ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាស៊ីនតោន​សប្ដាហ៍​នេះ៖ ច្បាប់​ធានា​រ៉ាប់រង​សុខភាព និង​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី


លោក​ប្រធានាធិបតី Donald Trump ប្រមូល​ផ្តុំ​ជាមួយ​នឹង​លោក​អនុប្រធានាធិបតី Mike Pence និង​តំណាងរាស្ត្រ​របស់​គណបក្ស​សាធារណដ្ឋ​នៅ​ក្នុង​សួន​កុលាប​នៃ​សេតវិមាន បន្ទាប់​ពី សភា​តំណាងរាស្ត្រ​អនុម័ត​ច្បាប់ American Healthcare Act ដើម្បី​ជំនួស​ផ្នែក​សំខាន់ៗ​នៃ​ច្បាប់ Obamacare នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ប្រមូល​ផ្តុំ​ជាមួយ​នឹង​លោក​អនុប្រធានាធិបតី Mike Pence និង​តំណាងរាស្ត្រ​របស់​គណបក្ស​សាធារណដ្ឋ​នៅ​ក្នុង​សួន​កុលាប​នៃ​សេតវិមាន បន្ទាប់​ពី សភា​តំណាងរាស្ត្រ​អនុម័ត​ច្បាប់ American Healthcare Act ដើម្បី​ជំនួស​ផ្នែក​សំខាន់ៗ​នៃ​ច្បាប់ Obamacare នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

អនាគត​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព​របស់​សហរដ្ឋ​អាមេរិក​នៅតែ​ជា​ចម្ងល់​ដដែល ដោយសារតែ​ជា​ថ្មី​ម្ដង​ទៀត សមាជិក​នានា​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ពន្យារពេល​ការ​បោះ​ឆ្នោត​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​នេះ ដើម្បី​ជំនួស​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Obamacare។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​របស់​លោក​ប្រធានាធិបតី Donald Trump នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​ដែល​កើត​ចេញ​មក​ពី​សារ​អ៊ីម៉ែល​មួយ​ចំនួន ដែល​បង្ហាញ​ថា កូន​ប្រុស​របស់​លោក Trump ចង់​ឲ្យ​រុស្ស៊ី​ផ្ដល់​នូវ​វិធី​ទប់ទល់​នឹង​លោកស្រី Hillary Clinton នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

សារ​បង្ហោះ​តាម​ប្រព័ន្ធ Twitter កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​បាន​បំភ្លៃ​អត្ថន័យ​ពិត​ប្រាកដ​របស់​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​បកស្រាយ​ដោយ​មិន​សមហេតុផល​ចំពោះ​លោក Donald Trump Jr. ដែល​ជា​កូន​ប្រុស​របស់​លោក។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា៖ «កូន​ប្រុស​របស់​ខ្ញុំ​គឺ​ជា​បុរស​វ័យ​ក្មេង​ដ៏​អស្ចារ្យ​ម្នាក់។ លោក​បាន​ជួប​ជាមួយ​នឹង​មេធាវី​ជនជាតិ​រុស្ស៊ី​មួយ​រូប មិន​មែន​មេធាវី​របស់​រដ្ឋាភិបាល​រុស្ស៊ី​នោះ​ទេ‍»។

ប៉ុន្តែ ឥឡូវ​នេះ គេ​បាន​ដឹង​ថា អ្នក​បញ្ចុះបញ្ចូល​គោល​នយោបាយ​អាមេរិកាំង​ដើម​កំណើត​រុស្ស៊ី​ម្នាក់ ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ព័ត៌មាន​សម្ងាត់​របស់​រុស្ស៊ី បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦ ហើយ​ការ​លើក​ឡើង​ខុសៗ​គ្នា​របស់​លោក Trump Jr. បាន​បង្ក​ឲ្យ​មាន​ការ​ពិនិត្យពិច្ច័យ។

លោក Adam Schiff សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​នៅ​ក្នុង​កម្មវិធី​សប្ដាហ៍​នេះ​របស់​ទូរទស្សន៍ ABC ថា៖ «ដំបូង លោក Trump Jr. បាន​និយាយ​ថា មិន​មាន​ជំនួប​ដូច​នេះ​ធ្លាប់​កើត​មាន​ឡើង​នោះ​ទេ ហើយ​បន្ទាប់​មក លោក​បាន​និយាយ​ថា ជំនួប​នេះ​គឺ​ជា​ជំនួប​អំពី​ការ​សុំ​កូន​ចិញ្ចឹម ហើយ​ក្រោយ​មក​ទៀត លោក​បាន​ទទួល​ស្គាល់​ថា ជំនួប​នោះ​គឺ​ជា​ជំនួប​អំពី​ការ​ទទួល​បាន​ព័ត៌មាន​អំពី​លោកស្រី Hillary Clinton ហើយ​បន្ទាប់​ពី​នោះ​មក លោក​មិន​បាន​បញ្ជាក់​អំពី​នរណា​ខ្លះ​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ទេ។ ដូច្នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​អ្វី​ដែល​លោក Trump Jr. បាន​និយាយ។ ហើយ​ជា​ការណ៍​ពិត​ណាស់ យើង​ក៏​មិន​អាច​ទទួល​យក​បាន​ភាគ​ច្រើន​នូវ​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​និយាយ​អំពី​បញ្ហា​នេះ​ផង​ដែរ‍»។

