នាវាកម្សាន្ត Westerdam ដែលដឹកមនុស្សជាង ២០០០នាក់ ហើយដែលរដ្ឋាភិបាលចំនួនបួនបដិសេធមិនឲ្យចូលចតដោយសារបារម្ភថា អាចមានមេរោគកូរ៉ូណា បានបោះយុថ្កាលើផ្ទៃសមុទ្រនៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។
នាវាកម្សាន្តរបស់ក្រុមហ៊ុនអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានប្រវែង ២៨០ម៉ែត្រ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យចូលចតនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រកន្លះពីកំពង់ផែស្វយ័តក្រុងព្រះសីហនុមុនម៉ោង ៧ព្រឹកបន្តិចនៅថ្ងៃនេះ។
នាវារបស់ក្រុមហ៊ុន Holland America Line ត្រូវបានរដ្ឋាភិបាលជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារខ្លាចមានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 នៅលើនាវា។ នាវាដែលមានគម្រោងសំចតឲ្យភ្ញៀវទេសចរណ៍ដើរកម្សាន្តនៅកោះតៃវ៉ាន់ និងជប៉ុនត្រូវរសាត់អណ្ដែត បន្ទាប់ពីនាវានេះចេញដំណើរពីហុងកុងនៅថ្ងៃទី១ ខែកុម្ភៈ។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់ VOA ថាអ្នកដែលនៅលើនាវាទាំងនោះត្រូវរង់ចាំការពិនិត្យសុខភាពដោយក្រុមអ្នកជំនាញសុខាភិបាល មុននឹងបន្តចុះចតផ្ទាល់នៅកំពង់ផែ។
«ធម្មតាកប៉ាល់រៀបចូលផែគាត់ត្រូវបោះយុថ្កាចូលកន្លែងសិន ហើយបានយើងមានគណៈកម្មការរៀបចំបែបបទ និងពីលុតទៅយកគាត់ចូលមក ដូចជាប៉ូលិសអន្តោប្រវេសន៍ និងចត្តាលីស័ក។ តាមផែនការ យើងរៀបចំយន្តហោះ Connect [ភ្ជាប់] គាត់»។
អាជ្ញាធរខេត្តព្រះសីហនុបាននិយាយថា ពួកគេធ្វើការជាមួយមន្ត្រីសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកទាំងនោះ។
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បាននិយាយទៅកាន់សារព័ត៌មានក្នុងស្រុកថា មានមនុស្សចំនួនប្រមាណ ២០នាក់នៅលើកប៉ាល់ Westerdam ដែលត្រូវបានរាយការណ៍ថា មានបញ្ហាសុខភាពដូចជា ផ្តាសាយ រាគរូស និងមានបញ្ហាក្រពះ និងពោះវៀនជាដើម ដែលក្រុមការងារសុខាភិបាលកំពុងរៀបចំយកវត្ថុសំណាកទៅពិនិត្យនៅឯវិទ្យាស្ថានប៉ាស្ទ័រ។
«យើងទទួលបានព័ត៌មានពីកប៉ាល់មកថា មានអ្នកដែលគាត់មានអាការៈមិនស្រូវស្រួល។ តែមិនទាន់ថា មានជាបញ្ហា COVID-19 ហ្នឹងទេ។ អញ្ចឹងយើងត្រូវធ្វើ assessment (ការវាយតម្លៃ)»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមការងារ ៨០នាក់កំពុងធ្វើការពិនិត្យសុខភាពអ្នកនៅលើនាវា និងអ្នកមានទំនាក់ទំនងជាមួយអ្នកនៅលើនាវានោះ។ លោកបានបន្ថែមថា អ្នកទាំងនោះនឹងមិនត្រូវឲ្យចាកចេញពីនាវាដើរហើរដោយគ្មានការអនុញ្ញាតនោះទេ។ ហើយរដ្ឋាភិបាលរបស់អ្នកទាំងនោះនឹងរៀបចំលិខិតស្នាម ដើម្បីឲ្យពួកគេចាកចេញពីប្រទេសកម្ពុជា។ ចំពោះអ្នកដែលមិនមានលិខិតស្នាមដើម្បីធ្វើដំណើរ នឹងត្រូវនៅលើនាវានោះ។
«ជាក់ស្តែង ដូចរថយន្តដែលត្រូវដឹកជញ្ជូនពួកគាត់ពីទីនេះទៅកាន់ព្រលានយន្តហោះ។ ក្រោយពេលការដឹកអ្នកដំណើរ យើងតម្រូវឲ្យរថយន្តវិលត្រឡប់មកទីនេះវិញ ដែល ទី១ យើងធ្វើការបាញ់ថ្នាំដើម្បីសម្អាតមេរោគនានា»។
អ្នកនាង Christina Kerby ដែលជាអ្នកដំណើរម្នាក់នៅលើនាវានោះបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter អំពីស្ថានភាព និងអារម្មណ៍អ្នកដំណើរលើនាវាក្រោយបានចតនៅលើផ្ទៃសមុទ្រកម្ពុជា។ អ្នកនាងសរសេរថា៖
