ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ថា ​ការ​ដក​កិច្ច​អនុ​គ្រោះ​ពន្ធ​ EBA​ បង្ខំ​​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​សមរ​ភូមិ​នៃ​ភូមិ​សាស្ត្រ​នយោបាយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

​​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ការ​សោក​ស្តាយ​ និង​ការ​ខក​ចិត្ត​ដោយ​ថា​ ការ​សម្រេច​ចិត្ត​របស់សហភាពអឺរ៉ុបដំណើរ​ការ​នីតិវិធី​ក្នុង​ការ​ព្យួរ​​ការ​អនុ​គ្រោះ​ពន្ធ​បណ្តោះ​អាសន្ន​«រាល់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ EBA​ ពី​ប្រទេស​កម្ពុជា មាន​«ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ»។

រដ្ឋាភិបាល​កម្ពុជា​ នៅថ្ងៃ​អង្គារ​នេះ​ បាន​បង្ហាញ​ពី​ការ​ខក​ចិត្តនិង​ការសោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់អឺរ៉ុប​ក្នុង​ការចាប់​ផ្តើម​ដំណើរ​ការ​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ» EBA​ ​ដល់​ប្រទេស​កម្ពុជា។​ រដ្ឋាភិបាល​លោកហ៊ុន សែន ហៅ​ការ​សម្រេច​នេះ​ថា​ ​មាន​ហេតុផល​នយោបាយ​ដែល​បង្ខំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​សមរភូមិ​នៃ​ភូមិ​សាស្ត្រ​នយោបាយ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ដែល​ចេញ​ដោយ​ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖

«យើង​ជឿ​ជាក់​ថា​ ការ​សម្រេច​ចិត្ត​នេះគឺ​មាន​ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​ ដែល​ចាប់​បង្ខំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​សមរភូមិ​នៃ​ភូមិ​សាស្ត្រ​នយោបាយ។​ កម្ពុជា​ការពារ​ខ្លួន​ជា​ដាច់​ខាត​ក្នុង​ជម្រើស​ជា​តួ​អង្គ​បម្រើ​ភូមិ​សាស្ត្រ​នយោបាយ​នេះ​ ទោះបីជា​ស្ថិត​ក្នុង​សម្ពាធ​ ជា​យថាហេតុ​នៃ​រូប​ភាពណា​មួយ​ក៏​ដោយ»។​

លោកផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ បាន​និយាយ​ប្រាប់ ​VOA​ តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា​ ​បើទោះជា​រដ្ឋាភិបាល​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ដែល​ពឹង​លើ​ហេតុផល​នយោបាយ​ជាជាង​ការងារ​បច្ចេក​ទេស​ក៏ដោយ​ ក៏​លោក​ថា​ ​កម្ពុជា​បាន​ត្រៀម​ខ្លួន​តាំង​ពី​មួយ​ឆ្នាំ​មុន​មក​ម្ល៉េះ។ ​អ្នកនាំពាក្យ​ដដែលអះ​អាង​ថា​ ​កំណើន​ផលិតផល​ជាតិ​សរុប​របស់​កម្ពុជា​ឬ​ GDP​ បាន​កើន​ហួស​ពី​បន្ទាត់​ក្រហម​របស់ ​EBA ​សម្រាប់​ប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ។​

លោក​បាន​បន្ត​ថា​ កម្ពុជា​នៅ​តែ​អាច​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​បានទោះ​បី​ជា​ការ​សហគមន៍​អឺរ៉ុប​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ EBA ក៏​ដោយ។​

«ហើយ​សូម​ជម្រាប​ដែរ​ថា​ ​ការ​ព្យួរ ​ឬ​ការ​ដក​ហូត​ EBA ​នេះ​មិន​បាន​សេចក្តី​ថា​កម្ពុជា​បាត់បង់​ទីផ្សារ​អឺរ៉ុប​នោះ​ទេ​ គឺ​កម្ពុជា​នៅតែ​មាន​ទីផ្សារ​អឺរ៉ុប ​ដែល​យើង​អាច​យកទំនិញ​របស់​យើង​ទៅ​យក​សុពល​ភាព​នៅ​ឯ​ណោះ ​ប៉ុន្តែ​អ្វី​ដែល​យើង​បាត់​បង់​គឺ​ឧត្តម​ភាព​ (Supremacy)​ ក្នុង​ការ​ប្រកួត​ប្រជែង​ហ្នឹង​ឯង​ ​ដោយ​សារ​យើង​ថែម​បន្ទុក​មួយ​ទៀត​គឺ​ការ​បង់ពន្ធ»។​

សហភាព​អឺរ៉ុបកាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១១ ខែ​កុម្ភៈ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវការ​ដែល​អាច​ឈាន​ទៅរក​ការ​ព្យួរ​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ ​EBA​ ពី​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។​

ដំណើរ​ការ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដែល​មាន​២៨​ប្រទេស។ ​ការ​ដក​ហូត​ពិត​ប្រាកដ​នឹង​អាច​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ​២០២០​ ដោយសារ​តែ​សហ​ភាព​អឺរ៉ុប​ទុក​ពេល​មួយឆ្នាំ​ ដើម្បី​តាមដាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្តទុក​ដាក់​ និង​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​និង​សរសេរ​របាយ​ការណ៍។​ ការ​ដក​ហូត​និង​រយៈពេល​ដក​ហូត​បណ្តោះ​អាសន្ន​នឹង​ចាប់​ផ្តើម​ក្នុង​រយៈពេល​៦ខែ​បន្ទាប់​ពីនេះ។​

