ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ​ពិភពលោក​​ផ្ញើសារ​បួងសួងឲ្យ​លោក​ ត្រាំ​ ឆាប់ជា​ ក្រោយ​ដឹង​ថាលោកបានឆ្លងវីរុសកូរ៉ូណា


មនុស្សដើរកាត់អេក្រង់ដែលបង្ហាញសេចក្តីរាយការណ៍ព័ត៌មានអំពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឆ្លងជំងឺកូវីដ១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។
មនុស្សដើរកាត់អេក្រង់ដែលបង្ហាញសេចក្តីរាយការណ៍ព័ត៌មានអំពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឆ្លងជំងឺកូវីដ១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។

មេដឹកនាំ​និង​ឥស្សរជន​ល្បី​ៗ​នៅ​ជុំវិញ​ពិភពលោក​ នៅ​ថ្ងៃ​សុក្រនេះ ​បាននាំគ្នា​ផ្ញើសារ​ជូនពរ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ (Donald Trump) ​និង​គ្រួសារ​ លោក​បន្ទាប់​ពី​លោក​ ត្រាំ ​បាន​ប្រកាស​ថា​ លោក​និង​ភរិយា ​Malania Trump ​បានធ្វើ​តេស្ត​រកឃើញ​ថា​ មាន​វីរ៉ុស​កូរូណា។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ WHO លោកវេជ្ជបណ្ឌិត ​Tedros Adhanom Ghebreyesus បាន​សរសេរ​សារ​លើបណ្តាញ Twitter ​ជូនពរ​លោក​ ត្រាំ​ និង​ភរិយា ​ឲ្យ​ឆាប់ជាសះស្បើយ។

លោក​នាយក​រដ្ឋមន្ត្រីឥណ្ឌា ​Narendra Modi ​ដែល​ជា​សម្ព័ន្ធមិត្ត​ស្និទស្នាល​ជាមួយ​លោក ​ត្រាំ ជា​មេដឹកនាំ​ទីមួយ ​ដែល​បាន​ផ្ញើសារ​គាំ​ទ្រ​លោក ​ត្រាំ។​ ប្រទេស​ឥណ្ឌា ​ដែលមាន​ពលរដ្ឋ​ជាង ​១.៣០០​ លាននាក់​នោះ ​មាន​ករណី​ជំងឺ​កូវីដ ​១៩ ​ចំនួន​ប្រហែល​ ៦ លាន ​៤ ​សែន ​និង​មនុស្ស​ស្លាប់​ជាង​ ៩៩.០០០ ​នាក់។

នៅក្នុងសារ​មួយ​លើ​គេហទំព័រ​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​បាន​ជូនពរឲ្យ​លោក ត្រាំ ​ឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។ ​

លោក​ Putin ​ថ្លែងថា៖​ «ខ្ញុំ​ជឿជាក់​ថា​ភាព​ស្វាហាប់​និង​ស្មារតីល្អ ព្រមទាំង​សុទិដ្ឋិនិយម​របស់​លោក​ នឹង​ជួយលោក​ទប់ទល់​ជាមួយ​វីរុសដ៏​មាន​គ្រោះថ្នាក់នេះ‍»។

ប្រទេស​រុស្ស៊ី​មាន​ករណី​កូវីដ​១៩ ចំនួន ​១ លាន​ ២ ​សែន ​និង​អ្នកស្លាប់​ជិត​ ២១.០០០​ នាក់។

លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ តាម​រយៈ​អ្នក​នាំ​ពាក្យ​ម្នាក់​ នៅ​ថ្ងៃសុក្រ​ថា៖

​«ខ្ញុំ​សូម​ផ្ញើការជូនពរ​លោក​ដូណាល់ ត្រាំ ​និង​លោកស្រី Malania Trump។ ខ្ញុំ​សង្ឃឹមថា ​អ្នកទាំងពីរ​ នឹង​ឆាប់​ជា​ពីការ​ឆ្លង​វីរ៉ុសកូរូណានេះ​ ហើយ​បាន​សះស្បើយ​យ៉ាង​ពេញលេញ។

