មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអាមេរិកកាលពីថ្ងៃអង្គារជួបការលំបាកក្នុងការលុបចោលច្បាប់ថែទាំសុខភាពដ៏សំខាន់នៅក្នុងប្រទេស និងបានផ្អាកការបោះឆ្នោត បន្ទាប់ពីការវិភាគឯករាជ្យបង្ហាញថា មនុស្ស២២លាននាក់នឹងបាត់បង់ប័ណ្ណធានារ៉ាប់រងសុខភាពរបស់ពួកគេនៅទសវត្សរ៍ក្រោយ ប្រសិនបើសំណើក្នុងការលុចចោលច្បាប់ថែទាំសុខភាពត្រូវបានគេអនុម័ត។
លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាបានថ្លែងទៅកាន់សហការីគណបក្សសាធារណរដ្ឋរបស់លោកថា លោកនឹងពន្យារពេលបោះឆ្នោតដែលបានគ្រោងទុកក្នុងសប្តាហ៍នេះ រហូតក្រោយបុណ្យឯករាជ្យថ្ងៃទី៤ ខែកក្កដា។
តំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋមួយចំនួននិយាយថា ពួកគេនឹងមិនបោះឆ្នោតដើម្បីចាប់ផ្តើមការពិភាក្សាដេញដោលទៅលើសំណើរបស់គណបក្សទេ ដែលការណ៍នេះបង្ខំឲ្យលោក McConnell បោះបង់ចោលផែនការរបស់លោកនិងធ្វើការបោះឆ្នោតមុនចុងសប្តាហ៍នេះ មុនពេលដែលតំណាងរាស្ត្រចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃឈប់សម្រាក។
អ្នកប្រឆាំងនឹងការកែប្រែច្បាប់ថែទាំសុខភាពនិយាយថា ផែនការរបស់គណបក្សសាធារណរដ្ឋអាចនឹងប៉ះពាល់ដល់ពលរដ្ឋអាមេរិកាំងដែលក្រីក្រយ៉ាងច្រើន ឬត្រូវរក្សាច្បាប់ថែទាំសុខភាពដ៏ល្បីល្បាញដែលមានអាយុកាល៧ឆ្នាំដែលគេស្គាល់ថា Obamacare នោះទេ។ ច្បាប់នេះគឺជាកេរតំណែលរបស់លោកអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា៕