ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ​អរគុណ​កម្ពុជា​ដែល​ឲ្យ​នាវា​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ចូល​ចត


លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទ្វីតទ័រ​ (Twitter) ប៉ុន្មាន​នាទី​មុន​នេះ ​ដោយ​កោត​សរសើរ​និង​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​អនុញ្ញាត​ឲ្យ​នាវា​ Westerdam ​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា ​ហើយ​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​នោះ​ ចូល​ចត​នៅខេត្ត​ព្រះសីហនុ។​

សារ​របស់​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា៖​ «សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាត​ ដែល​ទទួល​អនុញ្ញាត​ឲ្យ​នាវា Westerdam​ ចូលចត​នៅ​កំពង់​ផែ​របស់​កម្ពុជា។ ​សហរដ្ឋ​អាមេរិក​នឹង​ចងចាំ​ពី​កាយ​វិការ​មនុស្សធម៌​នេះ‍»។

លោក ​ត្រាំ​ បាន​បង្ហោះ​សារ​នេះ​ ក្រោយ​ពេល​ដែល​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា​ បាន​អនុញ្ញាត​នាវា​ដែល​មាន​ប្រទេស​ជាច្រើន​ភ័យខ្លាច​ឆ្លង​មេរោគកូរ៉ូណា​ មិន​ឲ្យ​ចូលចត​ តែ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចូលចត​ កាល​ពីថ្ងៃ​សុក្រ​ ទី១៤ ​កុម្ភៈ ចំថ្ងៃ​បុណ្យ​ទិវា​នៃ​សេចក្តី​ស្រឡាញ់។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​បញ្ជាក់​ថា ការ​ទទួល​នាវា​នេះគឺ​ជា​កាយវិការ​មនុស្ស​ធម៌​មួយ​របស់​កម្ពុជា។​ លោក​បាន​ផ្តល់​ផ្កា​ដល់​អ្នក​ដំណើរ​ នៅ​ពេល​លោក​ស្វាគមន៍​អ្នក​ដំណើរ​ដែល​ចុះ​ពី​លើ​នាវា ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

នាវា​កម្សាន្ត​ Westerdam ​ ​ដឹក​មនុស្ស​ជាង ​២០០០នាក់ ​ហើយ​ដែល​រដ្ឋាភិបាល​ចំនួន​បួន​បដិសេធ​មិន​ឲ្យ​ចូលចត​ដោយ​សារ​បារម្ភ​ថាអាច​មាន​មេរោគ​កូរ៉ូណា។

អ្នក​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ទេសចរណ៍​នៅ​លើ​កប៉ាល់​នោះ​ មាន​ចំនួន​១៤៥៥នាក់​ និង​ក្រុម​ការងារ​កប៉ាល់​ចំនួន​ ៨០២​នាក់​ ដែល​មាន​៤១​ជាតិ​សាសន៍ ​ក្នុងនោះ​មាន​ជន​ជាតិ​អាមេរិក​ផង​ដែរ។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​មាន​មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់ Westerdam ​ដែល​ត្រូវ​បានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម​។ ​បន្ទាប់ពីមន្ត្រីសុខាភិបាល​បានយក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកដំណើរទាំងនេះមិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ទេ៕

XS
SM
MD
LG