ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ស្ដី​ពី​កំណែទម្រង់​ប៉ូលិស


ក្រុម​មន្ត្រី​ប៉ូលិស​បាន​នាំ​គ្នា​ទះដៃ បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ស្ដី​ពី​កំណែទម្រង់​ប៉ូលិស នៅ​ឧទ្យាន Rose Garden ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Evan Vucci)
ក្រុម​មន្ត្រី​ប៉ូលិស​បាន​នាំ​គ្នា​ទះដៃ បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ស្ដី​ពី​កំណែទម្រង់​ប៉ូលិស នៅ​ឧទ្យាន Rose Garden ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Evan Vucci)

បន្ទាប់​ពី​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​អស់​រយៈពេល​រាប់​សប្ដាហ៍​ចាប់​តាំង​ពី​ការ​ស្លាប់​របស់​លោក George Floyd មក លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ស្ដី​ពី​កំណែទម្រង់​ប៉ូលិស​កាល​ពី​ថ្ងៃ​អង្គារ។ លោក​ ត្រាំ បាន​មាន​ប្រសាសន៍​ថា បទបញ្ជា​នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ប៉ូលិស​ប្រតិបត្តិការ​បាន​ប្រសើរ​ជាង​មុន និង​បង្កើត​បណ្ដុំ​ទិន្នន័យ Database មួយ ​ដើម្បី​រក្សា​ទុក​ទិន្នន័យ​អំពី​ប៉ូលិស​ណា​ ដែល​មាន​ប្រវត្តិប្រើប្រាស់​កម្លាំង​ជ្រុល​ហួសហេតុ។ ​

ថ្លែង​នៅ​ក្នុង​សួន Rose Garden នៅ​សេតវិមាន លោក ត្រាំ បាន​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ឲ្យ​មាន​បទដ្ឋាន​ខ្ពស់​ជាង​មុន​នានា និង​បាន​សម្តែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ក្រុមគ្រួសារ​សព​ដែល​កំពុង​កាន់​ទុក្ខ។ ក៏​ប៉ុន្តែ លោក ត្រាំ ក៏​បាន​លើកឡើង​ថា មន្ត្រី​ប៉ូលិស​ភាគច្រើន​គឺ​ជា​មន្ត្រី​រដ្ឋការ​ដែល​មិន​គិត​ពី​ខ្លួន​ឯង និង​គោរព​ទៅ​តាម​ច្បាប់​និង​សណ្ដាប់​ធ្នាប់​សង្គម​របស់​លោក។

លោក ត្រាំ និង​គណបក្ស​សាធារណរដ្ឋបាន​ប្រញាប់ប្រញាល់​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ភាព​សាហាវ​ឃោរឃៅ​របស់​ប៉ូលិស​និង​ការ​រើសអើង​ជាតិ​សាសន៍ ដែល​បាន​កើតឡើង​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ​នៅ​ទូទាំង​ប្រទេស។ ការ​តវ៉ា​ទាំង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​លោក Floyd និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិកដទៃទៀត។ នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​លឿន​មួយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ ដែល​បង្ហាញ​ពី​ការ​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​ការ​តវ៉ា​នានា​ដែល​បាន​ផ្លាស់ប្ដូរ​ការ​សន្ទនា​នយោបាយ​ និង​បាន​ដាក់​សម្ពាធ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ចាត់​វិធានការ​ភ្លាមៗ។

លោក ត្រាំ ក៏​បាន​ប្រឈម​នឹង​ការ​រិះគន់​ផង​ដែរ ចំពោះ​ការ​មិន​ទទួល​ស្គាល់​អំពី​ភាព​លំអៀង​លើ​ជាតិសាសន៍​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ និង​បាន​តស៊ូ​មតិ​ឲ្យ​ប៉ូលិស​ប្រព្រឹត្ត​តឹងរ៉ឹង​ជាងមុន​ទៅ​លើ​ជនសង្ស័យ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​ការ​អនុវត្ត​ច្បាប់។ នៅ​ក្នុងពិធី​ចុះ​ហត្ថលេខា​នោះ លោក ត្រាំ បាន​និយាយ​ប្រឆាំង​នឹង​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ដោយ​សន្ដិវិធី​ ប៉ុន្តែ​លោក​មិន​បាន​លើកឡើង​អំពី​ការ​រើសអើង​ជាតិសាសន៍​ទេ៕​

XS
SM
MD
LG