ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែលើកឡើងថា លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកអាចក្លាយជាមន្ត្រីសំខាន់បន្ទាប់ដែលនឹងចាកចេញពីតំណែងក្នុងជួររដ្ឋាភិបាល។
លោក ត្រាំ ប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយក្នុងកម្មវិធី «៦០នាទី» របស់បណ្តាញសារព័ត៌មាន CBS ថា លោកមិនមែនបង្ហាញសញ្ញាថា លោក Mattis នឹងចាកចេញពីតំណែងនោះទេ ប៉ុន្តែលោកបានបន្ថែមថា «លោកអាចនឹងចាកចេញ។ ខ្ញុំគិតថា លោក Mattis គឺអ្នកប្រជាធិបតេយ្យ ប្រសិនបើអ្នកដឹងពីការពិតនោះ»។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានពណ៌នាលោក Mattis ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ពីទ័ពជើងទឹក Marine Corps ថា «ជាមនុស្សល្អម្នាក់។ លោកមានទំនាក់ទំនងល្អណាស់ជាមួយនឹងអ្នកដទៃទៀត។ ប៉ុន្តែលោកប្រហែលជានឹងចាកចេញ។ នៅពេលណាមួយ អ្នកគ្រប់គ្នាត្រូវចាកចេញ គឺគ្រប់គ្នា។ នេះគឺជាអ្វីដែលកើតឡើងនៅក្នុងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន»។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីអាមេរិកអស់រយៈពេល២១ខែ លោក ត្រាំ បានបណ្តេញមន្ត្រីសំខាន់ៗរាប់សិបនាក់ចេញពីតំណែង ឬក៏លោកសុខចិត្តបណ្តោយឲ្យមន្ត្រីនានាដែលលោកចូលចិត្តលាលែងពីតំណែង ដោយរួមទាំងលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិផងដែរ។ លោកស្រី Haley បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រីនឹងឈប់ពីតំណែងនេះនៅចុងឆ្នាំនេះ៕