លោក Donald Trump មហាសេដ្ឋីអចលនទ្រព្យនិងជាអ្នករៀបចំកម្មវិធីទូរទស្សន៍ឥតព្រាងទុកហៅ reality show ត្រូវបានពួកអ្នកបោះឆ្នោតច្រើននាក់យល់ឃើញថាជាអ្នកមានរបៀបថ្មីនៅក្នុងឆាកនយោបាយអាមេរិកនៅពេលលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីកាលពីឆ្នាំ២០១៦ ប៉ុន្តែជាអ្នកដែលគួរផ្តល់ឱកាសជូន ទោះបីជាមនុស្សច្រើននាក់យល់ថាលោកប្រាកដជានឹងចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតទូទាំងប្រទេសក៏ដោយ។
ក៏ប៉ុន្តែលោក Trump បានឈ្នះលោកស្រី Hillary Clinton នៅពេលនោះ ហើយនៅពេលនេះលោកត្រឡប់មកឈរឈ្មោះម្តងទៀត។ ក្នុងឋានៈជាប្រធានាធិបតីកំពុងកាន់តំណែង លោកបានទទួលការតែងតាំងជាបេក្ខជនគណបក្សសាធារណរដ្ឋសម្រាប់អាណត្តិទីពីរជាមួយសុន្ទរកថាមួយដែលលោកបានថ្លែងពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៧សីហា។ បន្ទាប់មកមានការបាញ់កាំជ្រួចនៅឯវាលស្មៅ National Mall ដើម្បីអបអរសាទរហេតុការណ៍នេះ។
លោក Trump មានប្រវត្តិការងារបីឆ្នាំកន្លះនៅក្នុងសេតវិមានដែលអាចត្រូវពណ៌នាថា មិនរលូន ហើយពួកអ្នករិះគន់និយាយថា មានភាពច្របូកច្របល់និងមិនទៀងទាត់ទៀតផង។ ពួកអ្នកគាំទ្រលោក Trump បានសរសើរលោកថា មុះមុតនិងមានការបញ្ចូលរបៀបថ្មីៗដោយផ្តល់គុណវឌ្ឍិដល់លោកថា បានធ្វើឱ្យមានឡើងវិញនូវទស្សនៈគិតគូរអំពីផលប្រយោជន៍ប្រទេសអាមេរិកសំខាន់ជាងអ្វីៗទាំងអស់ ហៅ America First នៅទូទាំងពិភពលោក ស្របពេលដែលលោកចាត់វិធានការជំរុញទៅកាន់ស្ថានភាពជិវិតដែលមិនសូវមានការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាលសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាដែលជាការប្រជែងគ្នារវាងលោក Trump និងលោកអតីតអនុប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យ កាន់តែខិតជិតឡើង។ មានហេតុការណ៍គួរកត់សម្គាល់មួយចំនួននៅពេលលោក Trump កាន់តំណែងប្រធានាធិបតី។ លោកមានជោគជ័យក្នុងការតែងតាំងអ្នកច្បាប់អភិរក្សនិយមពីរនាក់ឱ្យកាន់តំណែងជាចៅក្រមតុលាការកំពូល ការលូតលាស់នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយមានអត្រាមនុស្សគ្មានការងារធ្វើទាបក្នុងរយៈពេលប្រាំទសវត្សរ៍ និងការចោទប្រកាន់ដើម្បីដកតំណែងលោក និងការរួចទោសពីបទចោទប្រកាន់ថា លោកបានស្វះស្វែងសុំជំនួយពីប្រទេសអ៊ុយក្រែនដើម្បីធ្វើឱ្យប្រឡាក់ប្រឡូសដល់ការឈរឈ្មោះរបស់លោក Biden សម្រាប់តំណែងប្រធានាធិបតី។
