខ្លីមួយកាលពីថ្ងៃទី៨ ខែធ្នូ តុលាការកំពូល បានច្រានចោលសំណើមួយរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Pennsylvania ឱ្យប្រែក្រឡះជ័យជំនះរបស់លោក Biden ក្នុងរដ្ឋនេះ ដោយលោកមានសន្លឹកឆ្នោតគាំទ្រ៨ម៉ឺន ១ពាន់ លើសលោក Trump។ នេះ ជាលើកដំបូងហើយដែលតុលាការកំពូលរបស់ប្រទេស បានថ្លឹងថ្លែងអំពីការបោះឆ្នោតនេះ។ ក៏ប៉ុន្តែ ការសម្រេចនេះ ជាការចាញ់ក្តីថ្មីបំផុតក្នុងបណ្តាការចាញ់ក្តីនៅទូទាំងប្រទេសសម្រាប់លោក Trump និងពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក នៅពេលលោកប្រឹងប្រែងឱ្យបានកាន់តំណែងមួយអាណត្តិទៀតដែលមានរយៈពេលបួនឆ្នាំ។
ពាក្យបណ្តឹងជាច្រើនក្នុងតុលាការ កើតមានឡើងនៅពេលដែលអង្គបោះឆ្នោតដែលកំណត់អ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវទៅបោះឆ្នោតនៅថ្ងៃចន្ទ ទី១៤ធ្នូ ថា នរណាជាអ្នកមានជ័យជំនះ ហើយទំនងជានឹងបញ្ជាក់អំពីការមានប្រៀបរបស់លោក Biden គឺ៣០៦ ទល់នឹង២៣២។ នេះជាការមានប្រៀបដូចដែលលោក Trump មាននៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ នៅពេលលោកបានប្រកាសថា លោកបានឈ្នះ«ភ្លូកទឹកភ្លូកដី» លើលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ។
នៅក្រោយសភាពិនិត្យមើលនិងបញ្ជាក់ថា លទ្ធផលនៃអង្គបោះឆ្នោតជាការត្រឹមត្រូវអាចយកជាការបាននៅថ្ងៃទី៦ ខែមករា លោក Biden មានកំណត់នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងពីរសប្តាហ៍បន្ទាប់មក គឺនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃ២០ ខែមករា នៅលើជណ្តើរវិមានសភាកាពីតូល។
លោក Trump បាននិយាយថា លោកនឹងធ្វើអន្តរាគមន៍នៅក្នុងបណ្តឹងថ្មីមួយ នៅក្នុងតុលាការកំពូលដាក់ដោយលោក Ken Paxton រដ្ឋមន្ត្រីយុត្តិធ៌មអភិរក្សនិយមនៃរដ្ឋ Texas ដែលស្វះស្វែងប្រែក្រឡះជ័យជំនះលោក Biden នៅក្នុងរដ្ឋ Georgia Wisconsin Michigan និងរដ្ឋ Pennsylvania។ បណ្តឹងនេះ ផ្អែកលើការអះអាងមួយចំនួនអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតដែលបានត្រូវច្រានចោលភាគច្រើននៅក្នុងករណីបណ្តឹងដាច់ដោយឡែកនៅក្នុងតុលាការរដ្ឋ និងតុលាការសហព័ន្ធ។
លោក Trump បានពោលអះអាងតាម Twitter ថា «មានភ័ស្តុតាងជាច្រើននៃការគៃបន្លំនៅក្នុងរដ្ឋបួនដែលមានចែងនៅបណ្តឹងរដ្ឋ Texas។ សូមស្តាប់ខ្សែអាត់ថតសំឡងនិងឯកសារថ្លែងសច្ចាទាំងអស់!»
