ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងសរសើរពីវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មដែលកំពុងធ្វើឡើងជាមួយប្រទេសចិន ដោយក្រុមអ្នកចរចាគ្រោងនឹងជួបគ្នានៅសប្ដាហ៍ក្រោយក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលឱសានវាទកាន់តែខិតចូលមកដល់គឺថ្ងៃទី១ ខែមីនាខាងមុខនេះ។
លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រថា៖ «កិច្ចចរចាកំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។ គ្មាននរណាដឹងថាតើនេះមានន័យដូចម្ដេចទេ ដោយសារបញ្ហាសំខាន់គឺយើងត្រូវតែសម្រេចកិច្ចការរបស់យើង។ ប៉ុន្តែយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន និងលោកប្រធានាធិបតី Xi ដែលខ្ញុំគោរពយ៉ាងខ្លាំង ចំពោះទំនាក់ទំនងដ៏ល្អដែលយើងមានជាមួយគ្នា។ ពួកយើងកាន់តែចូលកៀកគ្នាជាងពេលមុននេះ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ពិតប្រាកដមួយ»។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយតំណាងសហរដ្ឋអាមេរិកទទួលបន្ទុកខាងពាណិជ្ជកម្មគឺលោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកគឺលោក Steven Mnuchin ក្នុងទីក្រុងប៉េកាំង។ ទីភ្នាក់ងារព័ត៌មានផ្លូវការចិន Xinhua បានរាយការណ៍ថា លោក Xi បានមានប្រសាសន៍ថា លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក នៅក្នុងការចរចារបស់ពួកគេមួយលើកទៀត។
សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រតិភូអាមេរិកបានផ្ដោតទៅលើបញ្ហានានាដូចជាការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ កម្មសិទ្ធិបញ្ញា ចោរកម្មតាមអ៊ីនធឺណិត កសិកម្ម សេវាកម្ម និងបញ្ហារូបិយប័ណ្ណ៕