ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ឃោសនា​បោះឆ្នោត​ឲ្យ​សមាជិក​ព្រឹទ្ធសភា ២ រូប​ខាង​គណបក្ស​សាធារណរដ្ឋ ក្នុង​រដ្ឋ Georgia


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ទះដៃ​សាទរ ខណៈ​ដែល​លោក​រៀបចំ​កម្មវិធី​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​មួយ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង Valdosta រដ្ឋ Georgia ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ទះដៃ​សាទរ ខណៈ​ដែល​លោក​រៀបចំ​កម្មវិធី​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​មួយ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង Valdosta រដ្ឋ Georgia ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Georgia កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​សមាជិក​ព្រឹទ្ធសភា ២ រូប​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​អាសនៈ​ព្រឹទ្ធសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រ​នៅ​ខែ​មករា​ខាង​មុខ។ ការ​បោះឆ្នោត​នេះ​នឹង​កំណត់​ថា​តើ​គណបក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នោះ លោក Trump ភាគ​ច្រើន​បាន​អះអាង​ម្ដង​ទៀត​អំពី​អំណះអំណាង​របស់​លោក​ដែល​ថា​មាន​ការ​លួច​បន្លំ​ជា​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត។

លោក Trump បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង Valdosta រដ្ឋ Georgiaថា៖ «អ្នក​ដឹង​ហើយ​ថា​យើង​បាន​ឈ្នះ​រដ្ឋ Georgia ដូច្នេះ​អ្នក​យល់​ហើយ»។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «ពួកគេ​លួច​បន្លំ​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​យើង ប៉ុន្តែ​យើង​នឹង​នៅតែ​ឈ្នះ។ ពួកគេ​ក៏​នឹង​ព្យាយាម​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត [ផ្ដាច់ព្រ័ត្រ​ជ្រើសរើស​អាសនៈ​ព្រឹទ្ធសភា​នេះ] ផង​ដែរ»។

លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Goergia ដោយ​លទ្ធផល​មិន​ផ្លូវការ​បង្ហាញ​ថា លោក​ឈ្នះ​លោក Trump ក្នុង​សំឡេង​ឆ្នោត​ជាង ១២.០០០ បន្តិចបន្តួច​ប៉ុណ្ណោះ ក្នុង​ចំណោម​សំឡេង​ឆ្នោត​ប្រហែល ៥ លាន​សំឡេង​ដែល​បាន​បោះ​នៅ​ក្នុង​រដ្ឋ​នេះ។ លោក Biden ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដំបូង​បង្អស់​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Goergia នេះ តាំង​ពី​ឆ្នាំ ១៩៩២ មក។

ក្នុង​ពេល​ប៉ុន្មាន​ម៉ោង មុន​ពេល​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Georgia នេះ លោក Trump បាន​ទូរស័ព្ទ​ទៅ​រក​អភិបាល​រដ្ឋ Georgia លោក Brian Kemp ដោយ​បាន​ជំរុញ​ឲ្យ​លោក Kemp កោះ​ប្រជុំ​សភា​របស់​រដ្ឋ Georgia ដើម្បី​ឲ្យ​សមាជិក​សភា​ប្រើ​អំណាច​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​តែងតាំង​អង្គ​បោះឆ្នោត​ដែល​អាច​គាំទ្រ​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The Washington Post។
បើ​យោង​តាម​ប្រភព​នៅ​ក្នុង​រដ្ឋ Georgia និង​នៅ​សេតវិមាន ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ លោក Kemp បាន​បដិសេធ​ចំពោះ​សំណើ​របស់​លោក Trump នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The Associated Press។

គណបក្ស​សាធារណរដ្ឋ​ត្រូវការ​អាសនៈ​មួយ​ទៀត​នៅ​ព្រឹទ្ធសភា ដើម្បី​ឲ្យ​ខ្លួន​អាច​រក្សា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​បាន។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក David Perdue ចាំបាច់​ត្រូវតែ​យក​ឈ្នះ​លើ​លោក Jon Ossoff ដែល​ជា​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ ឲ្យ​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ៥ ខែ​មករា​ខាង​មុខ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អ្នកស្រី Kelly Loeffler វិញ ក៏​ចាំបាច់​ត្រូវតែ​យក​ឈ្នះ​លើ​លោក Raphael Warnock ដែល​ជា​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ ឲ្យ​បាន​ផង​ដែរ។

ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​ចាញ់​អាសនៈ​ទាំង ២ នេះ នោះ​ព្រឹទ្ធសភា​នឹង​មាន​សំឡេង ៥០ ទល់​នឹង ៥០ ដែល​បើ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ អនុ​ប្រធានាធិបតី​នឹង​ក្លាយជា​អ្នក​ដែល​បោះឆ្នោត​សម្រេច​បំបែក​ភាព​ជាប់​គាំង​បាន ប្រសិនបើ​មាន​សំណើ​ច្បាប់​ណា​មួយ​ជាប់​គាំង​ក្នុង​សំឡេង​ស្មើ​គ្នា៕

XS
SM
MD
LG