សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ នៅក្នុងសប្ដាហ៍នេះ មានគម្រោងជំរុញឲ្យព្រឹទ្ធសភាធ្វើការអនុម័តច្បាប់ធានារ៉ាប់រងសុខភាពថ្មី ដើម្បីជំនួសច្បាប់ធានារ៉ាប់រងសុខភាពរបស់អតីតប្រធានាធិបតី Barack Obama។
កាលពីខែមុន ព្រឹទ្ធសភាបានឃើញច្បាប់ធានារ៉ាប់រងសុខភាពនេះពីរច្បាប់ផ្សេងៗគ្នា។ មួយគឺចង់លុបចោលទាំងស្រុងនូវច្បាប់ Obamacare ដើម្បីជំនួសដោយច្បាប់ធានារ៉ាប់រងសុខភាពថ្មី។ មួយទៀតគឺការទុកពេលពីរឆ្នាំដើម្បីលុបចោលនូវច្បាប់នេះ ក្នុងគោលបំណងដើម្បីឲ្យសមាជិកសភាមានពេលវេលាដើម្បីរិះរកវិធីក្នុងការជំនួសច្បាប់ធានារ៉ាប់រងសុខភាព Obamacare នេះ ដោយច្បាប់ថ្មី។
ច្បាប់ទាំងពីរប្រភេទនេះ ត្រូវបានជំទាស់ទាំងស្រុងពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងការជំទាស់គ្រប់គ្រាន់ពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួន ដែលបង្អាក់ដល់នីតិវិធីក្នុងការអនុម័តច្បាប់នេះ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក John Thune បាននិយាយនៅថ្ងៃអាទិត្យនេះថា មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Mitch McConnell នឹងធ្វើការបោះឆ្នោតស្របទៅតាមនីតិវិធីនៅក្នុងសប្ដាហ៍នេះ ទៅលើច្បាប់ធានារ៉ាប់រងសុខភាពថ្មីនេះ ដែលបើកឱកាសឲ្យមានការជជែកដេញដោល និងការកែប្រែចំពោះច្បាប់នេះ។
អ្វីដែលចែងមិនច្បាស់នៅក្នុងច្បាប់ថ្មីនេះ គឺនឹងត្រូវគេធ្វើការបោះឆ្នោត។ រដ្ឋសភាបានអនុម័តច្បាប់ធានារ៉ាប់រងសុខភាពថ្មី ដើម្បីជំនួសទាំងស្រុងនូវច្បាប់ Obamacare កាលពីខែឧសភាកន្លងទៅនេះ៕