លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសើរកាលពីថ្ងៃសុក្រពីការរីកលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងនៅត្រីមាសទី២ដោយនិយាយថា «យើងបានធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ក្នុងអត្រាដ៏លឿនបំផុតមួយក្នុងរយៈពេលជាង១៣ឆ្នាំនេះ»។
សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរីកលូតលាស់ក្នុងអត្រាប្រចាំឆ្នាំ ៤,១ ភាគរយនៅក្នុងត្រីមាសទី២ ដែលជាល្បឿនលឿនបំផុតនៅក្នុងរយៈពេលជិត៤ឆ្នាំ នេះតាមសេចក្តីរាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅសេតវិមានថា «នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មបានធ្វើរវាងប្រទេសមួយទល់នឹងមួយ យើងនឹងឃើញចំនួនទាំងនោះខ្ពស់ជាងនេះខ្លាំងណាស់ ហើយចំនួនទាំងនេះអស្ចារ្សណាស់»។
ប្រធានាធិបតីត្រាំបាននិយាយថា សេដ្ឋកិច្ចបានរីកចម្រើនជាង៣ភាគរយនៅឆ្នាំនេះ ហើយលោកបាននិយាយទៀតថា ពិន្ទុមួយភាគរយមានន័យថា ប្រហែល៣ពាន់លានលានដុល្លារនិងការងារ១០លាន។
ពួកអ្នកវិភាគរំពឹងថា ការកាត់បន្ថយពន្ធដាចំនួន១,៥ លានលានដុល្លាររបស់ប្រធានាធិបតីត្រាំ ដែលបានចូលជាធរមាននៅដើមឆ្នាំនេះនឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ដោយអ្នកប្រើប្រាស់ទំនិញចំណាយកាន់តែច្រើនឡើង ហើយការវិនិយោគទុនកាន់តែខ្លាំងឡើង៕