ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden​ និង​ក្រុម​មេដឹកនាំ​​ពិភពលោក​​ពិភាក្សា​គ្នា​អំពី​បញ្ហា​សាកល


លោក Joe Biden ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delawareកាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
លោក Joe Biden ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delawareកាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​វិច្ឆិកា ក្រុម​មេដឹកនាំ​នៃ​ប្រទេស​នៅ​អាស៊ី​ដែល​ជាសម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក បាននិយាយ​ជា​មួយ​លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត ​អំពី​បញ្ហាសាកល​នានាជា​បន្ទាន់​ ទោះ​ជា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅ​តែ​ប្រឆាំងនឹង​ជ័យជម្នះរបស់​លោក Biden ជាមួយ​នឹង​ការជំទាស់ខាង​ផ្លូវ​ច្បាប់ដែល​នាំ​ឱ្យ​មានការ​លំបាក​ដល់​ដំណើរការ​អន្តរកាល​នៅ​ក្រោយការ​បោះឆ្នោត។

ក្រុម​មេដឹកនាំ​ទាំងនេះបាននិយាយ​ថា ពួកគេបានពិភាក្សា​គ្នាអំពីការ​រាតត្បាតជា​សាកល​នៃ​វីរុស​កូរ៉ូណា ការ​ប្រែប្រួល​អាកាសធាតុ​ និង​បញ្ហា​ឯទៀតៗ។ ​ក្រុមមេដឹកនាំ​ទាំងនេះ យល់​ថា ​លោក Biden ហាក់​ដូចជាមាន​បំណងបន្ធូរកង្វល់​របស់​ពួក​គេ អំពី​គោលការណ៍របស់​លោក Trump ដែល​ចាត់ទុក​ «ប្រទេស​អាមេរិកមុន​អ្វីៗ​ទាំងអស់»។

លោកនាយករដ្ឋមន្ត្រីជប៉ុន​ Yoshihide Suga បានមានប្រសាសន៍​នៅ​ក្រោយ​ការនិយាយ​គ្នា​តាម​ទូរសព្ទ ១៥ នាទី​ ថា ​លោក​និងលោក Biden បាន​យល់​ស្រប​គ្នាពង្រឹងសម្ព័ន្ធភាព​របស់​អស់​លោក​ នៅក្រោយ​កំណើនឥទ្ធិពល​សាកលរបស់​ប្រទេស​ចិន និងការកើន​ឡើង​នៃការគំរាម​កំហែងនុយក្លេអ៊ែររបស់ប្រទេស​កូរ៉េខាង​ជើង។

លោក Suga បាននិយាយប្រាប់ក្រុម​អ្នក​កាសែត នៅក្រោយ​ការសន្ទនា​គ្នា​តាម​ទូរសព្ទ​នោះ​ថា៖ «ខ្ញុំនឹង​ធ្វើការ​ជា​មួយ​លោកប្រធានាធិបតី​ជាប់​ឆ្នោត Biden ដើម្បី​ជំរុញ​ទៅ​មុខនូវ​វិធានការសម្រាប់​ពង្រឹងសម្ព័ន្ធភាពរវាង​ប្រទេស​ជប៉ុន​និងសហរដ្ឋអាមេរិក។

ការិយាល័យ​របស់​លោក Biden បាន​និយាយ​ថា​ លោក Biden ​និង​លោក Suga បានពិភាក្សា​គ្នា​អំពី «ការប្តេជ្ញា​រួម​គ្នារបស់​លោក​ទាំង​ពីរ ដើម្បី​ដោះស្រាយបញ្ហា​នៃ​ការ​ប្រែប្រួល​ធាតុអាកាស ការ​ពង្រឹងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​ និង​ការ​ពង្រឹង​សម្ព័ន្ធភាពរវាង​សហរដ្ឋអាមេរិកនិង​ជប៉ុន​ជា​ថ្មី​ ដែល​ជាមូលដ្ឋាន​នៃភាពរុង​រឿង​និង​សន្តិសុខ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ បាន​និយាយថា​ លោក Biden បានបញ្ជាក់​ជា​ថ្មីអំពី​ការ​ប្តេជ្ញា​របស់សហរដ្ឋអឫមេរិកថា​ នឹង​ការពារកូរ៉េខាង​ត្បូង ហើយ​និង​ជួយប្រទេស​នេះ​ ធ្វើ​ឱ្យធូរស្រាលដល់ការ​ទាល់ច្រកក្នុងបញ្ហានុយក្លេអ៊ែរ​ជា​មួយ​កូរ៉េខាង​ជើង។

