លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានសម្ពោធនាវាចម្បាំង USS Gerald R. Ford ដែលមានបច្ចេកវិជ្ជាជឿនលឿនមានតម្លៃជិត១៣ពាន់លានដុល្លារ។ លោកនិយាយថា នាវានេះមានន័យធំធេងចំពោះពិភពលោក ហើយនឹងធ្វើឲ្យសត្រូវរបស់ស.រ.អា.ភ័យញាប់ញ័រ។
ក្រោយពីពន្យារការចាប់ផ្តើមប្រតិបត្តិការរយៈពេល៣ឆ្នាំ និងក្រោយពីមានការចំណាយច្រើនលានដុល្លារលើសគម្រោងលោកប្រធានាធិបតីបានប្រកាសប្រគល់នាវាដឹកយន្តហោះជំនាន់ថ្មីប្រើថាមពលនុយក្លេអ៊ែរឲ្យទៅកងទ័ពជើងទឹក ស.រ.អា. នៅមូលដ្ឋាន Norfolk នៅភាគឦសានរដ្ឋ Virginia។
លោកប្រធានាធិបតីថ្លែងថា នៅពេលនាវានេះធ្វើដំណើរចេញទៅ សម្ព័ន្ធមិត្តរបស់យើងនឹងមានអារម្មណ៍សុខសាន្តហើយសត្រូវរបស់យើងនឹងភ័យញាញ័រ ព្រោះគ្រប់ៗគ្នា និងដឹងថា អាមេរិកចេញមកហើយ ហើយខ្លាំងទៀតផង។ លោកប្រធានាធិបតីនិយាយថា នាវានេះមានចេតនាព្រមានកុំឲ្យមានចម្បាំងជាមួយ ស.រ.អា. ប៉ុន្តែលោកបន្ថែមថា បើចៀសមិនរួច អ្វីៗនឹងត្រូវកម្ទេច ហើយយើងនឹងឈ្នះ។
ក្រោយពីបានរិះគន់រដ្ឋបាលមុនថា គ្មានការត្រៀមខ្លួនជាមុនខាងយោធាលោកប្រធានាធិបតី ត្រាំ បានអំពាវនាវឲ្យសភាធ្វើការងាររបស់ខ្លួន ហើយផ្តល់ថវិកាមានលំនឹងសម្រាប់កងទ័ពអាមេរិក៕