«លោកកាពីទែននិយាយថា ដំណើរការត្រួតពិនិត្យអ្នកដំណើរមុននឹងចាកចេញប្រព្រឹត្តទៅយ៉ាងល្អ គ្រាន់តែវាប្រើរយៈពេលវែងជាងការរំពឹងទុកបន្តិច។ មនុស្សនៅទីនេះដូចជាធូរស្រាលបន្តិចដែលពួកគេមានពេលហែលទឹក និងញ៉ាំការ៉េម។ [...] អាកាសធាតុនៅកម្ពុជាល្អណាស់»។
អង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលអាមេរិកបានកោតសរសើរចំពោះឥរិយាបទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលមានការរាលដាលនៃមេរោគកូរ៉ូណាកាលពីថ្ងៃទី០៥ ខែកុម្ភៈ។
អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបង្ហោះសារនៅលើប្រព័ន្ធសង្គម Twitter របស់លោកកាលពីថ្ងៃពុធ ដោយអរគុណរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍មួយនេះចូលចតក្នុងដែនទឹកកម្ពុជា ហើយឲ្យអ្នកធ្វើដំណើរឡើងគោក។ លោកបានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖
«នេះជាការស្វាគមន៍មួយដែលជាទង្វើសាមគ្គីភាពនៅពេលដែលពិភពលោកនៅមានឱកាសក្នុងការបញ្ចប់ការរាតត្បាតនៃវីរុសកូរ៉ូណា និងបញ្ចៀសភាពភ័យខ្លាច»។
អ្នកធ្វើដំណើរជាលក្ខណៈទេសចរណ៍នៅលើកប៉ាល់នោះមានចំនួន ១៤៥៥នាក់ និងក្រុមការងារកប៉ាល់ចំនួន ៨០២នាក់។
អាជ្ញាធរកំពុងរៀបចំបែបបទផ្សេងៗ សម្រាប់អ្នកដំណើរទាំងនោះ ដែលភាគច្រើនមានសញ្ជាតិអាមេរិកាំង។
អ្នកស្រី Emily Zeeberg ជាអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់វីអូអេថា មានជនជាតិអាមេរិកជាង ៦០០ នាក់ នៅក្នុងចំណោមអ្នកនៅលើនាវា Westerdam។ អ្នកស្រីថា ស្ថានទូតបានបញ្ជូនក្រុមអ្នកជំនាញសុខាភិបាលរបស់ខ្លួន មានដូចជាក្រុមការងារ Centers for Disease Control and Prevention របស់អាមេរិក។ ក្រៅពីនោះ លើកប៉ាល់នេះ មានជនជាតិហូឡង់ កាណាដា អង់គ្លេស អូស្ត្រាលី ជប៉ុន ហ្វីលីពីន តៃវ៉ាន់ ចិន និងច្រើនជាង ១០សញ្ជាតិទៀត។
អ្នកស្រីបានសរសេរក្នុងសារអេឡិចត្រូនិចក្នុងន័យដើមយ៉ាងដូច្នេះថា៖
«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំនិងការជួយសម្របសម្រួលរបស់កម្ពុជា ព្រមទាំងបដិសណ្ឋារកិច្ចរបស់ប្រទេសនេះនៅក្នុងគ្រាលំបាកនេះ»។
កាលពីយប់មិញ លោក ហ៊ុន សែន បានប្រាប់ព័ត៌មានក្នុងស្រុក Freshnews ថា៖
«បើគេមិនទទួលកម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថាកម្ពុជាមិនមែនគ្រាន់ តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ព្រោះ បញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ»។
កាលពីចុងខែមករា កម្ពុជារកឃើញថា បុរសជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន កន្លែងផ្ទុះវីរុសនេះ បានផ្ទុកវីរុសកូរ៉ូណា។ ប៉ុន្តែកាលពីថ្ងៃចន្ទ បុរសជនជាតិចិននោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានការព្យាបាលជិតពីរសប្តាហ៍។
គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មានមនុស្សជាង១៣០០នាក់ នៅក្នុងប្រទេសចិន បានស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសថ្មីនេះ។ មនុស្សជាង៦ម៉ឺននាក់ទៀតបានឆ្លងវីរុសដែលផ្ទុះនៅទីក្រុងវូហាននៃខេត្តហ៊ុយបេ ប្រទេសចិន និងបានរីករាលដាលដល់ទៅជិត៣០ប្រទេស៕