ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​សង្ឃឹមថា នឹង​ចេញ​ពី​មន្ទីរពេទ្យ​ឆាប់ៗ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​កំពុង​ទទួល​ការព្យាបាល​ នៅក្នុង​មន្ទីរពេទ្យ​យោធា​មួយ​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ក្នុង​វីដេអូ​មួយ​ចេញ​ពី​បន្ទប់​ដែល​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​កំពុង​ទទួល​ការព្យាបាល​ នៅក្នុង​មន្ទីរពេទ្យ​យោធា​មួយ​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ក្នុង​វីដេអូ​មួយ​ចេញ​ពី​បន្ទប់​ដែល​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​បង្ហោះ​វីដេអូ​មួយ​ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​បញ្ជាក់​ថា លោក​កំពុង​តែ​ធូរស្បើយ​ជាង​មុន ហើយ​សង្ឃឹម​ថា «នឹង​ត្រឡប់​ទៅ​វិញ​ឆាប់ៗ»។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​មាន​រយៈពេល ៤ នាទី លោក Trump និយាយ​ថា លោក «មិន​សូវ​ស្រួលខ្លួន​ទេ» នៅ​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យោធា Walter Reed ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​ពី​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​លោក​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​ច្រើន​ណាស់​នៅ​ពេល​នេះ» ហើយ​ថា បុគ្គលិក​ពេទ្យ «ខិតខំប្រឹងប្រែង​ណាស់​ដើម្បី​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ធម្មតា​វិញ»។

កាល​ពី​យប់​ថ្ងៃ​សៅរ៍ វេជ្ជបណ្ឌិត​របស់​លោក Trump គឺ​លោក Sean Conley បាន​បង្ហាញ​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ព្យាបាល​លោក Trump ប៉ុន្តែ​លោក​បាន​បន្ថែម​ថា លោក Trump «នៅ​មិន​ទាន់​ឆ្លង​ផុត​គ្រោះថ្នាក់​នៅ​ឡើយទេ»។

សំឡេង​របស់​លោកTrump រាង​ស្អក​បន្តិច​នៅ​ក្នុង​វីដេអូ​នោះ ប៉ុន្តែ​លោក​ហាក់​ដូចជា​រឹងមាំ​ណាស់ នៅ​ពេល​ដែល​លោក​និយាយ​ថា លោក​កំពុង​តែ​ប្រយុទ្ធប្រឆាំង​ដើម្បី​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។

លោក​បាន​ថ្លែង​ថា ទោះបីជា​លោក​អាច​ស្នាក់​នៅ​ក្នុង​សេតវិមាន​ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ​ក៏​ដោយ ក៏​ក្នុង​នាម​ជា​ប្រធានាធិបតី លោក​មិន​អាច «ស្ថិត​នៅ​តែ​ក្នុង​សេតវិមាន​ដូច្នេះ​នោះ​ទេ»។

លោក Trump ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា ដែល​កំពុង​ព្យាបាល​លោក ក៏​ដូចជា​បណ្ដា​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក និង​ពលរដ្ឋ​អាមេរិកាំង ដែល​បាន​ផ្ញើ​សារ​ជូនពរ​លោក​ឲ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ៕

XS
SM
MD
LG