ដោយសារតែថ្ងៃទី ១ ខែមិនា ដែលជាកាលបរិច្ឆេទកំណត់សម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិននៅក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម មន្ត្រីនៃប្រទេសទាំងពីរនឹងចាប់ផ្ដើមការចរចាម្ដងទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីរារាំងមិនឲ្យមានការរីកសាយភាយនូវជម្លោះពាណិជ្ជកម្ម ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកលលោក។
សេដ្ឋកិច្ចប្រទេសចិនបានបង្ហាញសញ្ញាយឺតយ៉ាវរួចមកហើយ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មបានធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ក្រុមហ៊ុនអាជីវកម្មនានារបស់សហរដ្ឋអាមេរិក ដោយសារតែការយកពន្ធគយបែបសងសឹកទៅវិញទៅមករវាងប្រទេសទាំងពីរបានធ្វើឲ្យទំនិញឡើងថ្លៃ និងបង្អាក់ដល់ទីផ្សារនាំចេញដ៏សំខាន់។
ជាងនេះទៀត យុទ្ធសាស្ត្រខ្លាំងក្លារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានជួយឲ្យមានការកាត់បន្ថយនូវឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិន ដែលជាអ្វីដែលលោកបានចាត់ទុកថាជាគោលដៅចម្បងនោះទេ។
លោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក នឹងដឹកនាំគណៈប្រតិភូអាមេរិកទៅចូលរួមកិច្ចពិភាក្សាជុំទី ៣ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រខាងមុខនេះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ អ្នកចូលរួមក្នុងក្រុមគណៈប្រតិភូអាមេរិកនេះក៏មានលោក David Malpass ដែលជាអ្នកដែលលោក Trump បានតែងតាំងជាប្រធានថ្មីរបស់ធនាគារពិភពលោកផងដែរ។
លោក Trump បាននិយាយថា ដំណោះស្រាយចុងក្រោយនៃជម្លោះពាណិជ្ជកម្មគឺផ្អែកលើជំនួបរបស់លោកជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping «នៅពេលអនាគតដ៏ខ្លីខាងមុខនេះ» ប៉ុន្តែលោកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ជំនួបនេះមិនទាន់រៀបចំឡើងនៅឡើយទេ៕