អាជ្ញាធរចិនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានច្រើនអំពីការខឹងសម្បាយ៉ាងខ្លាំងនៅទូទាំងពិភពលោកប្រឆាំងការស្លាប់បុរសស្បែកខ្មៅម្នាក់នៅពេលត្រូវពួកប៉ូលិសអាមេរិកចាប់ខ្លួន។ ការប្រឹងប្រែងរបស់អាជ្ញាធរចិននេះ ហាក់ដូចជាបានផលអវិជ្ជមានមកវិញតាមបណ្តាញសង្គមដោយមានក្រុមអ្នកប្រើអ៊ីនធឺណិតចិនច្រើននាក់ឆ្លៀតយកឱកាសនេះដើម្បីចង្អុលបង្ហាញអំពីប្រវត្តិរបស់ប្រទេសចិនអំពីការរំលោភដោយពួកប៉ូលិស។
ការតបតគ្នាតាមបណ្តាញសង្គមបានចាប់ផ្តើមនៅក្នុងបណ្តាញ twitter មួយរបស់អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.កាលពីថ្ងៃទី៣០ខែឧសភាអំពីផែនការរបស់អាជ្ញាធរចិនក្នុងការដាក់កំហិតច្បាប់សន្តិសុខថ្មីមួយលើទីក្រុងហុងកុង។ ដោយនិយាយយោងដល់ ការដាក់កំហិតនេះ អ្នកស្រី Ortagus បានអំពាវនាវឲ្យអ្នកស្រឡាញ់សេរីភាពនៅទូទាំងពិភពលោក «គាំទ្រនីតិរដ្ឋ និងឱ្យគណបក្សកុម្មុយនិស្តចិនទទួលខុសត្រូវ» ការណ៍ដែលចិនមិនធ្វើតាមការសន្យារបស់ខ្លួនថា ប្រព្រឹត្តតាមគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» រយៈពេល៥០ឆ្នាំនៅក្រោយឆ្នាំ១៩៩៧នៅពេលដែលចក្រភពអង់គ្លេសបានប្រគល់ដែនដីអាណានិគមនេះទៅឱ្យប្រទេសចិនវិញ។
សមភាគីចិនរបស់អ្នកស្រី Ortagus នៅក្នុងក្រុងប៉េកាំងគឺអ្នកស្រី Hua Chunying អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយតបតាម Tweet របស់អ្នកស្រីផ្ទាល់ដែលថា៖ «ខ្ញុំមិនអាចដកដង្ហើមបានទេ»។ នេះច្បាស់ណាស់ជាការនិយាយយោងដល់ពាក្យសម្តីចុងក្រោយបង្អស់របស់លោក George Floyd នៅមុនលោកស្លាប់ក្នុងពេលឃាត់ខ្លួនដោយពួកប៉ូលិសនៅក្នុងក្រុង Minneapolis រដ្ឋ Minnesota។
Tweet របស់អ្នកស្រី Hua ជាការគូសបញ្ជាក់អំពីអ្វីដែលពួកមន្ត្រីចិនបានពណ៌នាថា ជាការលាក់ពុតរបស់រដ្ឋបាល លោក Trump ដែលបានរិះគន់ថា ការឆ្លើយតបរបស់ចិនចំពោះក្រុមបាតុករលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងជាការរំលោភលើសិទ្ធិមនុស្ស។
ក៏ប៉ុន្តែក្នុងចំពោះពួកអ្នកប្រើអ៊ីនធឺណិតចិនវិញ អត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនបានត្រូវបកស្រាយផ្ទុយពីនេះ នៅពេលពួកគេឆ្លើយតបតាមបណ្តាញសង្គមដោយបង្ហោះរូបភាពចាប់តាំងពីការសម្លាប់រង្គាលនៅក្នុងទីលាន Tiananmen កាលពីឆ្នាំ១៩៨៩រហូតដល់ការបង្ក្រាបដោយពួកប៉ូលិសនៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០១៩។
Tweet មួយបាននិយាយថា៖ «អ្នកស្រី Hua Chunying អាចដកដង្ហើមបាននៅពេលដែលអ្នកដាក់ញ្ញត្តិលោក Xu Chunhe បានត្រូវវាយដំរហូតដល់ស្លាប់ដោយពួកប៉ូលិស។ អ្នកស្រីអាចដកដង្ហើមបាន នៅពេលដែលជនជាតិចិនបីនាក់បានត្រូវសម្លាប់នៅក្នុងប្រទេសសំប៊ី។ អ្នកស្រីអាចដកដង្ហើមបាននៅពេលដែលប្រជារាស្ត្ររាប់ម៉ឺននាក់បានស្លាប់នៅក្នុងទីក្រុង Wuhan ដោយសារការគ្មានព័ត៌មាន។ ឥឡូវនៅពេលមានអំពើហិង្សានៅស.រ.អា. អ្នកស្រីថា មិនអាចដកដង្ហើមបានទេ»។
នៅពេលដែលជំងឺកូវីដ១៩រាលដាលក្នុងទីក្រុង Wuhan អាជ្ញាធរចិនបានបង្ក្រាបការនិយាយយោងអំពីការរាតត្បាតនៃជំងឺនេះនៅក្នុងរបាយការណ៍ព័ត៌មាន និងតាមបណ្តាញសង្គមផងដែរ។
