អ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើកឡើងថា ឱសថសាកល្បងព្យាបាលជំងឺកូវីដ១៩ មួយប្រភេទ មិនមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដែលស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរក្រោយឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនោះ។
វិទ្យាស្ថានជាតិផ្នែកអាឡែកស៊ីនិងជំងឺឆ្លងរបស់អាមេរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា ខ្លួននឹងបញ្ឈប់ការជ្រើសរើសអ្នកជំងឺថ្មីៗ ដើម្បីចូលរួមទទួលការព្យាបាលដោយឱសថសាកល្បងនេះ ដែលមានឈ្មោះថា bamlanivimab។
ឱសថនេះ ត្រូវបានស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុនឱសថអាមេរិកឈ្មោះ Eli Lilly និងក្រុមហ៊ុនជីវបច្ចេកវិទ្យា AbCellera ដែលមានមូលដ្ឋានក្នុងប្រទេសកាណាដា ដែលជាផ្នែកមួយនៃការព្យាបាលដោយប្រើអង់ទីគ័រកោសិកាតែមួយឬ monoclonal antibodies ក្នុងការជួយបង្កើនកោសិកាប្រឆាំងមេរោគ ដែលអ្នកវិទ្យាសាស្រ្តសង្ឃឹមថា អាចប្រយុទ្ធប្រឆាំងតទល់នឹងវីរុសក្នុងសារពាង្គកាយមនុស្សបាន។ ឱសថនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងឱសថដែលគេព្យាបាលលោកប្រធានាធិបតី Donald Trump ពេលលោកឆ្លងជំងឺកូវីដ១៩ កាលពីដើមខែតុលានេះដែរ។
ការព្យាបាលសាកល្បងលើឱសថនេះ ត្រូវបានក្រុមអ្នកត្រួតពិនិត្យឯករាជ្យផ្អាកជាបណ្តោះអាសន្នកាលពីដើមខែតុលានេះ ដោយបារម្ភពីបញ្ហាសុវត្ថិភាពនៃឱសថនេះ។ ការសិក្សាសាកល្បងនេះបានចាប់ធ្វើក្នុងខែសីហា ដោយមានបំណងសាកល្បងលើអ្នកជំងឺកូវីដ១៩ ចំនួន ១០.០០០ នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក។
នៅពេលនេះសហរដ្ឋអាមេរិកកំពុងជួបប្រទះនូវការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ដោយទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បង្ហាញថា គ្រាន់តែថ្ងៃច័ន្ទមានករណីឆ្លងថ្មីចំនួន ៦៦.០០០ ករណីនៅទូទាំងសហរដ្ឋអាមេរិក ហើយការណ៍នេះបានធ្វើឲ្យទីក្រុងនិងរដ្ឋមួយចំនួនឈានដល់ចំណុចអាសន្នថ្មីមួយ៕