លោក Bruno Le Maire រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកត្រូវតែបញ្ចៀសកុំរុញពិភពលោកឲ្យធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មស៊ីសាច់ហុតឈាម។
លោករដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង Le Maire បាននិយាយថា តំបន់អឺរ៉ុបទាំងមូលមានការព្រួយបារម្ភអំពីការដែលត្រូវបានគេទាញឲ្យចូលក្នុងសង្គ្រាមពាណិជ្ជកម្មដែលនឹងធ្វើឲ្យប្រទេសទាំងអស់ក្លាយជា «អ្នកចាញ់»បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តួចផ្តើមនូវវិធានការសងសឹកដោយការវាយប្រហារចិននិងសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តប្រពៃណី ប្រទេសកាណាដា និងម៉ិចស៊ិក ដោយយកពន្ធគយលើទំនិញ។
លោក Le Maire បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ពីទីក្រុង Buenos Aires ដែលនៅទីនោះលោកចូលរួមសន្និសីទកំពូលរយៈពេល២ថ្ងៃសម្រាប់ប្រទេស២០ដែលមានសេដ្ឋកិច្ចជឿនលឿន ហៅថា G-20។ លោកបាននិយាយថា «យើងទាំងអស់គ្នា ជាពិសេសយើងជាប្រទេសនៅអឺរ៉ុបមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មនេះដែលត្រូវបានចាប់ផ្តើមកាលពី៣-៤សប្តាហ៍កន្លងមកនេះ»។
លោកបាននិយាយថា «នេះជាសង្គ្រាមពាណិជ្ជកម្មនឹងធ្វើឲ្យមានតែអ្នកចាញ់តែប៉ុណ្ណោះ។ សង្គ្រាមពាណិជ្ជកម្មនេះនឹងបំផ្លាញការងារនិងដាក់សម្ពាធលើការរីកលូតលាស់របស់សាកលលោក»។
លោកនិយាយបន្តទៀតថា «យើងអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យគោរពច្បាប់ពហុភាគីហើយនឹងគោរពសម្ព័ន្ធមិត្តទាំងអស់»។
លោកស្រី Christine Legarde នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងបើកសន្និសីទកំពូលនេះដោយនិយាយឡើងវិញពីការភ័យខ្លាចរបស់លោកស្រីថា ការកើនឡើងនូវការរឹតត្បិតខាងពាណិជ្ជកម្មនឹងធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលក្នុងស្រុកសរុប (GDP) របស់សាកលលោក៕