ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​អាមេរិក​ថា លោក Trump មិន​សហការ​ជាមួយ​ក្រុម​អន្តរកាល​លោក Biden អំពី​ព័ត៌មាន​ជំងឺ​កូវីដ១៩


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ថ្លែងនៅសេតវិមាន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ថ្លែងនៅសេតវិមាន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក្រុម​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការណ៍​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​សុខចិត្ត​ចុះចាញ់​លោក ចូ បៃដិន (Joe Biden) នៅ​ក្នុង​ការ​បោះឆ្នោត បាន​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ដល់​មន្ត្រី​របស់​លោក បៃដិន ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​នេះ។

លោក​វេជ្ជបណ្ឌិត Atul Gawande ដែល​ជា​ទីប្រឹក្សា​ផ្នែក​ជំងឺ​កូវីដ១៩ ម្នាក់​របស់​លោក បៃដិន បាន​បញ្ជាក់​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC ថា៖ «វា​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ដែល​ក្រុម​អន្តរកាល [របស់​លោក បៃដិន] ទទួល​បាន​នូវ​ព័ត៌មាន​ទាក់ទិន​នឹង​ការ​វាយ​តម្លៃ​អំពី​ការ​គំរាម​កំហែង យល់​ដឹង​អំពី​ផែនការ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង ដូចជា​ឃ្លាំង​ស្តុក​ទុក​ឧបករណ៍​នានា និង​ស្ថានភាព​នៃ​ម៉ាស់​និង​ស្រោម​ដៃ​ជាដើម»។

លោក​បាន​បន្ថែម​ថា៖ «មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ចាំបាច់​ត្រូវ​ចែកចាយ។ យើង​មិន​ត្រូវ​រង់ចាំ​ឲ្យ​ដល់​នាទី​ចុងក្រោយ​នោះ​ទេ»។

លោក ត្រាំ បាន​បដិសេធ​មិន​ព្រម​សុខចិត្ត​ចុះចាញ់​លោក បៃដិន នៅ​ក្នុង​ការ​បោះឆ្នោត ខណៈ​ដែល​លោក​បន្ត​ទាមទារ​ខាង​ផ្លូវ​ច្បាប់​ថា ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ មាន​ការ​លួច​បន្លំ ហើយ​លោក​បាន​រារាំង​រដ្ឋបាល​របស់​លោក​មិន​ឲ្យ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុម​អន្តរកាល​របស់​លោក បៃដិន នៅ​គ្រប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ទាំង​អស់។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​ជំនាញ​ម្នាក់​នៅ​ក្នុង​ក្រុម​ការងារ​វីរុស​កូរ៉ូណា​របស់​លោក ត្រាំ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា៖ «ជា​ការ​ពិត វា​ជា​ការ​ប្រសើរ ប្រសិនបើ​យើង​អាច​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ពួកគេ»។

លោក Fauci និយាយ​ថា លោក​បាន​ធ្វើការ​ជាមួយ​ក្រុម​អន្តរកាល​នយោបាយ ដែល​ទាក់ទិន​នឹង​ការ​ផ្ទេរ​តំណែង​ប្រធានាធិបតី​ចំនួន ៦ អាណត្តិ​មក​ហើយ៕

XS
SM
MD
LG