ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អនុញ្ញាត​ឲ្យ​នាវា​កំសាន្ត​មួយ​គ្រឿង​ចូលចត ​ក្រោយ​ប្រទេស​ចំនួន​បួន​បាន​ហាមឃាត់​មិនឲ្យ​ចូលចត


រូបតំណាង៖ នាវាកំសាន្ត Diamond Princess ដែល​មាន​ផ្ទុកអ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នៅ Yokoham ប្រទេស​ជប៉ុន ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបតំណាង៖ នាវាកំសាន្ត Diamond Princess ដែល​មាន​ផ្ទុកអ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នៅ Yokoham ប្រទេស​ជប៉ុន ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ២០២០។

នាវា​កំសាន្ដក្រុម​ហ៊ុន Holland America Line របស់​អង់គ្លេស​និង​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចំនួន​បួន​បដិសេធ​មិន​ឲ្យ​ចូល​ចត​ដោយសារ​ភ័យខ្លាច​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ចុះចត​នៅ​កំពង់ផែ​ក្នុង​ប្រទេស​កម្ពុជា។

ប្រទេស​ថៃ​បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ​មិន​ឲ្យ​នាវា​កំសាន្តMS Westerdam ចុះចត​នៅ​កំពង់ផែ​របស់​ខ្លួន​ទេ បន្ទាប់​ពី​នាវា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ហ្វីលីពីន តៃវ៉ាន់ និង​ជប៉ុន​បដិសេធ​មិន​ឲ្យ​ចុះចត​នៅ​កំពង់ផែ​របស់​ពួកគេ។

នាវា​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ទាំង​នោះ​ស្វាគមន៍​ឲ្យ​ចុះចត​ទេ បើ​ទោះ​ជា​មាន​ការ​ធានា​ពី​ក្រុមហ៊ុន Holland America Line ថា គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​២២០០​នាក់​លើ​នាវា​នេះ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ COVID-19​ថ្មី​នេះ​ឡើយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy បាន​បញ្ជាក់​លើ​សារ Twitter កាល​ពី​យប់​ថ្ងៃ​ពុធ​ថា កម្ពុជា​ពិត​ជា​បាន​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចុះចត​នៅ​កំពង់ផែ​របស់​ខ្លួន​ក្នុង​ក្រុង​ព្រះសីហនុ​ប្រាកដ​មែន។ ​

លោក​បាន​ថ្លែង​ទៀត​ថា លោក​បាន​បញ្ជូន​ក្រុមការងារ​របស់​ស្ថានទូត​អាមេរិក​មួយក្រុម​ឲ្យ​ទៅ​ធ្វើការ​ជាមួយ​នឹង​អ្នក​តំណាង​របស់​នាវា​និង​ក្រុម​មន្ត្រី​កម្ពុជា ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិកាំង​ចេញ​ពី​នាវា​នោះ និង​បញ្ជូន​ពួកគេ​ទៅ​កាន់​ទិសដៅ​រៀងៗខ្លួន។

លោក Murphy បាន​សរសេរ​ថា៖ «យើង​ក៏​បាន​សហការ​ជាមួយ​នឹង​ស្ថានទូតនៃ​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ‍»។

ការ​ភ័យ​ខ្លាច​អំពី​ការ​ឆ្លង​រាតត្បាត​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​នេះ​កាន់​តែ​កើន​ឡើង ចាប់​តាំង​ពី​ក្រសួង​សុខាភិបាល​ជប៉ុន​បាន​បញ្ជាក់​ថា មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​នេះ​យ៉ាង​ហោច​ណាស់​ចំនួន​១៧៤​នាក់​នៅ​លើ​នាវា​កំសាន្ត​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​ទីក្រុង Yokohama ប្រទេស​ជប៉ុន។

សេចក្ដីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Holland America Line បាន​ឲ្យ​ដឹង​ថា នាវា Westerdam នេះ​នឹង​មក​ដល់​ក្រុង​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ដំណើរ​កំសាន្ត​នេះ​នឹង​បញ្ចប់​នៅ​ទីនេះ ហើយ​អ្នក​ដំណើរ​នឹង​ចេញ​ពី​នាវា​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ មុន​នឹង​បន្ត​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​បន្ត​ដំណើរ​តាម​ជើងហោះហើរ​ទៅ​កាន់​ប្រទេសរបស់​ពួកគេ​វិញ។

សេចក្ដីថ្លែងការណ៍​នោះមាន​ខ្លឹមសារ​ថា៖ «យើង​បាន​ទទួល​ការ​អនុញ្ញាត ហើយ​យើង​ដឹងគុណ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បាន​គាំទ្រ‍»។

នាវា​កំសាន្ត Westerdam នេះ​បាន​ចេញ​ដំណើរ​កាល​ពី​ខែ​មុន ពី​ប្រទេស​សិង្ហបុរី។ ប៉ុន្តែ​នាវា​នេះ​ត្រូវ​ហាមឃាត់​មិន​ចុះចត​នៅ​ទីក្រុង​ហុងកុង ដែល​មាន​ការ​ឆ្លង​កូរ៉ូណាវីរុស​ថ្មី​នេះ​ចំនួន​៥០​ករណី​រួច​មក​ហើយ។

