ព្រឹទ្ធសភាដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋនឹងព្យាយាមលុបចោលច្បាប់ធានារ៉ាប់រងសុខភាព Obamacare ម្ដងទៀតនៅក្នុងសប្ដាហ៍នេះ ដោយព្យាយាមធ្វើការឲ្យល្អទៅតាមការសន្យាដ៏សំខាន់មួយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។
ដោយសារតែបំណងលុបចោលច្បាប់ធានារ៉ាប់រងសុខភាពនៅមានភាពស្រពិចស្រពិលនៅឡើយ អ្នកគាំទ្ររបស់លោក ត្រាំ អ្នកប្រឆាំង និងអ្នកវិភាគកំពុងតែតាមដានថាតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀតទៅលើគោលនយោបាយនៅក្នុងប្រទេសដ៏មានមហិច្ឆតារបស់លោក ត្រាំ។
មានការតវ៉ាបន្ថែមទៀតកាលពីសប្ដាហ៍មុនទៅលើផែនការរបស់គណបក្សសាធារណរដ្ឋក្នុងលុបចោលច្បាប់ធានារ៉ាប់រងសុខភាព Obamacare ហើយសូម្បីតែសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋក៏ទៅសេតវិមានដើម្បីស្ដាប់ការអំពាវនាវថ្មីមួយរបស់លោកប្រធានាធិបតី ត្រាំ ដែរ។
លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា «អស់រយៈពេល៧ឆ្នាំមកហើយ ដែលអ្នកបានសន្យានឹងពលរដ្ឋអាមេរិកាំងថា អ្នកនឹងលុបចោលច្បាប់ធានារ៉ាប់រងសុខភាព Obamacare។ ប្រជាពលរដ្ឋកំពុងតែជួបបញ្ហា។ ភាពអសកម្មមិនមែនជាជម្រើសនោះទេ»។
មានពេលមួយ លោក ត្រាំ បានលើកឡើងថា ប្រហែលជាដល់ពេលហើយដែលត្រូវឲ្យច្បាប់ធានារ៉ាប់រងសុខភាព Obamacare បរាជ័យ។ កិច្ចខិតខំប្រឹងប្រែងបន្ទាប់ទៀតរបស់គណបក្សសាធារណរដ្ឋគឺគ្រាន់តែមានគោលបំណងលុបចោលច្បាប់ធានារ៉ាប់រងសុខភាពនេះប៉ុណ្ណោះ ហើយនេះជាអ្វីដែលសមាជិកគណបក្សប្រជាធិបតេយ្យដូចជាលោកសមាជិកព្រឹទ្ធសភា Chuck Schumer ជាដើមជំទាស់។
លោក Chuck Schumer បានមានប្រសាសន៍ថា៖ «កុំធ្វើឲ្យវាក្លាយជាកំហុសឲ្យសោះ។ ការដែលលុបចោលច្បាប់ធានារ៉ាប់រងសុខភាពដោយគ្មានការដាក់ច្បាប់ថ្មីជំនួសវិញគឺជាគ្រោះមហន្តរាយមួយ»។
លោកស្រី Molly Reynolds នៃអង្គការ Brookings Institution បានថ្លែងថា ការរាំងស្ទះខាងច្បាប់ធានារ៉ាប់រងសុខភាពគឺជាបរាជ័យនយោបាយមួយសម្រាប់លោកប្រធានាធិបតី។
លោកស្រី Reynolds បានមានប្រសាសន៍ថា៖ «សម្រាប់ប្រធានាធិបតីម្នាក់ដែលបានប្រឹងប្រែងយ៉ាងច្រើននៅក្នុងយុទ្ធនាការបោះឆ្នោតនិងនៅពេលដំបូងៗនៃអាណត្តិរបស់ខ្លួនដើម្បីតែជ័យជម្នះនោះ គឺជាបរាជ័យមួយសម្រាប់លោក»។
សមាជិកគណបក្សសាធារណរដ្ឋនៅតែមានការខ្វែងគំនិតគ្នា ចំពោះច្បាប់ថ្មីសម្រាប់ជំនួសច្បាប់ Obamacareនេះ។