​អាល្លឺម៉ង់​មាន​ករណីឆ្លង​ចំនួន ២៩.១០០​ និង​អ្នកស្លាប់​យ៉ាង​តិច​ ៩.៥០០​ នាក់។

នាយករដ្ឋមន្រ្តី​អង់គ្លេសលោក ​Boris Johnson ​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ​១៩​ កាល​ពី​ចុង​ខែ​មីនា​ នៅ​ពេល​ដែល​ប្រទេស​លោក​កំពុង​តែ​ផ្ទុះ​ជំងឺ​នេះ​យ៉ាង​ខ្លាំង​នោះ ក៏​បាន​ផ្ញើសារ​ជូនពរ​ដែរ។ ​កាលពី​ខែ​មេសា​ លោក​ Johnson​ ត្រូវបាន​បញ្ជូន​ទៅមន្ទីពេទ្យ​មួយ ​ក្នុង​ទីក្រុងឡុង​ដ៍ជាបន្ទាន់ ​ហើយ​បាន​ស្ថិត​ក្នុង​កន្លែង​ថែទាំ​អ្នកជំងឺកម្រិតធ្ងន់។ ​ចក្រភព​អង់គ្លេស ​មាន​ករណីកូវីដ​១៩ ចំនួន ៤៥.៣០០០ និង​អ្នកស្លាប់​ចំនួន​ ៤២.០០០ ​នាក់ ​នេះ​បើតាម​តួរលេខ​នៃ​អង្គការ​សុខភាព​ពិភពលោក។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu​ ដែល​បានជួប​លោក​ត្រាំ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ពាក់​កណ្តាល​ខែ​កញ្ញា​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងសន្តិភាព​រវាង​ប្រទេស​អ៊ីស្រាអែល ​និង​ប្រទេស​អាមីរ៉ាតអារ៉ាប់រួម​នោះ​ ក៏​បាន​ផ្ញើសារ​ជូនពរ​ឲ្យលោក ​ត្រាំ ​ឆាប់ជា​ដែរ។ ​អ៊ីស្រាអែល​មាន​ករណីកូវីដ​១៩​ចំនួន​ ២៣៨.០០០ ​និង​អ្នកស្លាប់​ជាង​ ១.៥០០​នាក់។

ហើយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក​ Ashraf Ghani ​បាន​ផ្ញើសារ​ជូនពរ​លោក ​ត្រាំ ពីគេហទំព័រ​ផ្លូវការ​របស់​លោក។​ អាហ្វហ្គានីស្ថាន​មាន​ករណីកូវីដ​១៩​ ចំនួន ​៣.៩០០០ និង​អ្នកស្លាប់ ជាង​១.៤០០​នាក់។

មេដឹកនាំ​ឯទៀត​ មិនទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ទេ។​ មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim Jong-Un នៃ​ប្រទេស​កូរ៉េ​ខាងជើង ​មិនបាន​បញ្ចេញ​ប្រតិកម្ម​ជាសាធារណៈ​ទេ​។ នេះ​បើ​តាមក្រុម​មួយ​ដែលឃ្លាំ​មើលសេចក្តី​ប្រកាស​របស់​លោក​ តាម​បណ្តាញផ្សព្វផ្សាយ​រដ្ឋ​នោះ។​ ក្រុម​មន្ត្រីសុខាភិបាល​អន្តរជាតិ​មិនមាន​តួលេខ​កូវីដ​១៩​ សម្រាប់​ប្រទេស​កូរ៉េ​ខាងជើងទេ។

ប្រធានាធិបតី​ចិន​លោក Xi Jinping ​ក៏មិនបាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ ចំពោះ​ព័ត៌មាននេះ​ដែរ។

វីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ បាន​ចាប់​ផ្តើម​ដំបូងពី​ទីក្រុងវូហាន ​កាលពី​ខែ​ធ្នូ​ ឆ្នាំ២០១៩ ​ហើយ​មន្ត្រី​ចិន​រាយការណ៍ថា​ ប្រទេសចិនមាន​ករណី​កូវីដ​១៩ ​ជាង​ ៩១.០០០​ និង​អ្នក​ស្លាប់​ ៤.៧០០​នាក់​ មុននឹង​វីរ៉ុសនេះ​ថម​ថយ​វិញ​ កាលពីខែ​មេសា។​

ប៉ុន្តែ​កាសែត​ Global Times ​ដែលរដ្ឋាភិបាល​ចិន​គ្រប់គ្រង​នោះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយថា៖ ​«រឿងនេះ​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការ​ជាប់​ឆ្នោត​របស់​លោក ​ត្រាំ​ ឡើងវិញ‍»៕

XS
SM
MD
LG