លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកការចរចារបស់លោកជាមួយលោកJean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបថា ជាជ័យជម្នះខាងសេដ្ឋកិច្ចមួយយ៉ាងធំ មួយថ្ងៃបន្ទាប់ពីការធ្វើឲ្យសម្រេចការនូវការបញ្ចប់ជម្លោះពាណិជ្ជកម្មដែលរីកកាន់តែធំឡើងជាមួយអឺរ៉ុប។
ប្រធានាធិបតីត្រាំបាននិយាយនៅឯពិធីតុមូលក្នុងរដ្ឋ Iowa ថា «យើងទើបតែបានបើកផ្សារអឺរ៉ុបសម្រាប់កសិកររបស់យើង។ អស់លោក អ្នក ទើបតែមានទីផ្សារយ៉ាងធំមួយ»។
រដ្ឋ Iowa ស្ថិតក្នុងចំណោមបណ្តារដ្ឋកសិដ្ឋានភាគកណ្តាលខាងលិចដែលរងផលប៉ះពាល់ដោយការយកពន្ធគយលើសណ្តែកសៀងហើយនិងផលិតផលផ្សេងៗទៀតដែលធ្វើឡើងដោយប្រទេសចិននៅក្នុងការឆ្លើយតបដល់ការយកពន្ធដារលើទំនិញរបស់ចិនដោយប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ទាប់មកនៅថ្ងៃនោះ ប្រធានាធិបតីត្រាំមានគម្រោងធ្វើសុន្ទរកថាដ៏សំខាន់មួយស្តីពីពាណិជ្ជកម្មនៅរោងចក្រធ្វើដែកថែបនៅទីក្រុង Granite រដ្ឋ Illinois។
មានការសន្យាមិនច្បាស់លាស់ដើម្បីទិញសណ្តែកសៀងយ៉ាងច្រើនដោយអឺរ៉ុបនៅពេលដែលប្រធានាធិបតីត្រាំពណ៌នាថា លោកនិងលោកJuncker កាលពីថ្ងៃពុធបានសន្យាបញ្ឈប់ការយកពន្ធគយបន្ថែមខណៈដែលការចរចាឆ្លងកាត់មហាសមុទ្រ Atlantic ត្រូវបានធ្វើឡើង។
លោក Wilbur Ross រដ្ឋមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានក្នុងអំឡុងនៃការហោះហើររបស់យន្តហោះប្រធានាធិបតី Air Force One ទៅកាន់រដ្ឋ Iowa បានសរសើរការយកពន្ធគយលើអាលុយមីញ៉ូមនិងដែកថែបរបស់ប្រធានាធិបតីត្រាំសម្រាប់បំបែកភាពទាល់ច្រកកាលពីប៉ុន្មានថ្ងៃមុននៅឯសេតវិមាន៕