ប៉ុន្តែពួកគេភាគច្រើនចង់ធ្វើតាមការសន្យានៅក្នុងពេលយុទ្ធនាការបោះឆ្នោត។ នេះបើយោងតាមការបញ្ជាក់របស់លោក Mitch McConnell មេដឹកនាំព្រឹទ្ធសភា។
លោក McConnell បានថ្លែងថា៖ «មានមនុស្សភាគច្រើននៅក្នុងគណបក្សរបស់យើង ដែលចង់បង្ហាញដល់ប្រជាពលរដ្ឋអាមេរិកាំងថា ពួកគេចង់រក្សាការប្តេជ្ញារបស់ខ្លួនដែលបានសន្យានៅក្នុងការបោះឆ្នោតចំនួន៤ដងជាប់ៗគ្នានៅក្នុងការលុបចោលច្បាប់ Obamacareនេះ»។
អ្នកអភិរក្សនិយមមួយចំនួននិយាយថា ផែនការនេះមិនទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីលុបចោលច្បាប់ Obamacare ទេ ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋនិយមកណ្ដាលមួយចំនួនមានការព្រួយបារម្ភចំពោះការប៉ាន់ស្មានដែលថា ប្រជាពលរដ្ឋអាមេរិកាំងជាង២០លាននាក់អាចនឹងបាត់បង់ការធានារ៉ាប់រងសុខភាពរបស់ពួកគេ។
លោក Kyle Kondik នៃសាកលវិទ្យាល័យ University of Virginia បានមានប្រសាសន៍ថា បញ្ហាភ្លាំងភ្លាត់ណាមួយពាក់ព័ន្ធនឹងច្បាប់ធានារ៉ាប់រងសុខភាពអាចធ្វើឲ្យសមាជិកគណបក្សសាធារណរដ្ឋបាត់បង់ការគ្រប់គ្រងសភានៅឆ្នាំក្រោយ។
លោក Kondik បានថ្លែងថា៖ «ជាទូទៅ ប្រសិនបើអត្រាគាំទ្ររបស់លោកប្រធានាធិបតីនៅតែមានអត្រា៤០ភាគរយឬទាបជាងនេះ គណបក្សសាធារណរដ្ឋនឹងបាត់បង់ការគ្រប់គ្រងនៅក្នុងរដ្ឋសភា ព្រោះបើមើលតាមប្រវត្តិសាស្ត្រ ប្រធានាធិបតីដែលមានអត្រាគាំទ្រទាបបានបាត់បង់យ៉ាងច្រើននៅក្នុងរដ្ឋសភា»។
ប្រសិនបើសមាជិកគណបក្សសាធារណរដ្ឋមិនអាចដោះស្រាយការខ្វែងគំនិតគ្នានេះបានទេ ពួកគេប្រហែលជាត្រូវងាកទៅរកសមាជិកគណបក្សប្រជាធិបតេយ្យដើម្បីឲ្យឈានដល់ការព្រមព្រៀងគ្នាមួយលើច្បាប់នេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក Matthew Fiedler អ្នកជំនាញខាងការធានារ៉ាប់រងសុខភាពនៃអង្គការ Brookings Institution។
លោក Fiedler បានថ្លែងថា៖ «ប្រសិនបើច្បាប់នេះបរាជ័យ នឹងត្រូវមានការចរចារវាងគណបក្សទាំងពីរ ដែលត្រូវពិនិត្យមើលទៅលើការកែប្រែតូចៗមួយចំនួន ជាពិសេសចំណុចដែលប៉ះពាល់ដល់ការធានារ៉ាប់រងសុខភាពរបស់បុគ្គលម្នាក់ៗ»។
កិច្ចខិតខំប្រឹងប្រែងក្នុងការលុបចោលច្បាប់ធានារ៉ាប់រងសុខភាពដែលមានរយៈពេលយូរនេះ បានពន្យារពេលទៅលើសកម្មភាពអាទិភាពនៃគោលនយោបាយក្នុងប្រទេសដទៃទៀតរបស់លោក ត្រាំ ដែលក្នុងនោះមានទាំងការសន្យាដ៏សំខាន់មួយផ្សេងទៀតក្នុងពេលយុទ្ធនាការបោះឆ្នោត នោះគឺកំណែទម្រង់ពន្ធដារ៕
ប្រែសម្រួលដោយ ហុង ចិន្តា