លោក Trump បានថ្លែងថា «ក្នុងពេលឆាប់ៗនេះ យើងនឹងយល់អំពីពាក្យ«ក្លាហាន»និងជួយស្រោចស្រង់ប្រទេសយើង។ នៅក្នុងរដ្ឋមានការប្រជែងខ្លាំង ខ្ញុំបានទទួលសន្លឹកឆ្នោតស្របច្បាប់រាប់សែន ច្រើនជាងគូប្រជែងរបស់ខ្ញុំ។ ទិន្នន័យទាំងអស់បានមកពីការបោះឆ្នោតបង្ហាញថា ខ្ញុំមិនអាចចាញ់ទេ លើកលែងតែមានការបន្លំ!»។
លោក Paxton បានអះអាងថា ពួកមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋទាំងបួនដែលលោកប្តឹង បានប្រើការរាតត្បាតនៃជំងឺកូវីដ១៩ ជាហេតុផលដែលមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញដើម្បីជៀសវាងអង្គការនីតិបញ្ញត្តិរបស់រដ្ឋពួកគេ ក្នុងការកំណត់បទបញ្ញត្តិនៃការបោះឆ្នោត «ដែលនាំឱ្យសេចក្តីសុចរិតនៃការបោះឆ្នោតខ្សោយ»។
ពាក្យបណ្តឹងរបស់លោក Paxton សុំឱ្យតុលាការកំពូលពន្យាពេលការបោះឆ្នោតរបស់អង្គបោះឆ្នោតនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ហើយច្រានចោលក្រុមអ្នកបោះឆ្នោតនៅក្នុងរដ្ឋទាំងបួន ដែលបានប្តេជ្ញាបោះឆ្នោតជូនលោក Biden ពីព្រោះលោកបានឈ្នះក្នុងសំឡេងឆ្នោតសរុបនៅក្នុងរដ្ឋទាំងនេះ។ លោកបានសុំដល់តុលាការកំពូលអនុញ្ញាតឱ្យសភារបស់រដ្ឋតែងតាំងអ្នកបោះឆ្នោតដែលចាត់ទុកថា ជាអ្នកគាំទ្រលោក Trump។
តុលាការកំពូលបានទុកពេលឱ្យរដ្ឋទាំងបួននេះឆ្លើយតបនឹងបណ្តឹងលោក Paxton រហូតដល់ថ្ងៃទី១០ ខែធ្នូ តែរដ្ឋមន្ត្រីយុត្តិធម៌នៃរដ្ឋទាំងនេះ បង្អាប់កិច្ចខិតខំប្រឹងប្រែងខាងផ្លូវច្បាប់របស់លោក Paxton ថា គ្មានមូលដ្ឋាន។
ស្ត្រីអ្នកនាំពាក្យនៃរដ្ឋមន្ត្រីយុត្តិធម៌ខាងគណបក្សសាធារណរដ្ឋលោក Chris Carrនៃរដ្ឋ Georgia បាននិយាយថា«លោករដ្ឋមន្ត្រីយុត្តិធ៌មរដ្ឋ Texas យល់ខុសអំពីរដ្ឋធម្មនុញ្ញ អំពីផ្លូវច្បាប់និងអំពីការពិតជាក់ស្តែងអំពីរដ្ឋ Georgia»។
លោកស្រី Dana Nessel រដ្ឋមន្ត្រីយុត្តិធម៌រដ្ឋ Michigan លោក Josh Shapiro រដ្ឋមន្ត្រីយុត្តិធម៌រដ្ឋ Pennsylvania និងលោក Josh Kaul រដ្ឋមន្ត្រីយុត្តិធម៌រដ្ឋ Wisconsin ដែលសុទ្ធតែជាពួកប្រជាធិបតេយ្យ បានហៅបណ្តឹងរបស់លោក Paxton ថា ជាការប៉ុនប៉ងមួយដើម្បី«ធ្វើឱ្យសាធារណជនយល់ច្រឡំនិងហែកចោលគោលការណ៍នៃរដ្ឋធម្មនុញ្ញយើង»។
ក្រុមរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋទាំងនេះ បានថ្លែងថា«ដល់ពេលដែលលោកប្រធានាធិបតី និងក្រុមមន្ត្រីរដ្ឋនិងក្រុមមន្ត្រីជាប់ឆ្នោតឯទៀត ឈប់ធ្វើឱ្យសាធារណជនយល់ច្រឡំអំពីការបោះឆ្នោតនៅឆ្នាំនេះ ហើយទទួលស្គាល់ថា លទ្ធផលបញ្ជាក់ថាត្រឹមត្រូវនៅក្នុងរដ្ឋយើងឆ្លុះបញ្ចាំងសេចក្តីសម្រេចដោយពួកអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតដោយសេរី មានភាពយុត្តិធម៌ និងមានសន្តិសុខថែមទៀតផង»។
លោក Stephen Vladeck ជាសាស្ត្រាចារ្យខាងច្បាប់រដ្ឋធម្មនុញ្ញនៅសាកលវិទ្យាល័យ Texas។ លោកបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងខាងផ្លូវច្បាប់របស់លោក Paxton នៅក្នុង Twitter ថា «មើលទៅដូចជាយើងមានមេដឹកនាំថ្មីម្នាក់នៅក្នុង«បណ្តឹងភ្លីភ្លើបំផុត ដែលដាក់ក្នុងតុលាការដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនេះ»។
លោក Richard Hasen ដែលជាអ្នកជំនាញខាងការបោះឆ្នោតនៅសាកលវិទ្យាល័យCalifornia នៅ Irvine បានហៅពាក្យបណ្តឹងរបស់លោក Paxton ថា ជាសេចក្តីប្រកាសព័ត៌មានដែលក្លែងបន្លំជាបណ្តឹង។ លោកបាននិយាយបែបនេះ នៅក្នុង blog មួយពន្យល់អំពីទស្សនៈលោកអំពីហេតុអ្វីបានជាលោកយល់ថា បណ្តឹងនេះនឹងទទួលបរាជ័យ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ព័ត៌មានថ្មី៖ វីអូអេ បានបញ្ចូលព័ត៌មានបន្ថែម ពីកថាខណ្ឌទី ៥ ដល់ ទី១៥