ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump​​ គំរាម​បណ្តេញ​​​វេជ្ជបណ្ឌិត Fauci ពី​ការងារ​ក្នុង​ជម្លោះ​​ជាមួយ​​អ្នក​ជំនាញ​​ជំងឺ​ឆ្លង​​កំពូល​របស់​ប្រទេស


រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ឯកទេស​​ជំងឺ​ឆ្លង​​​​​ជាន់​ខ្ពស់​​​​​របស់​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​អំពី​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន ខណៈ​ដែល​លោក​ប្រធានាធិបតី Donald Trump ឈរស្ដាប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។ ​
រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ឯកទេស​​ជំងឺ​ឆ្លង​​​​​ជាន់​ខ្ពស់​​​​​របស់​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​អំពី​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន ខណៈ​ដែល​លោក​ប្រធានាធិបតី Donald Trump ឈរស្ដាប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។ ​

ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានលើក​ឡើង​ថា​ ​លោក​នឹង​បណ្តេញ​វេជ្ជបណ្ឌិត Anthony Fauci ពី​ការងារនៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​អាមេរិក ​ខណៈ​ដែល​លោក​កាន់​តែ​មានជម្លោះ​ខ្លាំង​ឡើងជាមួយ​អ្នក​ឯកទេសជំងឺ​ឆ្លង​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​ ទន្ទឹម​នឹង​ប្រទេស​អាមេរិក​កំពុងមាន​ការផ្ទុះ​រាតត្បាតខ្លាំង​បំផុតនៃពីវីរុស​កូរ៉ូណា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​លោក​ក្នុង​ទីក្រុង Opa-locka ក្នុង​រដ្ឋ Florida លោក ​Trump ​បាន​បង្ហាញ​ពី​អារម្មណ៍មិន​សប្បាយ​ចិត្តរបស់​លោកដែល​ថា ​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ ដែល​នៅ​ពេល​នេះបានសម្លាប់ពលរដ្ឋ​អាមេរិក​អស់​ជាង ​២៣១.០០០ហើយ​នោះ​ នៅ​តែ​ជាព័ត៌មានដ៏​សំខាន់នៅ​ក្នុងប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ​ក្រុម​អ្នក​គាំទ្រ​លោក​នៅ​ក្នុង​ពិធី​នោះ​ ស្រែក​បន្ទរ​នូវ​ពាក្យ​ថា «ដេញ​លោក Fauci»​ ចេញ​ទៅ។

លោក ​Trump ​បាន​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​លោក​វិញ​ក្នុង​ពិធី​ជួបជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា៖​ «កុំ​ប្រាប់​អ្នក​ដទៃ​ ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិចរហូត​ដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​សិន»។​ លោក​បន្ថែម​ថា​ លោក​អរគុណ​ដល់​អ្នក​គាំទ្រ​លោក​ដែល​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ធ្វើ​ដូច​នោះ។

ក្នុង​ពេល​ថ្មីៗ​នេះ លោកFauci​ កាន់​តែ​បានរិះគន់​មិន​សំចៃ​មាត់​ដែល​ថា ​លោក ​Trump​ មិន​បានស្តាប់​យោបល់​លោកទាក់ទង​នឹង​វិធី​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ ដោយអ្នក​ជំនាញ​រូប​នេះនិយាយ​ថា​ លោក​មិន​បាននិយាយ​ជាមួយ​លោក​ Trump​ អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ។ លោក Fauci ​បានគូស​បញ្ជាក់​ពី​សញ្ញា​អាសន្ន​ថា​ ប្រទេស​អាមេរិក​កំពុង​ឆ្ពោះ​ទៅ​រក​រដូវត្រជាក់ដ៏​លំបាក​មួយ​ ប្រសិនបើគេ​មិនចាត់​វិធានការឲ្យបាន​ខ្លាំង​ជាង​នេះ​ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​នោះ​ទេ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ចុង​សប្តាហ៍​ជាមួយ​កាសែត Washington Post លោក Fauci បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​នឹង​ត្រូវរង «ការ​ឈឺចាប់​ដ៏​ច្រើន​ខ្លាំង» នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ដោយ​សារករណី​ឆ្លង​កូវីដ១៩​ថ្មីកើន​យ៉ាង​គំហុក៕

XS
SM
MD
LG