ក៏ប៉ុន្តែជោគជ័យទាំងនេះរបស់លោក Trump ទំនងជាមិនសូវសំខាន់ទេសម្រាប់ពួកអ្នកបោះឆ្នោតច្រើននាក់ បើប្រៀបធៀបជាមួយការដោះស្រាយរបស់លោកអំពីវិបត្តិសុខភាពសាធារណៈជាប្រវត្តិសាស្ត្រមួយ—គឺការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ដែលមានដើមកំណើតពីប្រទេសចិនហើយចាប់តាំងពីខែមីនាមកបានបណ្តាលឱ្យមនុស្សជាង១សែន៨ម៉ឺននាក់ស្លាប់ក្នុងសហរដ្ឋអាមេរិក ដែលជាចំនួននាំមុខគេនៅក្នុងពិភពលោកនិងនាំឱ្យមានការឆ្លងដល់មនុស្សជិត៦លាននាក់នៅក្នុងប្រទេសអាមេរិកផងដែរ។
នៅពេលត្រូវសួរកាលពីពេលថ្មីៗនេះឱ្យលោកស្ទង់ប៉ាន់មើលចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺនេះនៅក្នុងស.រ.អ. លោក Trump បានឆ្លើយតបថា«នេះជាអ្វីដែលកើតមានឡើង»។
ការដោះស្រាយបញ្ហាជំងឺកូវីដ១៩
ការស្ទង់មតិបង្ហាញថា សាធារណជនអាមេរិកាំងមិនពេញចិត្តនឹងការដោះស្រាយរបស់លោក Trump ដល់បញ្ហានៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ទេ។ ទីភ្នាក់ងារព័ត៌មាន Associated Press និងមជ្ឈមណ្ឌលស្រាវជ្រាវខាងកិច្ចការសាធារណៈ NORC បាននិយាយនៅក្នុងសប្តាហ៍ទីបីនៃខែសីហាថា ការយល់ស្របចំពោះរបៀបដោះស្រាយបញ្ហាជំងឺកូវីដដោយលោក Trump បានចុះថយខ្លាំងមកនៅត្រឹមតែ៣១% នៅពេលដែលក្រុមសមាជិកគណបក្សសាធារណរដ្ឋប្រមូលផ្តុំគ្នាដើម្បីចូលរូមក្នុងមហាសន្និបាតបួនថ្ងៃរបស់គណបក្សពួកគេ។
ពួកអ្នកគាំទ្រគណបក្សសាធារណរដ្ឋមុតមាំបានប៉ុនប៉ងពណ៌នាលោក Trump ថា មិនចេះរារែកក្នុងការដោះស្រាយបញ្ហាវីរុសកូរ៉ូណាដោយនិយាយយោងដល់ការណ៍ដែលលោកបានរារាំងមិនឱ្យពួកអ្នកដំណើរពីប្រទេសចិនចូលក្នុងប្រទេសអាមេរិកកាលពីដើមឆ្នាំ២០២០នៅក្រោយវីរុសនេះបានរាលដាលដំបូងនៅក្នុងក្រុង Wuhan។
ក៏ប៉ុន្តែលោក Trump បានសម្តែងការសង្ស័យជារៀងរហូតអំពីភាពប្រល័យនៃវីរុសនេះនិងផលប៉ះពាល់លើសហរដ្ឋអាមេរិក។
នៅក្នុងផ្នែកមួយនៃសេចក្តីសម្ភាសន៍តាមទូរទស្សន៍កាលពីចុងខែកុម្ភៈដែលបានត្រូវចាក់ផ្សាយច្រើនដងតាមកម្មវិធីព័ត៌មាន លោក Trump ទស្សន៍ទាយថា វីរុសកូរ៉ូណា«នឹងបាត់សូន្យវិញ»។
លោកបានថ្លែងថា«នៅថ្ងៃណាមួយ វាដូចជាអព្ភូតហេតុ វីរុសនេះនឹងរលាយបាត់។»
