ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងនៅក្នុងឯសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ កាលពីថ្ងៃអង្គារ ដោយមានសារខ្លាំងៗប្រឆាំងនឹងប្រទេសចិន។
នៅក្នុងសារថតទុកជាមុនពីសេតវិមាន លោក Trump បានចោទរដ្ឋាភិបាលចិនចំពោះការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលនៅពេលនេះបានឆ្លងដល់មនុស្សជាង ៣១ លាននាក់ និងសម្លាប់ជីវិតមនុស្សអស់ជាង ៩៦៥.០០០ នាក់ នៅជុំវិញពិភពលោក។
លោក ត្រាំ បានថ្លែងថា៖ «នៅដំណាក់កាលដំបូងបំផុតប្រទេសចិនបានបិទការធ្វើដំណើរក្នុងស្រុក ប៉ុន្តែអនុញ្ញាតឲ្យមានជើងយន្តហោះចេញទៅក្រៅប្រទេស និងចម្លងវីរុសដល់ពិភពលោក»។
ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា រដ្ឋាភិបាលចិននិងអង្គការសុខភាពពិភពលោក WHO ដែលលោក ត្រាំ បានចោទថា ត្រូវគ្រប់គ្រងទាំងស្រុងដោយចិននោះ បានប្រកាសនៅពេលនោះដោយខុសថា មិនមានភស្តុតាងថា មានការចម្លងវីរុសថ្មីនេះពីមនុស្សទៅមនុស្សទេ។
លោក ត្រាំ ដែលបានកាត់ថវិកាអាមេរិកសម្រាប់អង្គការ WHO នោះបានទម្លាក់កំហុសទៅលើអង្គការមួយនេះ និងប្រទេសចិន ថាមិនបានធ្វើការងារគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាក្នុងដំណាក់កាលដំបូងៗ។
នៅក្នុងសារតាមវីដេអូថតទុកជាមុនដែរនោះ ប្រធានាធិបតីចិនលោក Xi Jinping ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា រាល់កិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩ក្លាយជារឿងនយោបាយ គួរត្រូវគេបដិសេធចោល។
លោក Xi បន្ថែមថា អង្គការសុខភាពពិភពលោកគួរត្រូវបានគេផ្តល់តួនាទីដឹកមុខ ក្នុងការឆ្លើយតបជាអន្តរជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩៕