ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (Intermediate-Range Nuclear Forces Treaty) ដែលហៅកាត់ថា INF ដោយសារតែប្រទេសរុស្ស៊ីបានរំលោភលើសន្ធិសញ្ញានេះ។ ប៉ុន្តែ លោកមិនបានផ្ដល់ព័ត៌មានលំអិតណាមួយអំពីការអះអាងរបស់លោកដែលថារុស្ស៊ីរំលោភលើសន្ធិសញ្ញានេះនោះទេ។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះគឺជា «ជំហានដ៏គ្រោះថ្នាក់» មួយ។
សន្ធិសញ្ញានេះត្រូវបានចរចាកាលពីចុងទសវត្សរ៍ ១៩៨០។ សន្ធិសញ្ញានេះតម្រូវឲ្យសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី កាត់បន្ថយគ្រាប់នុយក្លេអ៊ែរចម្ងាយខ្លី និងចម្ងាយមធ្យម និងមីស៊ីលដែលមិនមែននុយក្លេអ៊ែរ។
លោក Trump និយាយដូច្នេះថា៖ «ប្រទេសរុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងនេះ។ ពួកគេបានរំលោភលើកិច្ចព្រមព្រៀងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងមិនអនុញ្ញាតឲ្យពួកគេរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដោយផលិតអាវុធទាំងនោះទេ»។
លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកនឹងផលិតអាវុធទាំងនោះ ប្រសិនបើប្រទេសរុស្ស៊ី និងចិនមិនយល់ព្រមឈប់ផលិតអាវុធទាំងនោះទេ។
ប្រទេសរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានរំលោភលើកសន្ធិសញ្ញានេះទេ។ ចំណែកឯប្រទេសចិនវិញគឺមិនមែនជាសមាជិកនៃសន្ធិសញ្ញានេះទេ។
ប៉ុន្តែលោក Trump បែរជានិយាយថា៖ «ប្រសិនបើរុស្ស៊ីផលិតអាវុធទាំងនេះ ចិនផលិតអាវុធទាំងនេះហើយសហរដ្ឋអាមេរិកគោរពសន្ធិសញ្ញានេះតែម្នាក់ឯង នោះគឺមិនអាចទទួលយកបាននោះទេ»៕