ក៏ប៉ុន្តែសាធារណជនអាមេរិកាំងដែលហាក់ដូចជា មិនបានប្រុងប្រៀបខ្លួនបានជួបប្រទះមហន្តរាយសេដ្ឋកិច្ចបណ្តាលមកពីវីរុសរាលដាលនេះ។ ក្រុមអ្នកធ្វើការងារជាង៥០លាននាក់បានបាត់បង់កាងារគឺជាងមួយភាគបួននៃកម្លាំងពលករសហរដ្ឋអាមេរិកនៅពេលដែលពួកអភិបាលរដ្ឋបញ្ជាឱ្យបិទធុរកិច្ច ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩។ សាលារៀននិងសាកលវិទ្យាល័យបានបញ្ឈប់ការបង្រៀនក្នុងថ្នាក់រៀនដោយរៀនតាមអ៊ីនធឺណិតវិញពីផ្ទះវិញ។ សម្ព័ន្ធពួកកីឡាករប្រចាំអាជីពនិងក្រុមកីឡាករមហាវិទ្យាល័យបានពន្យារពេលឬបញ្ឈប់រដូវប្រកួតរបស់ពួកគេ។ ចំណែកឯមន្ទីរពេទ្យវិញបានលើកពេលការវះកាត់ដែលអាចចាំបាន ហើយភោជនីយដ្ឋានបានប្រើសេវាបញ្ជូនម្ហូបនិងទៅយកម្ហូបនៅក្រៅអាហារដ្ឋាន។
អស់ពេលជាច្រើនសបា្តហ៍ លោក Trump បានធ្វើសន្និសីទកាសែតប្រចាំថ្ងៃអំពីវីរុសកូរ៉ូណា តែជាញឹកញយលោកបាននិយាយថា ជំងឺនេះមិនធ្ងន់ធ្ងរទេ។ លោកបានអំពាវនាវឱ្យផលិតវ៉ាក់សាំងឱ្យបានលឿន ទោះណាជាពួកអ្នកជំនាញសុខាភិបាលបានថ្លែងថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដអាចផលិតបាននៅដំណាច់ឆ្នាំនេះឬដើមឆ្នាំ២០២១។
ក្នុងមួយរយៈពេលលោក Trump បានសរសើរឱសថជំងឺគ្រុនចាញ់ឈ្មោះ hydroxychloroquine ថាជាថ្នាំអាចព្យាបាលជំងឺកូវីដ១៩បាន ហើយលោកបានថ្លែងថាលោកបានប្រើឱសថនេះរាល់ថ្ងៃ។ ក៏ប៉ុន្តែការសិក្សាខាងសុខាភិបាលនៅក្នុងប្រទេសមួយចំនួនចែងថាឱសថនេះគ្មានប្រសិទ្ធភាពទេក្នុងការព្យាបាលជំងឺនេះ។ នៅពេលដែលពួកអ្នកជំនាញខាងសុខភាពបានសុំដល់ពលរដ្ឋអាមេរិកាំងឱ្យពាក់ម៉ាស់ដើម្បីទបទល់នឹងវីរុសនេះ លោក Trump បានបញ្ជូនសារផ្ទុយគ្នាអំពីប្រសិទ្ធភាពនៃការពាក់ម៉ាស់។
ពួកអ្នកជំនាញខាងសុខភាពទស្សន៍ទាយថា ជនជាតិអាមេរិកាំងរាប់ម៉ឺននាក់ទៀតនឹងស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ នៅពេលនេះចំនួនករណី ឆ្លងវីរុសនេះថ្មីៗចុះថយតែមិនបានត្រូវកម្ចាត់នៅឡើយទេ។ អត្រាមនុស្សគ្មានការងារធ្វើបានឡើងដល់១៤,៧%កាលពីខែមេសា ហើយបានចុះថយមកនៅត្រឹម១០,២% ក្នុងខែកក្កដា។ ពួកអ្នកជំនាញនិយាយថា ការរើបជាផ្នែកនេះនៅខ្សោយនៅឡើយ។ លោក Trump បាននិយាយថា សេដ្ឋកិច្ចនឹងល្អប្រសើរជាងមុន ចាប់ពីពាក់កណ្តាលឆ្នាំ២០២០និងក្នុងឆ្នាំ២០២១។
បាតុកម្មកើតឡើងនៅទូទាំងប្រទេស
នៅពេលដែលវីរុសកូរ៉ូណារាលដាលយ៉ាងស្ងាត់ស្ងៀមនៅក្នុងរដ្ឋទាំងអស់៥០នៃសហរដ្ឋអាមេរិក លោក Trump ប្រឈមនឹងបាតុកម្មខឹងសម្បារ ហើយជួនកាលមានអំពើហិង្សានៅទូទាំងប្រទេសនៅក្រោយការស្លាប់កាលពីថ្ងៃទី២៥ឧសភានៅក្នុងក្រុង Minneapolis រដ្ឋ Minnesota នៃលោក George Floyd។ លោកជាបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ដែលប៉ូលិសស្បែកសម្នាក់បានចាប់ផ្តូលលោកនឹងដាក់ជង្គង់សង្កត់កជាង៨នាទី។
លោក Trump បានសម្តែងការគាំទ្រដល់បាតុកម្មដោយសន្តិវិធី តែលោកបានប្រកាន់គោលជំហរច្បាប់និងរបៀបរៀបរយដោយតឹងរ៉ឹងប្រឆាំងនឹងពួកបាតុករហិង្សា។ ពួកអ្នករិះគន់និងពួកអ្នកគាំទ្រលោកខ្លះ បានថ្កោលទោសសកម្មភាពរបស់ពួកមន្ត្រីសហព័ន្ធនិងពួកមន្ត្រីមូលដ្ឋានខាងការពង្រឹងច្បាប់ដែលបានបណ្តេញក្រុមបាតុករចេញពីឱទ្យានមួយនៅទល់មុខសេតវិមានកាលពីថ្ងៃ១មិថុនានៅពេលលោក Trump ដើរឆ្លងផ្លូវហើយទៅឈរនៅមុខវិហារគ្រឹស្តសាសនាមួយដោយកាន់គម្ពីប៊ីប ហើយលើកឡើងលើ។
អនាគតមិនប្រាកដប្រជា
ជាមួយព្រឹត្តិការណ៍ច្រើនបានកើតមាននៅពាក់កណ្តាលទីមួយនៃឆ្នាំ២០២០ ជោគវាសនានយោបាយរបស់លោក Trump នៅពេលនេះមិនប្រាកដប្រជាទេ។ ការស្ទង់មតិជាច្រើនបង្ហាញថាលោកនៅពីក្រោយលោក Biden ជាមធ្យមភាគចំនួន៧,៦ភាគរយ នេះបើតាមការស្ទង់មតិដោយគេហទំព័រ RealClearPlitics។
មានប្រធានាធិបតីស.រ.អ.តែពីរនាក់ទេដែលបានចាញ់ឆ្នោតសម្រាប់អាណត្តិទីពីរក្នុងពេលបួនទសវត្សរ៍កន្លងទៅនេះ។ ពួកអ្នកគាំទ្រលោក Trump បានកត់សម្គាល់ថាលោក Trump ក៏បាននៅក្រោយគូប្រជែងរបស់លោកក្នុងការស្ទង់មតិនៃការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦នៅមុនលោកយកជ័យជម្នះលើលោកស្រី Hillary Clinton អ្នកការទូតកំពូលរបស់ប្រទេសអាមេរិក។
ពាក្យស្លោកនៃការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទីពីររបស់លោក Trump គឺ «រក្សាប្រទេសអាមេរិកដ៏អស្ចារ្យតទៅទៀត» ដែលខុសគ្នាបន្តិចពីពាក្យស្លោកថា«ធ្វើប្រទេសអាមេរិកឱ្យអស្ចារ្យឡើងវិញ»កាលពីឆ្នាំ២០១៦។
នៅពេលនេះលោកបាននិយាយថា លោកនឹងស្តារសេដ្ឋិច្ចសហរដ្ឋអាមេរិកឡើងវិញដែលជាសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកប្រសិនបើក្រុមអ្នកបោះឆ្នោតយល់ព្រមឱ្យលោកកាន់តំណែងមួយអាណត្តិទៀតក្នុងសេតវិមាន។
លោក Trump បានសន្យាថា«យើងបានស្តារសេដ្ឋកិច្ចម្តងហើយ ហើយយើងនឹងស្តារសេដ្ឋកិច្ចជាថ្មីទៀត ហើយលើកនេះយើងនឹងបញ្ចប់ការងារនេះ»។
ប្រែសម្រួលដោយលោក ឈឹម សុមេធ