ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ចាត់​វិធានការ​ចំពោះ​កម្មវិធី​ពិពិធភាព DEI បញ្ហា​ទាហាន​ដក​ចេញ​សម័យ​កូវីដ និង​បញ្ហា​ទាហាន​ប្តូរ​ភេទ


អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karoline Leavitt ​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅ​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២៨ មករា ឆ្នាំ២០២៥។
អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karoline Leavitt ​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅ​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​២៨ មករា ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ជា​ច្រើនកាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ដក​កម្មវិធី​ពិពិធភាព សមធម៌ និង​បរិយាបន្ន DEI (diversity, equity and inclusion) ចេញ​ពី​យោធា​អាមេរិក រើស​ចូលវិញ​បម្រើការ​វិញ ទាហាន​នានា​ដែល​ត្រូវ​បាន​ដក​ចេញដោយ​សារ​ពួកគេ​បដិសេធ​មិន​ចាក់​វ៉ាក់សាំង​កូវីដ១៩ និង​ចាត់វិធានការ​ចំពោះ​ទាហាន​ដែល​ប្តូរ​ភេទ។ នេះ​បើ​តាម​សេចក្តីរាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅ​មុន​នោះ​ក្នុង​ថ្ងៃ​ចន្ទ​ដែរ លោក Pete Hegseth ដែល​បាន​ទទួល​សំឡេង​គ្រប់គ្រាន់​យ៉ាង​ប្រកៀកប្រកិត​ដើម្បី​ជាប់​ការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នោះ បាន​និយាយឈ្មោះ​ឧត្ដមសេនីយ៍​ពីរ​រូប​ពី​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក​ដែល​ឈ្មោះ​លោក​ធ្លាប់​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​មូលដ្ឋាន​ទ័ព​ពីរ​កន្លែង។ លោក​និយាយ​យោង​ឈ្មោះ​ទាំង​ពីរ​ខណៈ​លោក​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ខណៈ​លោក​ចូល​បំពេញ​ការងារពេញ​មួយ​ថ្ងៃ​ដំបូង​នៅ​ក្រសួង​ការពារជាតិ​អាមេរិក។

លោកTrump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​ខណៈ​លោក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ទី​ក្រុង Miami រដ្ឋFlorida មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន។ បទបញ្ជា​មួយ​ដែល​លោក Trump បាន​ចុះ​ហត្ថលេខា​កំណត​ថា​«អត្ថសញ្ញាណ​យេនឌ័រ‍»​ដែល​ខុស​ពី​ភេទពី​កំណើត​របស់​បុគ្គល​ម្នាក់​មិនគ្រប់​លក្ខខណ្ឌ​យោធា​ទេ។

ខណៈ​ដែល​បទ​បញ្ជា​នេះ​ហាមប្រាម​ការ​ប្រើ​សព្វនាម​«ប្រឌិត‍»​នៅ​ក្នុង​ស្ថាប័ន​យោធា វា​មិន​បាន​បញ្ជាក់​ថា​ តើ​ទាហាន​ដែល​បាន​ប្តូរ​ភេទ​ដែល​កំពុង​បម្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក នឹង​ត្រូវ​បន្ត​ឱ្យ​បម្រើ​ទៀត​ឬ​យ៉ាង​ណា ឬ​ត្រូវ​គេ​ដក​ចេញ​ដោយ​របៀប​ណា។

ផែនការ​របស់​លោក Trump ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំងដោយ​ក្រុម​អ្នក​តស៊ូមតិ​ដែល​ថា​វិធានការ​របស់​លោក​ខុស​ច្បាប់។

លោក Joshua Block នៃ​អង្គការ​ ACLU ថ្លែង​កាល​ពី​ថ្ងៃចន្ទ​ថា៖«លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អាទិភាព​សំខាន់​សម្រាប់រដ្ឋបាល​លោក​គឺ​រុញ​ច្រានអ្នក​ប្តូរ​ភេទ​ឱ្យ​ចូលលាក់​ខ្លួន​វិញ​និង​លែង​បង្ហាញ​ខ្លួន​ក្នុង​ជីវិត​សាធារណៈ​តែ​ម្តង‍»។‍

យោធា​សហរដ្ឋ​អាមេរិក​មាន​ទាហាន​កំពុង​បម្រើការ​ចំនួន​១,៣​លាន​នាក់ នេះ​បើ​តាម​ទិន្នន័យ​ក្រសួង​ការពារ​ជាតិ​អាមេរិក។ ខណៈ​អ្នក​តស៊ូ​មតិ​ខាង​សិទ្ធិ​អ្នក​ប្តូរ​ភេទ​ថា​អាច​មាន​ទាហាន​ប្តូរ​ភេទ​រហូត​ដល់​១៥.០០០​នាក់ មន្ត្រី​ថា​ចំនួន​នេះ​មាន​ត្រឹម​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG