ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G-20 ថា ភាព​តានតឹង​ពាណិជ្ជកម្ម​និង​នយោបាយ​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សាកលលោក


រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ប្រធាន​ធនាគារ​កណ្តាល​ថតរូប​ផ្លូវ​ការ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 នៅ​ក្នុង​ក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ប្រធាន​ធនាគារ​កណ្តាល​ថតរូប​ផ្លូវ​ការ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 នៅ​ក្នុង​ក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​រយៈពេល ២ ថ្ងៃ នៅ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មក ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G-20 បាន​បញ្ជាក់​ថា «ស្ថានការណ៍​ពាណិជ្ជកម្ម និង​ភូមិសាស្ត្រ​នយោបាយ​ដែល​កាន់តែ​តានតឹង​ឡើង» កំពុង​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សាកលលោក​ជួប​ហានិភ័យ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​របស់​ពួកគេ ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទាំង ២០ រូប បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ «បង្កើន​ការ​ពិភាក្សា និង​បង្កើន​វិធានការ​នានា​ដើម្បី​បន្ធូរបន្ថយ​ហានិភ័យ និង​បង្កើន​ទំនុក​ចិត្ត»។

ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដែល​តំណាង​ឲ្យ​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​នេះ បាន​ពណ៌នា​ទិដ្ឋភាព​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ទាំង​មូល​នៅ​លើ​ពិភពលោក​ថា​មាន​លក្ខណៈ «រឹងមាំ» ប៉ុន្តែ​បាន​បញ្ជាក់​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​ពួកគេ​ហៅ​ថា​ការ​កើន​ឡើង​នៃ​ហានិភ័យ​នៅ​ក្នុង «រយៈពេល​ខ្លី និង​រយៈពេល​មធ្យម»។

ពួកគេ​មិន​បាន​លើក​ឡើង​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​ចំ​ឈ្មោះ​នោះ​ទេ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​របស់​ពួកគេ។ ប៉ុន្តែ បណ្ដា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ខ្លះ​នៃ​ក្រុម​ប្រទេស G-20 ទាំង​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​វោហារសាស្ត្រ​ពាណិជ្ជកម្ម​តឹងតែង​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ការណ៍​ដែល​លោក​បង្កើន​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​ចិន និង​ទំនិញ​អឺរ៉ុប។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​សហភាព​អឺរ៉ុប​លោក Pierre Moscovici បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ដូច​ជា​សម្ព័ន្ធមិត្ត កុំ​ឲ្យ​ដូច​សត្រូវ។ រី​ឯ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire វិញ បាន​ចោទ​ប្រកាន់​លោក Trump ថា​បាន​បង្កើត​ឲ្យ​មាន​នូវ​ផ្នត់​គំនិត​នៃ​ពាណិជ្ជកម្ម «រស់​តែ​ឯង» និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «បន្ធូរ​បន្ថយ​ភាព​តានតឹង»៕

XS
SM
MD
LG