អ្នកនាង Christina Kerby ដែល​ជា​អ្នកដំណើរ​ម្នាក់​នៅ​លើ​នាវា​នោះ​បាន​បង្ហោះ​សារ​និង​រូបថត​លើ​បណ្ដាញ​សង្គម Twitter និង​បាន​សម្ដែង​ការ​ធូរ​ចិត្ត​នៅ​ពេល​បាន​ដឹង​ថា កម្ពុជា​បានអនុញ្ញាត​ឲ្យ​នាវា​កំសាន្ត​ដែល​អ្នក​នាង​កំពុង​ជិះ អាច​ចុះចត​នៅ​កំពង់ផែ​កម្ពុជា​បាន។

អ្នកនាង Kerby បាន​បង្ហោះសារ Twitter ថា «ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ! នាវា Westerdam កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កម្ពុជា។ អ្នក​គ្រប់គ្រង​នាវា​បាន​ប្រាប់​យើង​ថា គេ​ប្រហែល​ត្រូវ​ការ​ពេល​វេលា​ប៉ុន្មាន​ថ្ងៃ​ដើម្បី​អាច​រៀបចំ​ជើងហោះហើរ​ឲ្យ​ពួក​យើង​ទៅ​កាន់​ទីក្រុងភ្នំពេញ​ រួច​បន្ត​ដំណើរ​ទៅ​កាន់​ផ្ទះ​របស់​យើង​វិញ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ដំណឹង​ចុះចត​នៅ​ថ្ងៃ​ស្អែក​នេះ‍»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នក​គាំទ្រ​ចិន​ដ៏​ខ្លាំងក្លា បាន​និយាយ​បន្ធូរបន្ថយ​ការ​គំរាមកំហែង​ពី​វីរុស​ប្រភេទ​ថ្មី​នេះ ហើយ​លោក​ក៏​បាន​គំរាម​បណ្ដេញ​អ្នក​សារព័ត៌មាន​ឬ​មន្ត្រី​ណា ដែល​លោក​ឃើញ​ថា​ពាក់​ម៉ាស​ផង​ដែរ។

ខុសពី​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់​អាស៊ី លោក​មិន​ព្រម​បិទ​ជើង​ហោះហើរ​រវាង​កម្ពុជា​និង​ចិន​នោះ​ទេ ដោយ​និយាយ​ថា ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា។ កម្ពុជា​បាន​ប្រកាស​ថា មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​មួយ​ករណី ដែល​ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន។ កម្ពុជា​ប្រកាស​ដូច្នេះ ខណៈ​ដែល​មាន​អ្នក​ទេសចរចិន​ជាច្រើន​មក​កំសាន្ត។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​ក្រុមអ្នក​ស្រាវជ្រាវ​នៃ​សាលា​សុខភាព​សាធារណៈ​របស់​សាកលវិទ្យាល័យ Harvard បាន​លើកឡើង​ថា កម្ពុជា​ ឥណ្ឌូណេស៊ី និង​ថៃ មាន​ករណី​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ក្នុង​ចំនួន​មួយ​ទាប​ជាង​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង ខណៈ​ដែល​ប្រទេស​ទាំង​នេះ​មាន​អ្នក​ទេសចរ​មក​ពី​ចិន​យ៉ាង​ច្រើន ជាពិសេស​មក​ពី​តំបន់​ដែល​មាន​ការ​ឆ្លងរាតត្បាត​មេរោគ​ប្រភេទ​ថ្មី​នេះ​យ៉ាង​ខ្លាំង។

គេ​នៅ​មិន​ទាន់​ច្បាស់​អំពី​គោលដៅ​បន្ទាប់​របស់​នាវា Westerdam នេះ​នៅឡើយ​ទេ។ ក្រុមហ៊ុន Holland America Line បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា នាវា​នេះ​ចុះចត​នៅ​ភាគ​ខាង​កើត​ប្រទេស​ថៃ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ថៃ​បាន​ហាមឃាត់​មិន​ឲ្យ​ចុះចត ប៉ុន្តែ​សុខចិត្ត​រក​វិធី​ផ្សេង​ដើម្បី​ផ្ដល់​ជំនួយ ដូចជា​តាមរយៈ​ការ​ផ្ដល់​ប្រេង​ឥន្ធនៈ​និង​ស្បៀងអាហារ​ជំនួស​វិញ។

លោក Stephen Hansen ដែល​ជា​អ្នក​ដំណើរ​ម្នាក់​ទៀត បាន​ផ្ញើ​សារ​តាម​អ៊ីមែល​ជា​សំឡេង​មក​ថា នាវា​នោះ​ត្រូវ​បាន​អម​ដំណើរ​ដោយ​នាវា​ទាហាន​ជើង​ទឹក​របស់​ថៃ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ឮ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​យើង​ចុះចត​ហើយ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យយើង​ចុះចត។ អ្វីៗ​ទាំងអស់​អាស្រ័យ​លើ​អ្វី​ដែល​នឹង​កើតឡើង​នៅ​ព្រឹកស្អែក​នៅ​កម្ពុជា។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​ចុះចត​ដោយ​ជោគជ័យ​នៅ​ទីនោះ‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG