ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ ឆ្នាំ មេដឹកនាំរបស់ប្រទេស ១៩៣ ដែលជាសមាជិកអង្គការសហប្រជាជាតិ នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃបើកសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈសារជាវីដេអូ ជាជាងថ្លែងដោយផ្ទាល់ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
សម័យប្រជុំនៅថ្ងៃអង្គារនេះ នឹងចាប់ផ្ដើមជាមួយសារជាវីដេអូថតទុកជាមុនរបស់ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលជាការរក្សាទម្លាប់រាប់ទសវត្សរ៍មកហើយ ដែលបានបង្កើតដំបូងក្នុងទសវត្សរ៍ ១៩៤០។
អ្នកថ្លែងសុន្ទរកថាបន្ទាប់គឺប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងនាមជាមេដឹកនាំប្រទេសម្ចាស់ផ្ទះរបស់អង្គការសហប្រជាជាតិ។ មេដឹកនាំលេចធ្លោផ្សេងទៀតលើពិភពលោក ដែលសារជាវីដេអូថតទុករបស់ពួកគេនឹងត្រូវចាក់ផ្សាយនៅថ្ងៃអង្គារនេះដែររួមមាន ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ប្រធានាធិបតីចិនលោក Xi Jinping ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron។
អ្នកដែលចូលរួមដោយផ្ទាល់នៅក្នុងមហាសន្និបាតនេះ ដើម្បីទស្សនាវីដេអូដែលបានថតទុកទាំងនេះ គឺប្រេសិតតំណាងប្រទេសនីមួយៗ ប្រេសិតតំណាងសហភាពអឺរ៉ុប និងប្រេសិតតំណាងបុរីវ៉ាទីកង់ រួមទាំងប្រេសិតតំណាងដែនដីប៉ាឡេស្ទីនដែលចូលរួមក្នុងនាមជាអ្នកអង្កេតការណ៍ មិនមែនជាសមាជិកផងដែរ។ អ្នកចូលរួមដោយផ្ទាល់ទាំងអស់នេះតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា៕