លោក Joe Biden ដែលគេសន្មត់ថា ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៨៧ បន្ថែមទៀតនៅក្នុងរដ្ឋ Wisconsin ក្រោយពេលដែលការរាប់សនឹ្លកឆ្នោតឡើងវិញនៅក្នុងតំបន់មួយចំនួនបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលធ្វើឲ្យលោកទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ២ ម៉ឺនសំឡេងលើសលោកប្រធានាធិបតី Donald Trump នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងនេះ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានចំណាយប្រាក់ចំនួន ៣ លានដុល្លារសម្រាប់ការរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៨ សែនសន្លឹកនៅក្នុងតំបន់ចំនួនពីរ ដែលមានការគាំទ្រខ្លាំងចំពោះគណបក្សប្រជាធិបតេយ្យ គឺទីក្រុង Milwaukee ដែលជាទីក្រុងធំបំផុតនៅក្នុងរដ្ឋនេះ និងទីក្រុង Madison ដែលជាទីក្រុងចម្បងនៃរដ្ឋនេះ ដោយសង្ឃឹមថា ពួកគេអាចកែប្រែជ័យជម្នះរបស់លោក Biden បាន។ ប៉ុន្តែ ផ្ទុយទៅវិញ លោក Trump បានបរាជ័យនៅក្នុងការព្យាយាមកែប្រែលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋ Wisconsin នេះ។
លទ្ធផលបោះឆ្នោតមិនផ្លូវការនៅទូទាំងប្រទេសបង្ហាញថា លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០៦ រីឯលោក Trump វិញ ទទួលបាន ២៣២។ អង្គបោះឆ្នោតនេះ គឺជាអ្នកដែលកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ បេក្ខជនម្នាក់ៗតម្រូវឲ្យទទួលបានអង្គបោះឆ្នោតយ៉ាងតិចចំនួន ២៧០ នាក់ក្នុងចំនួនអង្គបោះឆ្នោតសរុប ៥៣៨ នាក់ ដើម្បីបានក្លាយជាប្រធានាធិបតី។ ការបោះឆ្នោតរបស់អង្គបោះឆ្នោតនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូខាងមុខ៕