លោកស្រី ​Cecilia Malmstrom ​ស្នងការ​ពាណិជ្ជ​កម្ម​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​

«ការ​ពាក់ព័ន្ធ​របស់​យើង​ជាមួយ​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ឲ្យ​យើង​សន្និដ្ឋាន​បាន​ថា​ ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិការងារ​នៅ​កម្ពុជា​គឺ​មាន​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ដោះ​ស្រាយ​ បើសិន​ជា​ខ្លួន​ចង់​រក្សា​ឯក​សិទ្ធិ​ក្នុង​ទីផ្សារ​របស់​យើង»។​

ជាមួយគ្នា​នោះ​ដែរ​ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏​បាន​បង្ហាញ​ពីក្តី​កង្វល់​ស្រដៀង​គ្នា​ទៅ​នឹង​សហភាព​អឺរ៉ុប​ចំពោះ​ការ​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​សេរីភាព​បញ្ចេញ​មតិ​ សិទ្ធិ​ការងារ​ សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​សេរីភាព​នយោបាយ​ផង​ដែរ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សរសេរ​បន្ត​យ៉ាង​ដូច្នេះ៖​

«សហរដ្ឋ​អាមេរិក​ ​សូម​អំពាវនាវ​ឲ្យថ្នាក់​ដឹកនាំ​កម្ពុជាស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ ​ពហុបក្ស​ពិត​ប្រាកដ ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​ យើង​ក៏​សូម​អំពាវនាវ​ផង​ដែរ​ឲ្យប្រទេស​កម្ពុជា​ទម្លាក់​ចោលនូវ​បទ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ​និង​ការ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​ទាំងអស់​ ​ប្រឆាំងនឹងអ្​នក​ទោស​នយោបាយ​ដទៃ​ទៀត​ ហើយ​អនុញ្ញាត​ឲ្យ​សហជីព ​អង្គការ​សារ​ព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​ដទៃ​ទៀត​នៃសង្គម​ស៊ីវិល ​ដំណើរ​ការ​ដោយ​គ្មានការ​រឹតត្បិត​ដែល​មិន​ត្រឹម​ត្រូវ»។​

យ៉ាងណា​ក៏​ដោយ ​សមាគម​រោងចក្រ​កាត់​ដេរ​ ​(GMAC)​ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ អំពាវ​នាវ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ និង​ប្រទេស​ជា​សមាជិក​ធ្វើការវាយ​តម្លៃ​ម្តង​ទៀត​ថា​ ​តើ​នីតិ​វិធី​ព្យួរឋានៈ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ EBA​ ​ពី​កម្ពុជា​ពិត​ជា​អាច​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ឬ​ទេ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​អះអាង​ថា​ ​ការ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ»​ ​EBA​ នឹង​ធ្វើ​ឲ្យវិស័យ​កាត់​ដេរ​ទាំង​មូលត្រូវ​បង់​ពន្ធនាំ​ចូល​ទៅ​កាន់​អឺរ៉ុប​កើន​ឡើង​ដល់១២​ភាគរយ ​ហើយ​៨​ទៅ​១៧​ភាគរយ​លើ​ផលិតផល​ស្បែក​ជើង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ GMAC​ ដដែល​ ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សមាគម​រោង​ចក្របាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ប្រកួត​ប្រជែង​របស់​វិស័យ​របស់​យើង​នឹង​ជួប​ហានិភ័យ​ ​កេរ្តិ៍​ឈ្មោះ​នៃ​ឧស្សាហកម្ម​របស់​យើង​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ ហើយ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នឹង​ត្រូវ​ផ្អាក»។​

សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ឬ ​Eurocham Cambodia​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ក៏​បាន​បង្ហាញ​ពី​ការ​បារម្ភ​និង​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​អឺរ៉ុប​នូវ​ដំណើរ​ការ​ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ ​EBA​ ​ពី​ប្រទេស​កម្ពុជា។​

សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​យ៉ាង​ដូច្នេះ​ថា៖​

«សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប ​(EuroCham)​ ទទូច​ឲ្យ​មាន​ការ​ពិភាក្សា​បែប​ស្ថាបនា​ និង​កិច្ច​សហ​ប្រតិបត្តិការ​ដែល​វា​មាន​ប្រសិទ្ធភាពក្នុង​ការ​ដោះ​ស្រាយ​ក្តី​បារម្ភ​របស់គណៈ​កម្មការ​អឺរ៉ុប​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ជាជាង​ការ​ដោះ​ស្រាយ​ដោយ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ឯកតោ​ភាគី​ដែល​មិន​ជួយ​ក្នុង​ការ​បន្ត​បុព្វហេតុ​របស់​អឺរ៉ុប​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

សហ​ភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​នាំ​ផលិត​ផល​ចូលគិតជា​ទឹកប្រាក់​ចំនួន​ជាង​៥,៥ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​មិន​បង់​ពន្ធ​ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហ​ភាព​អឺរ៉ុប​គឺ​មាន​សម្លៀក​បំពាក់ ​ស្បែក​ជើង ​ផលិត​ផល​កសិកម្ម​និង​កង់។​

ជាមួយ​នឹង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម«រាល់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ» ​EBA​ ​ដល់ប្រទេស​កម្ពុជា​ លោក​ហ៊ុន សែន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនរបស់​លោក​បញ្ជាក់ពី​ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ថា​ កម្ពុជា​នឹង​មិន​«យក​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វី​មួយ​នោះ​ដែរ»៕

XS
SM
MD
LG