ពួកអ្នកប្រើអ៊ីនធឺណិតឯទៀតៗបានផ្សព្វផ្សាយវីដេអូដែលបង្ហាញកលយុទ្ធឃោរឃៅដោយពួកប៉ូលិសសម្ងាត់ និងពួកប៉ូលិសក្រុងហុងកុងដោយមានរួមបញ្ចូលរូបភាពដែលនាំឱ្យនឹកដល់អ្វីដែលបានកើតមានឡើងដល់លោក George Floyd។ រូបភាពមួយបង្ហាញអំពីស្ត្រីម្នាក់បានត្រូវចាប់ផ្តួល ហើយប៉ូលិសបានយកជង្គង់សង្កត់លើបំពង់កអ្នកស្រីថែមទៀតផង។ រូបភាពមួយទៀតបង្ហាញបុរសម្នាក់បានត្រូវប៉ូលិសយកដំបងឈើសង្កត់ផ្ទប់នឹងដី។ មួយទសវត្សរ៍ក្រោយមក «ខ្ញុំនៅតែមិនអាចដកដង្ហើមបានទេ»។
អ្នកស្រី Li Ning ជាកូនស្រីរបស់អ្នកដាក់ញ្ញត្តិ Li Shulian ដែលបានស្លាប់ដោយអាថ៌កំបាំងនៅក្នុងអ្វីដែលហៅថា «គុកងងឹត» មួយក្នុងបណ្តាគុកងងឹតក្នុងប្រទេសចិនកាលពីឆ្នាំ២០០៩។ អ្នកស្រីបាននិយាយប្រាប់ VOA ថា ពាក្យថា «ខ្ញុំមិនអាចដកដង្ហើមបាន» ឮខ្ទរខ្ទារសម្រាប់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនអាចដកដង្ហើមបានទេនៅក្រោយម្តាយខ្ញុំស្លាប់មួយទសវត្សរ៍ទៅហើយនោះ។ គ្រួសារយើងរងអំពើអយុត្តិធម៌។ មិនមែនតែខ្ញុំម្នាក់ទេ ឪពុក ម្តាយមីង និងយើងទាំងអស់គ្នាមានអារម្មណ៍ថាយើងមិនអាចដកដង្ហើមបានទេ»។
អ្នកស្រី Li Ning បានផ្ញើញ្ញត្តិទៅរដ្ឋាភិបាលសុំព័ត៌មានលម្អិតអំពីករណីម្តាយរបស់អ្នកស្រីជាងមួយទសវត្សរ៍មកហើយតែគ្មានទទួលបានលទ្ធផលឡើយ។
បញ្ហារបស់ម្តាយអ្នកស្រីបានចាប់ផ្តើមនៅពេលអ្នកស្រីមានជម្លោះអំពីកិច្ចសន្យាជួលជាមួយទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលក្រុង Lukou ដែលជាក្រុងតូចមួយនៅក្នុងខេត្ត Shangdong នៅប៉ែកខាងកើតនៃប្រទេស។
អ្នកស្រី Li Shulian បានទៅក្រុងប៉េកាំងដើម្បីដាក់ញ្ញត្តិអំពីករណីរបស់អ្នកស្រីនៅចំពោះមុខពួកមន្ត្រីជាន់ខ្ពស់។ អ្នកស្រីបានត្រូវអាជ្ញាធរចាប់ខ្លួន ហើយបានត្រូវឃុំឃាំងនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងក្រៅផ្លូវការមួយដែលគេហៅថាគុកងងឹត។
ពន្ធនាគារក្រៅផ្លូវការទាំងនេះដែលមិនស្ថិតនៅក្រោមច្បាប់មានជារឿយៗក្នុងពេលប៉ុន្មានឆ្នាំមុន និងក្រោយការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨។
កាលពីឆ្នាំ២០០៩ ពួកប៉ូលិសក្រុង Lukou បាននិយាយប្រាប់អ្នកស្រី Li Ning ថា ម្តាយអ្នកស្រីបានធ្វើអត្តឃាត ហើយបានទារប្រាក់១សែន១ម៉ឺន៧ពាន់ដុល្លារជាថ្នូរនឹងការយល់ព្រមឱ្យអ្នកស្រីយកសពម្តាយមកបូជា តែអ្នកស្រីបានច្រានចោលសំណើនេះ។
បន្ទាប់មកអ្នកស្រី Li Ning បានចាប់ផ្តើមជំរុញឱ្យមានយុត្តិធម៌ដោយខ្លួនឯងផ្ទាល់ទោះណាជាមិនមានជោគជ័យយូរហើយក៏ដោយ។
អ្នកស្រី Li Ning បាននិយាយប្រាប់ VOA ថា៖ «ខ្ញុំបានត្រូវចង ឆ្នុកមាត់ និងចាប់ឃុំឃាំងនៅពេលខ្ញុំដាក់ញ្ញត្តិរបស់ខ្ញុំផ្ទាល់។ ដូច្នេះនៅពេលខ្ញុំឮថា ពួកប៉ូលិស និងពួកមន្ត្រីបានគាំទ្រក្រុមបាតុករនៅក្នុងស.រ.អា. ខ្ញុំរំភើបចិត្តខ្លាំងណាស់»។
អ្នកស្រីបានឃើញរូបភាពពួកប៉ូលិសនិងពួកទាហានអាមេរិកាំងលុតជង្គង់ដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមបាតុករចាប់តាំងពីការស្លាប់របស់លោក Floyd។
អ្នកស្រី Li Ning បាននិយាយថា៖ «ប្រព័ន្ធប្រជាធិបតេយ្យប្រហែលមិនល្អឥតខ្ចោះទេ ក៏ប៉ុន្តែពួកអាជ្ញាធរក្នុងប្រទេសប្រជាធិបតេយ្យមានវិធីផ្សេងពីអាជ្ញាធរចិនដើម្បីដោះស្រាយបញ្ហាសង្គម»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