អ្នក​នាំ​ពាក្យ​លោក Kang Min-Seok បានថ្លែងថា មេដឹកនាំទាំងពីរ​នាក់​នេះ​ ក៏​បាន​យល់​ស្រប​គ្នា​នៅក្នុង​ការ​សន្ទនា​គ្នា ១ ៤នាទី​ ថា នឹង​ជួប​ជំនុំ​គ្នា​ «ក្នុងពេល​ឆាប់ៗនេះ» ​នៅក្រោយ​ការ​សម្ពោធ​ចូលកាន់​តំណែងរបស់​លោក Biden នៅ​ថ្ងៃ​ទី២០ ខែមករា​ឆ្នាំក្រោយនេះ។

ការិយាល័យរបស់​លោក Biden បាននិយាយ​ថា​ លោកប្រធានាធិបតី​ជាប់​ឆ្នោត​ បាន​បង្ហាញ​គោល​បំណងក្នុងការ​ពង្រឹង​សម្ព័ន្ធភាពរវាង​ក្រុម​ប្រទេស​ដែលបម្រើការ​ជា «ប្រភពនៃការគាំទ្រ​ដល់​សន្តិសុខនិងវិបុលភាពនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ​និងការ​រើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សាកល។ ការិយាល័យរបស់​លោក Biden ក៏​បានថ្លែង​ដែរ​ថា ​លោក Biden ​និង​លោក Moon ក៏​បាន​ពិភាក្សាគ្នា​ផង​ដែរ​ អំពី​«ការ​យក​ចិត្តទុកដាក់ទ្វេភាគី​របស់​លោកទាំង​ពីរ ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សាកល»។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលីលោក Scott Morrison ​បាន​មានប្រសាសន៍​ថា​ លោកនិង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោតបាន​ពិភាក្សា​គ្នា អំពី​ការប្តេជ្ញា​របស់​អស់​លោក​ ដើម្បី​ពង្រឹង​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ។

លោក​ Morrison ថ្លែង​ថា៖ «យើងបាន​យល់​ស្រប​គ្នា​ថា ​គ្មាន​ពេល​ណាសំខាន់​ជាង​ពេល​នេះ​ទេ​សម្រាប់សម្ព័ន្ធភាព​នេះ​រវាង​យើង​និង​សហរដ្ឋអាមេរិក។​ ប្រទេសយើង​ទាំង​ពីរ ដែល​មានចិត្តគំនិត​ដូចគ្នានិង​មាន​សេចក្តី​ថ្លៃថ្នូរ​ដូចគ្នា នឹង​ធ្វើការ​ជា​មួយ​គ្នា​ ដើម្បី​លើក​តម្កើង​សន្តិភាព​និង​ស្ថិរភាពនៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

បើ​តាមការិយាល័យ​របស់​លោក Biden​ លោក​បាន​មានប្រសាសន៍​ថា ​លោកស្វាគមន៍ឱកាស​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជា​មួយ​នឹង​លោក Morrison​៖ «អំពីឧបសគ្គ​ជា​ច្រើន​ដែល​មានរួម​បញ្ចូល​ទាំង​ការ​ទប់ស្កាត់​នឹង​ការ​រាតត្បាតជំងឺ​កូវីដ១៩ និង​ការប្រុង​ប្រយ័ត្នប្រឆាំង​នឹង​ការ​គំរាមកំហែង​ខាងសុខភាព​សាកលក្នុង​ពេល​អនាគត ការប្រឈម​នឹងការ​ប្រែប្រួល​ធាតុអាកាស​ ការ​ចាប់​ផ្តើម​រកវិធី​ធ្វើ​ឱ្យ​មាន​ការ​រើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​សាកល ការ​ពង្រឹងលទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​ធ្វើ​ឱ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មានសន្តិសុខ​និងភាព​រុងរឿង»។​

ក្រុម​មេដឹកនាំសឹង​តែ​ទាំងអស់​នៃប្រទេស​ធំៗក្នុងពិភពលោក​បាន​ទទួល​ស្គាល់លោក Biden ថាជា​ប្រធានាធិបតីជាប់​ឆ្នោត​ ទោះណា​ជាលោក Trump នៅ​តែ​ចោទ​ប្រកាន់ដោយគ្មាន​មូលដ្ឋាន​ថា​ មានការ​បន្លំ​សន្លឹក​ឆ្នោត ហើយ​និយាយ​អះអាង​ថា​ លោក​ឈ្នះការ​បោះឆ្នោត កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា​ក៏​ដោយ។

មានការ​លើកលែងគួរ​កត់​សម្គាល់​ ដែលប្រធានាធិបតី​រុស្សី​លោក Vladimir Putin លោក​ប្រធានាធិបតី ​Xi Jinping ប្រធានាធិបតីប្ចិន ​និងប្រធានាធិបតីប្រទេសប្រេស៊ីល លោក Jair Bolsonaro ដែលមិនទាន់បានទទួលស្គាល់លោក Biden ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ​ឈឹម សុមេធ

XS
SM
MD
LG