លោក Jay Seculow មេធាវី​របស់​លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​សប្ដាហ៍​នេះ​របស់​ទូរទស្សន៍ ABC ថា៖ «លោក Donald Trump Jr. ផ្ទាល់ បាន​និយាយ​ថា រឿងរ៉ាវ​ទាំង​នេះ​គួរតែ​ធ្វើ​ឡើង​ផ្សេង​ពី​នេះ។ បន្ទាប់ពី​បាន​និយាយ​ដូច្នេះ​មក យើង​ឃើញ​ថា គ្មាន​អ្វី​មួយ​ដែល​រំលោភ​ច្បាប់​នោះ​ទេ‍»។

ក្រុម​មេធាវី​របស់​លោក Trump បាន​ទទូច​ថា លោក​ប្រធានាធិបតី Trump មិន​បាន​ដឹង​អំពី​ជំនួប​របស់​កូន​ប្រុស​លោក​នោះ​ទេ។

លោក Trump Jr. ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​ប្រព័ន្ធ​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​ដើម​សប្ដាហ៍​នេះ។

លោក Donald Trump Jr. បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ Fox News ថា៖ «ខ្ញុំ​មាន​ក្ដី​រីករាយ​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ចំពោះ​រឿង​នេះ ហើយ​ខ្ញុំ​មាន​ក្ដី​រីករាយ​បំផុត​ក្នុង​ការ​សហការ​ជាមួយ​អ្នក​ដទៃ​ទៀត‍»។

ស្រប​ពេល​នោះ​ដែរ ការ​បោះ​ឆ្នោត​លើ​គម្រោង​ធានា​រ៉ាប់រង​សុខភាព​របស់​គណបក្ស​សាធារណរដ្ឋ ត្រូវ​បាន​ពន្យារពេល​ម្ដង​ទៀត ដោយសារតែ​សមាជិក​ព្រឹទ្ធសភា​លោក John McCain ទើប​តែ​បាន​ជះ​សះស្បើយ​ពី​ការ​វះកាត់​ដែល​មិន​មាន​ការ​គ្រោង​ទុក​មួយ។ គណបក្ស​សាធារណរដ្ឋ​ត្រូវការ​ការ​គាំទ្រ​ភាគ​ច្រើន​ដែល​អាច​ទៅ​រួច ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​បាន​រួម​គ្នា​ប្រឆាំង​នឹង​គម្រោង​នេះ ហើយ​សមាជិក​ពីរ​រូប​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​បញ្ជាក់​រួច​រាល់​ហើយ​ថា នឹង​មិន​គាំទ្រ​ចំពោះ​រឿង​នេះ​ទេ។

លោកស្រី Susan Collins សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ថា៖ «ច្បាប់​ធានា​រ៉ាប់រង​សុខភាព​របស់​គណបក្ស​សាធារណរដ្ឋ អាច​ក្លាយជា​គម្រោង​ធានា​រ៉ាប់រង​សុខភាព​មួយ ដែល​ស្ទើរតែ​មិន​មែន​ជា​ការ​ធានា​រ៉ាប់រង​សុខភាព​ទាល់តែ​សោះ។ ច្បាប់​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ថ្លៃ​បង់​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​បុគ្គល​ងាយ​រងគ្រោះ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​មាន​រោគ​សញ្ញា​ជំងឺ​ដែល​ធ្លាប់​មាន​ពី​មុន​មក»។

ប៉ុន្តែ សេតវិមាន​បាន​បញ្ជាក់​ថា វា​នឹង​មិន​ក្លាយ​ទៅ​ជា​ដូច្នោះ​នោះ​ទេ។

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា៖ «នៅ​ទី​បំផុត យើង​នឹង​មាន​គម្រោង​ធានា​រ៉ាប់រង​សុខភាព​ដ៏​ប្រសើរ​មួយ ដែល​មាន​តម្លៃ​ទាប​ជាង​មុន‍»។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​តូច​ដែល​នៅ​មិន​ទាន់​សម្រេច​ចិត្ត អាច​ប្រកាស​អំពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​គម្រោង​នេះ​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ពេល​ដែល​ការិយាល័យ​ថវិកា​របស់​សភា​ផ្សព្វផ្សាយ​អំពី​ការ​ប៉ាន់ប្រមាណ​ទុក​ជា​មុន​ចំពោះ​ផល​ប៉ះពាល់​របស់​គម្រោង​ធានា​រ៉ាប់រង​សុខភាព​ដែល​មាន​ការ​កែ​ប្រែ​ជា​ថ្មី​នេះ ទៅ​លើ​ទំហំ​នៃ​ការ​ធានា​រ៉ាប់រង និង​លទ្ធភាព​នៃ​ការ​ចំណាយ​បាន​របស់​ប្រជាពលរដ្ឋ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG