លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានបញ្ជូនលោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីតដើម្បីចរចាជាមួយព្រះមហាក្សត្រ Salman អំពីការបាត់ខ្លួនលោកJamal Khashoggi ដែលជាអ្នកកាសែតអារ៉ាប់សា អូឌីតនិងជាអ្នកមានលំនៅក្នុងសហរដ្ឋអាមេរិក។ ប្រភពពីប្រទេសតួកគីបានចោទប្រកាន់ថា លោក Khashoggi បានត្រូវគេធ្វើឃាតយ៉ាងឃោឃៅនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។តើដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងដូចម្តេចនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ី សាអូឌីត?
នៅពេលដែលប៉ូលិសតួកគី បានពិនិត្យស្ថានកុងស៊ុលអារ៉ាប៊ីសា អូឌីតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទដើម្បីរកសញ្ញារបស់លោក Jamal Khashoggi ការចាប់អារម្មណ៍បានបង្វែទៅរដ្ឋាភិបាលក្រុងរីយ៉ាដ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ មានប្រសាសន៍ថា លោកបាននិយាយជាមួយព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ី សាអូឌីត ហើយបានស្នើថា ពួកឃាតករដ៏សាហាវទាំងនោះត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ។លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «ព្រះមហាក្សត្រអារ៉ាប៊ី សាអូឌីត បានបដិសេធមិនដឹងឮអំពីបញ្ហានេះ។ព្រះអង្គ ប្រហែលមិនបានដឹងអំពីបញ្ហានេះមែន។ ខ្ញុំមិនចង់ដឹងអំពីគំនិតរបស់ព្រះអង្គទេ ក៏ប៉ុន្តែ លោក អ្នក ដឹងទេថា ចំពោះខ្ញុំ ពួកគេទាំងនោះអាចជាឃាតករដ៏ព្រៃផ្សៃ។យើងនឹងព្យាយាមសម្រេចពីមូលហេតុនេះនៅពេលឆាប់ៗនេះ ក៏ប៉ុន្តែ ព្រះអង្គបានបដិសេធអំពីបញ្ហានេះ»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានទៅដល់ប្រទេសអារ៉ាប៊ី សាអូឌីតហើយ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន បានលេចចេញមកថា ក្រុមមន្រ្តីអារ៉ាប៊ី សាអូឌីត ត្រូវគេរំពឹងនឹងសារភាពថា អ្នកសរសេរខ្ទង់អត្ថបទឲ្យកាសែត Washington Post បានត្រូវគេសម្លាប់ដោយចៃដន្យក្នុងអំឡុងនៃការសួរចម្លើយខុស។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានរិះគន់ប្រធានាធិបតីដែលនិយាយថា រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត មិនបានដឹងពីអ្វីដែលបានកើតមានឡើងចំពោះលោក Khashoggi ជិត២សប្តាហ៍បន្ទាប់ពីលោកបានត្រូវបានគេឃើញចូលក្នុងស្ថានទូតអារ៉ាប៊ី សាអូឌីត។ លោក Richard Blumenthal បានបញ្ជូនសារតាម Twitter របស់លោកកាលពី១១ម៉ោង មុនថា៖ «ការស្តីបន្ទោសពួកឃាតករព្រៃផ្សៃចំពោះការធ្វើឃាតលោក Khashoggi ធ្វើឲ្យលោកប្រធានាធិបតីត្រាំមើលទៅដូចជាពលរដ្ឋអារ៉ាប៊ី សាអូឌីតដែលសុំទោសគេនៅក្នុងស្ថានភាពពិតជាក់ស្តែងមួយផ្សេងពីនេះ។ជាថ្មីម្តងទៀត ដោយមិនគិតពីការពិតនិងពីការបន្ទាបតម្លៃអាមេរិកាំង»។
អ្នកជំនាញខ្លះនិយាយថា ឧបទ្ទវហេតុនេះ ចោទសួរពីទំនាក់ទំនងដ៏ជិតស្និទ្ធដែលរដ្ឋបាលប្រធានាធិបតីត្រាំមានជាមួយព្រះអង្គម្ចាស់រជ្ជទាយាទMohammed bin Salman ដែលកំពុងទទួលខុសត្រូវកាន់តែខ្លាំងឡើងនៅក្នុងការដឹកនាំព្រះរាជាណាចក្រ។លោកJamal Al Shayyal នៃទូរទស្សន៍ Al Jazeeraបាននិយាយថា៖«គេ មានព្រះអង្គម្ចាស់រជ្ជទាយាទដ៏ក្មេងម្នាក់ដែលរហូតមកទល់ពេលនេះបានធ្វើឲ្យខ្លួនរបស់ព្រះអង្គក្លាយជាមនុស្សម្នាក់ដែលធ្វើទៅតាមអារម្មណ៍ ដែលមិនធ្វើទៅតាមច្បាប់ការទូតអន្តរជាតិ ដែលមិនគោរពសន្ធិសញ្ញាអន្តរជាតិ និងច្បាប់អន្តរជាតិ»។
អ្នកជំនាញផ្សេងទៀតនិយាយថា ប្រទេសអារ៉ាប៊ី សាអូឌីត អាចនឹងមានការរិះគន់យ៉ាងខ្លាំងមកពីពួកអ្នកវិនិយោគប្រទេសលោកខាងលិច បើ រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត បានបញ្ជាឲ្យសម្លាប់លោកKhashoggi មែននោះ។លោកChris Beauchamp ជាអ្នកវិភាគទីផ្សារIGនិយាយថា៖ «ក៏ប៉ុន្តែ ការណ៍នេះកត់សម្គាល់នៃការចេញដំណើរដ៏ច្បាស់ក្រឡែតរបស់អារ៉ាប៊ី សាអូឌីតដើម្បីធ្វើអ្វីដែលពួកគេគិតថាជាការប្រឆាំងដ៏ច្បាស់ក្រឡែតដល់ច្បាប់អន្តរជាតិនិងការទូត។ ខ្ញុំគិតថា ហេតុផលដែលកើតឡើងបន្ទាប់ទៀត អាចធំបំផុត ប្រសិនបើ សហរដ្ឋអាមេរិកនិយាយថា អារ៉ាប់ប៊ី សាអូឌីត មានទោសពីការធ្វើឃាតលោក Khashoggi នោះ»។
ក្នុងការតវ៉ាប្រឆាំងនឹងការបាត់ខ្លួនលោកKhashoggiនោះ ពាណិជ្ជករសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្និសីទកិច្ចផ្តួចផ្តើមការវិនិយោគនាថ្ងៃអនាគតនៅសប្តាហ៍ក្រោយក្នុងរាជធានីរីយ៉ាដ ដែលត្រូវបានគេចាត់ទុកជា«ទីក្រុងDavos នៅវាលខ្សាច់» បន្ទាប់ពីជំនួបប្រចាំឆ្នាំរបស់ផលប្រយោជន៍សេដ្ឋកិច្ចសាកលលោកក្នុងប្រទេសស្វីស។
ប្រែសម្រួលដោយជឹង ប៉ូជីន